កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស៊ីប៊ីស៊ី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាការរួមបញ្ចូលគ្នាថ្មីមួយដែលមិនធ្លាប់មានពីមុនមករវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរគឺដើម្បី ផ្ដល់ឪកាសដល់និស្សិតកម្ពុជាដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការឧបត្ថម្ភទឹកប្រាក់ចំនួន 8 ម៉ឺនដុល្លារគឺមានបូករួមទាំងការបំប៉នជំនាញវិជ្ជាជីវៈ និងយល់ដឹងពីវិស័យការងារដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ និងការវិភាគទិន្នន័យពីក្រុមហ៊ុនស៊ីប៊ីស៊ី។
សាកលវិទ្យាល័យកំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេស ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ “អាហារូបករណ៍ CBC Data Science and Engineering” នឹងបើកជូននិស្សិតកម្ពុជាចំនួន 2 នាក់ ដែលទទួលបានតំណែងកំពូលក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។ លើសពីការគ្របដណ្តប់ពេញលេញនៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍ CBCក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្មដើម្បីផ្តល់នូវការបង្ហាញ ការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវសម្រាប់និស្សិតពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះគឺមានគោលបំណងក្នុងការធ្វើឱ្យនិស្សិតទទួលបាន ជំនាញដែលអោយគេត្រៀមខ្លួនរួចជាស្រេចក្នុងទីផ្សារនៅពេលពួកគេបញ្ចប់ការសិក្សា។
លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា៖“ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី4នេះ។ សាកលវិទ្យាល័យបានបង្កើតថ្នាក់សិក្សាលើជំនាញដ៏សំខាន់នេះដល់និស្សិតកម្ពុជាប្រព្រឹត្តឡើងនៅខណៈពេលដ៏សមស្រប។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម ខ្ញុំមានសុទិដ្ឋិនិយមថាកម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត នៅវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើងដែលដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ“។
ឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យបានមានប្រសាសន៍ថា “សាកលវិទ្យាល័យភូមិន្ទភ្នំពេញពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រាប់ប្រទេស។ សម្រាប់កម្មវិធីចុះហេត្ថលេខានៅថ្ងៃនេះ ជា គំរូនិងសក្ខីភាពមួយ បង្ហាញពីការចូលរួមរបស់ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) នៅក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិយើង។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ស្មោះអស់ពីចិត្ត ចំពោះ លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ និងក្រុមការងារ ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ដែលបានគ្រាំយ៉ាងពេញទំហឹង និងប្រថុយប្រថាននៅក្នុងអំឡុងកូវីដនេះ ក្នុងការផ្តួចផ្តើមនិងបង្កើតឲ្យមានអនុស្សរណៈយោគយល់នេះ ហើយជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមការងារ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការិយាល័យទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យវិស្វកម្ម ដែលបានខិតខំជួយរៀបចំផងដែរ។”
អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងលោកបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស៊ីប៊ីស៊ី ក៏បានជួយ សាកលវិទ្យាល័យ RUPP ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយផ្តល់ការប្រឹក្សាលើវិស័យនេះដើម្បីបង្កើតកម្មវិធីអប់រំដែលសមស្របទៅតាមតម្រូវការជាក់ស្ដែងក្នុងទីផ្សារការងារ។
លោកបណ្ឌិត ងួនផាន់ ភក្ដី ព្រឹទ្ធបុរស មហាវិទ្យាល័យវិស្វកម្មបានមានប្រសាសន៍ថា “តាមរយៈថវិការរបស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំនិងជួយជ្រុំជ្រែងពីឯកឧត្តមសាកលវិទ្យាធិការ មហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាតិ ពីក្រសួងអប់រំយុវជននិងកីឡា អោយទទួលនិស្សិតសិក្សាមុខ ជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ។
សម្រាប់ការចុះហត្ថលេខានៅថ្ងៃនេះ លើអនុស្សរណៈ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) បានផ្តល់អាហាររូបករណ៍ថ្លៃសិក្សា (ដល់និស្សិតចំនួន៨នាក់) សម្រាប់រយៈពេលបួនឆ្នាំ ដែលមាន ថវិការសរុបចំនួន ៨ម៉ឺន(ប្រមាណ ជាង ៣២០លានរៀល)។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមចុះឈ្មោះចូលរួមប្រឡងដើម្បីទទួលបានអាហាររូបករណ៍នេះផងដែរ។”
លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យ យើងបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ ដូចច្នេះដើម្បីអាចអភិវឌ្ឍទាន់ការវិវឌ្ឍនដ៏ឆាប់រហ័សរបស់សេដ្ឋកិច្ច និងបច្ចេកវិទ្យាយើងត្រូវមានការរួមបញ្ចូលសហការគ្នារវាងវិស័យកឯកជនជាមួយនឹងវិស័យអប់រំដូចជាសាកលវិទ្យាល័យ។ យើងមានសេចក្ដីសោមនស្សទទួលស្វាគមន៍កិច្ចសហការនេះដែលជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គមដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយទន្ទឹមនឹងនេះយើងក៏ហាក់បីដូចជាបានជួយរៀបចំឲ្យប្អូនៗបានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច។“