អាជ្ញាធរអាកាសចរណ៍បាននិយាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលផ្ទុកមនុស្ស 132 នាក់នៅលើនោះ បានធ្លាក់នៅលើភ្នំក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈដែលកំពុងហោះហើរពីទីក្រុង Kunming ទៅកាន់ Guangzhou ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមអ្នកជួយសង្គ្រោះមិនទាន់រកឃើញសញ្ញានៃអ្នកនៅរស់រានមានជីវិតនៅឡើយទេរហូតមកដល់ពេលនេះ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) បាននិយាយនៅក្នុងសេចក្តីប្រកាសតាមអ៊ីនធឺណេតថា ជើងហោះហើរ ប៊ូអ៊ីង (Boeing 737) “បានបាត់ការទាក់ទងពីលើទីក្រុងវូចូវ Wuzhou” ក្នុងតំបន់ Guangxi ។
CAAC បាននិយាយថា “នៅពេលនេះ វាត្រូវបានបញ្ជាក់ថា ជើងហោះហើរនេះបានធ្លាក់” ដោយបន្ថែមថា ខ្លួនបានធ្វើសកម្មភាពបន្ទាន់ឆ្លើយតបទៅនឹងឧបទេវហេតុនេះនិង “បញ្ជូនក្រុមការងារទៅកន្លែងកើតហេតុ”។ CAAC បាននិយាយថា មានអ្នកដំណើរ ១២៣ នាក់ និងនាវិក ៩ នាក់នៅលើយន្តហោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយមុននេះថាមានមនុស្ស១៣៣នាក់នៅលើយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាចបញ្ជាក់បានថាយន្តហោះបានធ្លាក់” បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលក្នុងនោះខ្លួនក៏បានផ្តល់ព័ត៌មានលម្អិតនៃបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់សាច់ញាតិរបស់អ្នកនៅលើយន្តហោះផងដែរ។
ចំនួនអ្នកស្លាប់នៅមិនទាន់ដឹងភ្លាមៗទេ ហើយក៏មិនទាន់ដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនេះដែរ ។ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ដោយដកស្រង់សម្តីរបស់ China Eastern ថាមិនមានជនបរទេសនៅលើយន្តហោះនោះទេ។
យោងតាម Flightradar24 បានឱ្យដឹងថា យន្តហោះនេះគឺជាយន្តហោះ 737-800 ដែលមានអាយុប្រាំមួយឆ្នាំ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង “ទាំងអស់” ដើម្បីរៀបចំប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដំណើរនៅលើយន្តហោះដែលបានធ្លាក់។
ដោយបង្ហាញពី “ការភ្ញាក់ផ្អើល” នៅពេលឮព័ត៌មាននៃការធ្លាក់នេះ លោក Xi បានណែនាំក្រុមមន្ត្រីឱ្យចាប់ផ្តើមការឆ្លើយតបជាបន្ទាន់មួយភ្លាមៗ និងដើម្បីស៊ើបអង្កេតមូលហេតុនៃការធ្លាក់យន្តហោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។
យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក៏បានណែនាំដល់មន្ត្រីមិនត្រូវខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងផ្តល់ការលួងលោមគ្រប់គ្រាន់ដល់គ្រួសារជនរងគ្រោះ៕ ប្រភព៖ CNA