ភ្នំពេញ៖ ក្រោយប្រកាសរបស់រាជរដ្ឋាភិបាល ឱ្យបើកប្រទេសឡើងវិញលើគ្រប់វិស័យ ផ្ទះសំណាក់ និងសណ្ឋាគារនានា នៅខេត្តសៀមរាប បានបើកដំណើរការឡើងវិញ ស្របពេលដែលការប្រារព្វអង្គរសង្រា្គនឆ្នាំនេះផង ធ្វើឱ្យភ្ញៀវទេសចរ ដែលទៅលេងសង្ក្រាន្តសៀមរាប បានកក់បន្ទប់កន្លែងស្នាក់នៅអស់ហើយ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមលោក ង៉ូវ សេងកាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
ក្រោយខកខានអស់រយៈពេល២ឆ្នាំ សង្ក្រាន្តសៀមរាប បានវិលត្រឡប់មកវិញ ជាមួយនឹងមុខមាត់ថ្មីនៃក្រុងសៀមរាប បន្ទាប់ពីការស្ថាបនាផ្លូវ ៣៨ខ្សែ ធ្វើឱ្យក្រុងទេសចរណ៍មួយនេះ មានភាពទាក់ទាញយ៉ាងខ្លាំង ដែលញ៉ាំងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់ឃើញចង់ស្គាល់ការវិវឌ្ឍថ្មីទឹកដីអច្ឆរិយ ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ខេត្តសៀមរាប មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន មាននអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលអាច ទទួលអ្នកដំណើរប្រចាំឆ្នាំ បានប្រមាណ ៧ លាននាក់។ តាមរយៈអាកាសយានដ្ឋានថ្មីនេះ នឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗបាន៕