Wednesday, January 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨​ខែ​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ចិន មក​ទស្សនា​ប្រទេស​កម្ពុជា ឈរ​លំដាប់​ទី​១

​រយៈ​៨​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ប្រមាណ​៣.៥៣៦.៥៣០​នាក់ កើនឡើង ១១,៨​ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន មាន​ចំនួន​ប្រមាណ​៧៤២.៥៩៦​នាក់ កើនឡើង​៤៤,៤​ភាគរយ ឈរ​លំដាប់​ទី​១​។ នេះ​បើតាម​សុន្ទរកថា​បើក​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ទីផ្សារ​ទេសចរណ៍​ចិន និង​ការត្រៀម​លក្ខណៈសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិន “China Ready” សម្រាប់​ទេសចរណ៍​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ របស់លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងថា កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។ វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវបាន​ចា​ត​ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជាមាន​បៃតង រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការការពារ​បរិស្ថាន ពោលគឺ​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង នៅ​កម្ពុជា ដែលជា​ផ្នែក​គាំទ្រ​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៦ កម្ពុជា សម្រេចបាន​កំណើន​ក្នុង​អត្រា​៥​ភាគរយ ជាមួយនឹង​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​៥​លាន​នាក់ និង​នាំ​ប្រាក់ចំណូល​ប្រមាណ​៣៤០០​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ​១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​។ ហើយ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣.៥៣៦.៥៣០​នាក់ កើនឡើង​១១,៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។ តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៥,៦​លាន​នាក់ នៅ​ឆ្នាំ​២០១៧ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប ប្រមាណ​៥០០០​លាន​ដុល្លារ បង្កើត​នុ​វ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​១០.០០០​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់​។

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ឈរលើ​មូលដ្ឋាន​នៃ​កំណើន​នេះ ក៏​ទាមទារ​ឲ្យ​ការគិត​គួរ​និង​គ្រប់គ្រង​ដោយ​ហ្មត់ចត់ ពិសេស​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរណ៍ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស្រប​ពេលដែល​ពិភពលោក​ទាំងមូល​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ទីផ្សារ​ទេសចរណ៍​ចិន​។ យោងតាម​ស្ថិតិ សង្កេតឃើញថា ភ្ញៀវទេសចរ​ចិន​មក​កម្ពុ​ជាមាន​ចំនួន​កាន់តែ​ច្រើនឡើង ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្តែង ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៥​លាន​នាក់ ដែល​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​២០១៦​នេះ មាន​ភ្ញៀវទេសចរ​ចិន​ចំនួន​ប្រមាណ​៨៣​ម៉ឺន​នាក់ ដោយ​កើនឡើង​២០​ភាគរយ និង​ឈរ​ក្នុង​លំដាប់​ទី​២​។ សម្រាប់​៨​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ​៣.៥៣៦.៥៣០​នាក់ កើនឡើង ១១,៨​ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ប្រមាណ​៧៤២.៥៩៦​នាក់ កើនឡើង​៤៤,៤​ភាគរយ ឈរ​លំដាប់​ទី​១​។ តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៧​នេះ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ​១​លាន​នាក់ ហើយនឹង​កើន​ដល់​យ៉ាងតិច​២​លាន​នាក់ នៅ​ឆ្នាំ​២០២០​។ នៅក្នុង​កម្រិត​សកល ក្នុង​ស​ឆ្នាំ​២០១៦ ទេសចរ​ចិន​ដែល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស មា​នា​ចំនួន​ប្រមាណ​១២២​លាន​នាក់ កើនឡើង​ក្នុង​អត្រា​៤,៣​ភាគរយ ក្នុងនោះ​ជិត​៧៥​ភាគរយ​នៃ​ទេសចរ​ចិន​ធ្វើដំណើរ​ក្នុង​តំបន់​អាស៊ី ដោយ​ចំណាយ​ប្រមាណ​ជាំ​ង​២៦១​ប៊ី​លាន​ដុល្លារ ក្នុង​កំណើន​១២​ភាគរយ​។

