ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឲ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ឥឡូវចន្លោះពី ១៣០០ ដុល្លារ ទៅ ១៥០០ដុល្លារ មួយតោន។ សមាគម បានទាក់ទាញក្រុមហ៊ុនមួយចំនួន ដើម្បីទិញគ្រាប់ស្ងួតនេះ ហើយតែទាល់តែយើងមាន ៤០តោនឡើងទៅ ទើបក្រុមហ៊ុនទៅពិនិត្យគ្រាប់ និងដឹកជញ្ជូន។
ក្រុមហ៊ុន ដែលបានសហការជាមួយសមាគម និងកំពុងទិញគ្រាប់ស្ងួត មានក្រុមហ៊ុន Ample, Olam, Akapura, Intersnack, wellwilling, សហគ្រាសឆុនហាយ សហគ្រាសជ័យសំបូរ និងសិប្បកម្មស្ទឹងត្រែង។
ប្រធានសមាគម បានបន្តថា ចិន និងឥណ្ឌា ត្រូវការទិញគ្រាប់ស្ងួត ដែលមានគុណភាពល្អ ព្រោះការដឹកជញ្ជូនវែងឆ្ងាយ និងចំណាយពេលយូរ។ ដោយឡែកអ្នកទិញមកពីវៀតណាមទិញគ្រាប់សើម តម្លៃថោក ពួកគេយកទៅហាលនៅតាមព្រំដែន សំរាំងគុណភាព ហើយគ្រាប់គុណភាពល្អលក់ឲ្យរោងចក្រ គ្រាប់អន់លក់ឡៃឡុង។
ជាមួយគ្នានេះ បើទោះជាគ្រាប់ស្វាយចន្ទីសើមធ្លាក់ថ្លៃក៏ដោយ ក៏សមាជិកសមាគមស្វាយចន្ទីកម្ពុជា មិនសូវជាមានបញ្ហាខាតបង់ដែរ ដោយសារសមាគម បានចុះជួយពួកគាត់ដល់ចម្ការ ដើម្បីផ្តល់ជាមតិយោបល់ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុចជាដើម។
បើយោងតាមតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទិន្នផលគ្រាប់ស្រាយចន្ទីរបស់កម្ពុជា លក់ទៅប្រទេសវៀតណាមនៅឆ្នាំ២០២១ មានប្រមាណ ១,១លានតោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។
ទិន្នផលនាំចេញគ្រាប់ស្វាយចន្ទី ៣ឆ្នាំចុងក្រោយ បានបង្ហាញថា នៅឆ្នាំ២០១៩ ចំនួន ៦០ម៉ឺនតោន តម្លៃចន្លោះពី ១៨០០ដុល្លារ ទៅ ២ពាន់ដុល្លារ ក្នុងមួយតោន, ឆ្នាំ២០២០ ចំនួន ៩៥ម៉ឺនតោន តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ ក្នុង១តោន និងឆ្នាំ២០២១ ចំនួន ១លាន ១សែនតោន តម្លៃចន្លោះពី ១៣០០ដុល្លារ ទៅ ១៦០០ដុល្លារ ក្នុង១តោន។
សូមជម្រាបជូនផងដែរថា យោងតាមទិន្នន័យ ចំនួនចម្ការស្វាយចន្ទីក្រៅផ្លូវការ ដែលសមាគមស្វាយចន្ទីកម្ពុជាប្រមូលបាន លើផ្ទៃដីដាំដុះមានចំនួន ១០ខេត្ត ក្នុងចំណោម ២២ខេត្ត ប្រចាំឆ្នាំ២០២១ មានចំនួនជាង ៤៩ម៉ឺនហិកតា ពោលគឺសមាគមស្វាយចន្ទី បានប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទី ៨០ម៉ឺនហិកតា៕