ភ្នំពេញ៖ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ នៅខណ្ឌដូនពេញ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ក្នុងតម្លៃជិត៤០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ។
គម្រោងនេះ រួមមាន ការដាក់លូមេ ដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញខណ្ឌដូនពេញរហូតដល់ខណ្ឌទួលគោក និងខាងជើងវត្តភ្នំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤នេះ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក អង្គការJICA របស់ជប៉ុន បានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ទីក្រុងភ្នំពេញ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិចដោយជំនន់ទឹកភ្លៀង។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី កន្លងទៅអង្គការ JICA និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អ្នករស់នៅក្រុងភ្នំពេញ សូមឈប់បោះចោលសំរាមតាមដងផ្លូវនានា ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងបង្ការការជន់លិចនេះផងដែរ៕