ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅរយៈពេល៣ខែ ឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង ១,២១២លានដុល្លារ ពីការនាំចេញផលិតផលមិនមែនកាត់ដេរ ដែលតួលេខនេះកើនឡើង ៣៨,២%។
ផលិតផលវិនិយោគដែលមិនមែនកាត់ដេរ មានដូចជា៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក និងផលិតផលស្បែកសត្វកែច្នៃ ជាដើម។
កំណើននៃការនាំចេញផលិតផលមិនមែនកាត់ដេរនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តរៀបចំធ្វើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកផងដែរ ដែលមានក្រសួងពាក់ព័ន្ធ បានចូលរួម ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,។
អ្នកជំនាញលើកឡើងថា កម្ពុជានៅមានភាពខ្សោយនៅឡើយលើការអភិវឌ្ឍ និងទាក់ទាញវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ដូចជានៅកង្វះកម្លាំងពលកម្មជំនាញ, ការចំណាយថ្លៃដើមផលិតខ្ពស់, និងការនាំចូលរថយន្តមួយទឹកជាច្រើនជាដើម…។
គួរបញ្ជាក់ថា គោលដៅសំខាន់ក្នុងការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិករបស់កម្ពុជា គឺដើម្បីកំណត់តួនាទី និងតម្រង់ទិសការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាព ឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងដើម្បីបង្ហាញដល់វិនិយោគិន នូវឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា៕