ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា រយៈពេលពីរថ្ងៃ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួនបី បានចុះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ខណៈថ្ងៃទី១ខែឧសភានេះ មានគណបក្សនយោបាយចំនួន ១ បានមកដាក់ពាក្យសុំនៅ គ.ជ.ប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ ។ ក្រៅពីនេះមានគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានទទួលពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ពីគ.ជ.ប ដែលក្នុងនោះ គណបក្សនយោបាយចំនួន៥ បានមកដាក់ពាក្យសុំបង់ប្រាក់តម្កល់ចំនួន១៥លានរៀល នៅ គ.ជ.ប រួចហើយ។ គណបក្សនយោបាយទាំង៥នោះ រួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវធ្វើឡើងតាមទម្រង់ បែបបទលេខ ១០០៨ របស់ គ.ជ.ប ដោយគណបក្សនយោបាយត្រូវបំពេញពាក្យសុំចុះបញ្ជីនេះចំនួនពីរ ច្បាប់ និងត្រូវមានឯកសារភ្ជាប់មកជាមួយ ចំនួនដប់ ដូចខាងក្រោម ៖ ១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ចំនួនមួយ ច្បាប់។ ២. ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។៣. អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ ។ ៤. បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ បញ្ជីនេះ ត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិចមួយភាគបី ស្មើនឹង ៤២ អាសនៈ នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្មានឹងបេក្ខជនពេញសិទ្ធិ។ ៥. ឈ្មោះមណ្ឌល ដែលគណបក្សនយោបាយមានបំណងទៅឈរ និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌល ទាំងនោះ។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌល ត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្តល់ជូន។ ចំពោះមណ្ឌលបោះឆ្នោតដែលមានអាសនៈមួយ ឬ ពីរ ត្រូវមានបេក្ខជនបម្រុងយ៉ាងតិចបីរូប។៦. សេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។
៧. លក្ខន្តិកៈគណបក្សនយោបាយ និងឯកសារផ្សេងៗ ដែលបញ្ជាក់ពីការបង្កើតគណបក្សនយោបាយ ។៨. សេចក្តីប្រកាសរបស់គណបក្សនយោបាយថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមអនុវត្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប និងក្រមសីលធម៌ និងច្បាប់ ស្តីពីគណបក្សនយោបាយ ។៩. បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលរបស់គណបក្សនយោបាយ។១០. បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល ដែលចេញដោយរតនាគារជាតិ៕ ដោយ ៖ បញ្ញាស័ក្តិ