Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាយចន្ទី ដំណាំមានសក្តានុពលទាំងការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ភ្នំពេញ៖ អ្នកជំនាញ បានអះអាងថា ស្វាយចន្ទី ជាដំណាំដែលមានសក្តានុពលរបស់ប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះ កម្ពុជាមានរោងចក្រជាច្រើន កំពុងបើកដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

អ្នកជំនាញបន្តថា ស្វាយចន្ទី ជាដំណាំមានសក្តានុពល ដោយសារវាងាយស្រួលដាំ និងថែទាំជាងដំណាំមួយចំនួនទៀត​ ហើយម្យ៉ាងទៀត ដំណាំស្វាយចន្ទី ឆាប់ទទួលបានផល ដោយចំណាយពេលត្រឹម២ឆ្នាំ ឬ៣ឆ្នាំប៉ុណ្ណោះ។ រីឯតម្លៃគ្រាប់ស្វាយចន្ទីវិញ បច្ចុប្បន្ន ស្ថិតក្នុងរង្វង់ជាង ៥ពាន់រៀល​ក្នុង១គីឡូក្រាម។

បើតាមក្រសួងកសិកម្ម នៅឆ្នាំ២០១៨កន្លង ទៅកម្ពុជានាំចេញផលិតផលកសិកម្មជាង ៤លានតោន ដែលក្នុងនោះមានទាំងគ្រាប់ស្វាយចន្ទីផងដែរ។ ក្រសួងកសិកម្ម បានឱ្យដឹងថា កាលឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមជាង៩២ម៉ឺនតោន។ កាលពីឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា ក៏បាននាំចូលទៅទីផ្សារជប៉ុនប្រមាណ៣០តោនផងដែរ។

បច្ចុប្បន្ននេះ កម្ពុជាទាក់ទាញបានក្រុមហ៊ុនជប៉ុនចំនួន២ហើយ ដែលមកវិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ក្រុមហ៊ុន ទាំងពីររួមមានក្រុមហ៊ុន TPJ មានគម្រោងវិនយោគសាងសង់រោងចក្រកែច្នៃនៅខេត្តកំពង់ធំ ហើយកាលពីពេលថ្មីនេះ មានក្រុមហ៊ុនជប៉ុនមួយទៀត បានបង្ហាញគម្រោងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ។

តាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី បានជាង ៩៣ ៧៩៧៤ តោន កើនឡើងចំនួន ៣២៨.៣៤% ក្នុង នាំចេញទៅប្រទេសវៀតណាមចំនួន ៩២៨ ៩២៦តោន ប្រទេសចិនចំនួន ៤ ៥៥២តោន ប្រទេសថៃចំនួន ៤ ២៩៧តោន ប្រទេសឥណ្ឌាចំនួន ៩៨តោន ប្រទេសជប៉ុនចំនួន ៤៤តោន ប្រទេសកូរ៉េចំនួន ២១តោន ប្រទេស អារ៉ាប់ចំនួន ១៤តោន ប្រទេសណេដឺឡែនចំនួន៨តោន ប្រទេសបង់ក្លាដែសចំនួន៧តោន និងប្រទេសឡាវចំនួន៤តោន រួមនឹងប្រទេសផ្សេងទៀត។ ការនាំចេញគ្រាប់ឆៅ ឬគ្រាប់ស្រស់មានជាង៥០ភាគរយ៕

×