ភ្នំពេញ៖ ក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ ដោយក្នុងនោះ បានចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន ៣៧គម្រោង និងមានទឹកប្រាក់សរុបជាង២,៣៨ពាន់លានដុល្លារអាមេរិក។
ភាគច្រើន នៃគម្រោងវិនិយោគដែលបានអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ខែមករា និងខែកុម្ភៈឆ្នាំ ២០២២នេះ គឺជាគម្រោងរោងចក្រ ឧស្សាហកម្មហើយ បានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សង់រោងចក្រ ឃ្លាំងស្តុកមានកំណើនខ្ពស់ផងដែរ៕
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថា មានគម្រោងធំៗចំនួន៤ ដែលមានទឹកប្រាក់ច្រើនជាងគេ ក្នុងនោះរួមមាន
១. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋា គារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង ។
២. គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០ MW ដែលមានទីតាំងវិនិយោគ ស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។
៣. គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ ផែ ពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង ។
៤. គម្រោងបង្កើតរោងចក្រ ផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមា ណ១.៦០០កន្លែង៕