​ក្នុងឱកាស​នោះដែរ លោកស្រី Yang Xiuping អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​ចិន បាន​ថ្លែងថា តាម​ការព្យាករណ៍ របស់​អង្គការ​ទេសចរណ៍​ពិភពលោក ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​ដែល​នឹង​ទទួល​ទេសចរ​អន្តរជាតិ ច្រើនជាងគេ និង​មាន​ទេសចរ​ចេញ​ក្រៅប្រទេស ច្រើនជាងគេ​នៅលើ​ពិភពលោក ប្រមាណ​២០០​លាន​នាក់ ឬ​ច្រើនជាង​នេះ នៅ​ឆ្នាំ​២០២០ ហើយ​ចំណាយ​របស់​ភ្ញៀវ​ចិន នឹង​កើន​ដល់​៤២០​ប៊ី​លាន​ដុល្លារ និង​ឆ្នាំ​២០៣០ ភ្ញៀវទេសចរ​ចិន​នឹងធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​អាចមាន​ចំនួន​ប្រមាណ​៣០០​ទៅ​៥០០​លាន​នាក់ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​១៨០០​លាន​នាក់ ហើយ​ចំណាយ​នឹង​កើន​ដល់​ប្រមាណ​៨៥០​ប៊ី​លាន​ដុល្លារ​ដែល​ត្រូវ​ឲ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ត្រៀមខ្លួន​ក្នុងការ​ទាក់ទាញ ក៏ដូចជា​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​។ ជាក់ស្តែង ខណៈដែល​ទីផ្សារ​ចិន​ត្រូវបាន​មើលឃើញថា​ជា​ប្រភព​លំហូរ​ចេញ ដែលមាន​កំណើន​ខ្លាំងជាងគេ​នៅក្នុង​តំបន់ និង​សកលលោក​អង្គការ​ទេសចរណ៍​ពិភពលោក បានផ្តល​អនុសាសន៍​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ខ្លួន រៀបចំ​លក្ខ​ណស​ម្ប​តិ្ត​ក្នុងការ​ត្រៀម​ទ​ទូល​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បន្ថែមថា អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​យ៉ាងគំហុក​នៃ​លំហូរ​ទេសចរ​ចេញ​ក្រៅ របស់​ភ្ញៀវទេសចរ​ចិន ក្នុង​បរិបទ​នៃ​កំណើន​ទេសចរណ៍​ជារួម​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សកលលោក​។ នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​លើ​វិស័យ​ទេសចរណ៍ អាស៊ាន​ក៏ដូចជា​កម្ពុជា បានចាត់ទុក​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​ប្រភព​ទីផ្សារ​ក៏​សំខាន់បំផុត​។​

​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​នីតិវិធី នៃ​ការប្រឡងប្រណាំង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទីផ្សារ​ចិន​ឆ្នើម ឆ្នាំ​២០១៧-២០១៨ ក្រោម​ឈ្មោះ “Chinese People’s Choice Awards” ក្នុង​គោលបំណង​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ទេសចរ​ចិន និង​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា​សំដៅ​សម្រេច​ឲ្យ​បាន​កម្ពុជា​ទទួល​ទេសចរ​ចិន ២​លាន​នាក់ ក្នុង​ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រតិបត្តិ​ករ និង​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​ចាប់យក​ទីផ្សារ​ទេសចរណ៍​ចិន​ទាំងអស់​មេត្តា​ជ្រាបថា ក្រសួង​នឹងដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទីផ្សារ​ចិន​ឆ្នើម ក្រោម​ឈ្មោះ “Chinese People’s Choice Awards” សម្រាប់​ឆ្នាំ​២០១៧-២០០១៨ ដើម្បី​ធ្វើការ​ស្វែងរក និង​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​ឆ្នើម​ក្នុង​ការផ្ដល់​សេវាកម្ម​ជូ​ន​ទេសចរ​ចិន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​