Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប

ភ្នំពេញ៖ កម្ពុជា នឹងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងកាបូប ដើម្បីប្រែក្លាយឧស្សាហកម្មនេះ ឲ្យមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។ រូបភាពឯកសារ រោងចក្រកាត់ដេរ។

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ឩស្សាហកម្ម​នេះ ឆ្នាំ២០២២-២០២៧ នៅថ្ងៃទី ២១ ខែមីនាខាងមុខ ដើម្បីប្រែក្លាយវិស័យនេះ ឲ្យមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ សំលៀកបំពាក់ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជាដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។

យុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងកាបូបកម្ពុជា ឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឩស្សាហកម្មកាត់ដេរសំលៀកបំពាក់ ផលិត​ស្បែក​ជើង និងកាបូបកម្ពុជា ២០២២-២០២៧” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, សមាគមធុរកិច្ច និងវិស័យឯកជន៕​​

×