ភ្នំពេញ៖ ក្រុមមន្ត្រីការទូតសេដ្ឋកិច្ចកម្ពុជា ដែលជាក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សារការងារជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានពិភាក្សា ផ្តោតលើប្រធានបទសំខាន់មួយចំនួន ដូចជា៖ ការផ្សព្វផ្សាយច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យទេសចរណ៍ និងវប្បធម៌។
គោលបំណងសំខាន់ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មី ដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សារកម្ពុជា តាមរយៈអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និង ការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមាន៖ ការបើកទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានជិត ៩០% នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ៕