ប្រធានអង្គការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា បទឈប់បាញ់គ្នាដើម្បីជំនួយមនុស្សធម៌រវាងអ៊ុយក្រែន និងរុស្សី នៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់សម្រេចបានទេនាពេលនេះ ប៉ុន្តែប្រហែលជាអាចធ្វើឡើងនៅ ២ទៅ៣ប៉ុន្មានសប្តាហ៍ទៀត។
លោក ម៉ាទីន ហ្គ្រីហ្វីស៍ (Martin Griffiths) បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទកាសែតខ្លីមួយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ស្តីពីការប៉ុនប៉ងរបស់លោក ក្នុងការរៀបចំបទឈប់បាញ់ក្នុងតំបន់ក្នុងប្រទេសអ៊ុយក្រែន ដូច្នេះជនស៊ីវិលដែលអស់សង្ឃឹមអាចត្រូវបានគេជម្លៀសចេញពីតំបន់ប្រយុទ្ធ និងត្រូវបានផ្តល់ជំនួយ។
ការឈ្លានពានរបស់ទីក្រុងមូស្គូ ដែលជាការវាយប្រយុទ្ធដ៏ធំបំផុតលើរដ្ឋអ៊ឺរ៉ុបចាប់តាំងពីឆ្នាំ 1945 បានសម្លាប់ ឬបង្កការរងរបួសដល់មនុស្សរាប់ពាន់នាក់។ យោងតាមគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបានឲ្យដឹងថា មនុស្សជាង ៧ លាននាក់ត្រូវបានគេប៉ាន់ស្មានថា ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែន ហើយកំពុងត្រូវការជំនួយបន្ទាន់។
លោក Griffiths បានជួបមន្ត្រីជាន់ខ្ពស់នៅទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងខែនេះ ដើម្បីពិភាក្សាអំពី
“បំណងប្រាថ្នា” របស់អង្គការសហប្រជាជាតិ លើបទឈប់បាញ់សម្រាប់ជំនួយមនុស្សធម៌ និងរកវិធីកែលម្អប្រព័ន្ធមួយ ដើម្បីជូនដំណឹងដល់ភាគីទាំងអស់ចំពោះការជម្លៀសមនុស្ស និងចលនាផ្គត់ផ្គង់ជំនួយមនុស្សធម៌។ លោកបានបន្តថា៖ «ជាក់ស្តែង យើងមិនទាន់ទទួលបានបទឈប់បាញ់មនុស្សធម៌នៅឡើយទេនៅខាងភាគីរុស្ស៊ី។»
លោកបានមានប្រសាសន៍ថា “ឥឡូវនេះ ប្រសិនបើខ្ញុំអាចនិយាយសម្រាប់អាជ្ញាធររុស្ស៊ី ពួកគេមិនបានដាក់បទឈប់បាញ់ក្នុងតំបន់ជាអាទិភាពនៃរបៀបវារៈរបស់ពួកគេនោះទេ។ “បទឈប់បាញ់មិនស្ថិតក្នុងរបៀបវារៈទេពេលនេះ។ វាអាចមានរយៈពេលពីរបីសប្តាហ៍ទៀត ឬអាចនឹងយូរជាងនេះបន្តិច។”
លោក Griffiths បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Recep Tayyip Erdogan និងមន្ត្រីដទៃទៀត អំពីលទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះកិច្ចចរចាមនុស្សធម៌រវាងអ៊ុយក្រែន និងរុស្ស៊ី៕ ប្រភព៖រ៉យទ័រ