Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាំង​ស៊ុប​ពែរ​សម្រាប់​អ្នកមាន អ្នកក្រ​ចាក់​តែ​សាំង​ធម្មតា រង​ការរិះគន់​ពី​មហាជន​

​ភ្នំពេញ​៖ មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏ដូចជា​ប្រពល​រដ្ឋ​ខ្មែរ​ទូទៅ កំពុង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​មួយ ដោយ​ដាក់​ចំណងជើង​ថា “​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា សាំង​ស៊ុប​ពែរ​សម្រាប់​អ្នកមាន អ្នកក្រ​ចាក់​តែ​សាំង​ធម្មតា​ទៅ​”​។ ការផ្សព្វផ្សាយ​ដោយ​ភ្ជាប់​ចំណងជើង​នេះ នាំ​ឲ្យ​មហាជន​រិះគន់​លោក​រដ្ឋមន្ត្រី​ថា មាន​និន្នាការ​បែងចែក​រវាង​អ្នកមាន និង​អ្នកក្រ ក្នុង​ការប្រើប្រាស់​សាំង​។​

​តម្លៃ​ប្រេងសាំង​លក់រាយ​នៅតាម​ស្ថានីយប្រេងឥន្ធនៈ​នានា​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រអ៊ូរទាំ និង​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ក្រសួង​ពាណិជ្ជកម្ម មេត្តា​ពិនិត្យ​មើល និង​ស្វែងរក​ដំណោះស្រាយ​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យនៅ​ទាប​វិញ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​

​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេងសាំង​នេះដែរ ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​តម្លៃ​ជា​រៀងរាល់​១០​ថ្ងៃ​ម្ដង និង​តាមដាន​តម្លៃ​ប្រេងសាំង​នៅ​តាម​ស្ថានីយ​នានា​ជា​ប្រចាំ​ផងដែរ ក៏​ប៉ុន្តែ​នៅតែ​មាន​មតិ​មួយចំនួន​លើកឡើងថា តម្លៃ​ប្រេងសាំង​នៅតែ​ខ្ពស់ មិន​ស្រប​តាម​ការកំណត់​របស់​ក្រសួង​ឡើយ ។​

​ខ្លឹមសារ​ដើម​របស់​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន តាំងពី​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្នុង​វិទិកា​ស្តីពី​បញ្ហា​ម្រេច​។ អ្នក​ព័ត៌មាន​បាន​ចោទសួរ​រូបលោក ពាក់ព័ន្ធ​ការកំណត់ថ្លៃ​សាំង នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​នានា ដែល​ក្នុង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​បាន​កំណត់​តែ​ថ្លៃ​សាំង​ធម្មតា និង​ម៉ា​ហ្សូត​ប៉ុណ្ណោះ ហេតុអ្វី​មិន​កំណត់​តម្លៃ​លក់​សម្រាប់​សាំង​ស៊ុប​ពែរ​?

​ឆ្លើយតប​នឹង​សំណួរ​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ពន្យល់ថា ការកំណត់​តម្លៃ​សាំង​ធម្មតា ក្នុង​ទិសដៅ​ជួយ​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្សត់ខ្សោយ ព្រោះ​ពួកគាត់​ភាគច្រើន​ប្រើប្រាស់ សាំង​ធម្មតា​សម្រាប់​ចាក់​យានយន្ត​។ ដោយឡែក​សាំង​ស៊ុប​ពែរ​វិញ ភាគច្រើន​អ្នក​មាន​ធនធាន អ្នក​មាន​យានយន្ត​ទំនើប​ជា​អ្នកប្រើប្រាស់ ដូច្នេះ​ក្រសួង​មិនបាន​កំណត់​តម្លៃ​នោះទេ គឺ​ទុក​ឲ្យ​ស្ថានីយ​ប្រេង​នីមួយៗ ជា​អ្នក​កំណត់​ដោយ​ខ្លួនឯង តាម​របប​ទីផ្សារសេរី​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ “​នៅ​ស្រុក​ខ្មែរ​គឺជា​ទីផ្សារសេរី ហើយ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ និង​យានយន្ត​តូចៗ ហើយ​បាន​ចាក់​សាំង​ធម្មតា ។ ដោយ​សាំង​ធម្មតា​យើង​កុងត្រូល ហើយ​និង​មើល​តាម​ទីផ្សារ​ផងដែរ ប៉ុន្តែ​សាំង​ស៊ុប​ពែរ យើង​អត់​កុងត្រូល​ទេ ព្រោះ​វា​សម្រាប់​ចាក់​សាំង​ឡង់​គ្រីស័រ និង​ប្រភេទ​ឡាន​ថ្លៃៗ សុទ្ធ​តែ​អ្នក​មាន យើង​ទៅ​ជួយ​អ្នក​មាន​ធ្វើ​អ្វី យើង​ជួយ​អ្នកក្រ​ដើម្បី​លើកតម្កើង​ជីវភាព ឲ្យបាន​ប្រសើរ ដើម្បី​កុំឲ្យ​មាន​បញ្ហា ចាក់​សាំង​ឲ្យមាន​គុណភាព​ត្រឹមត្រូវ ដែល​មាន​ការ​ការកំណត់​តម្លៃ​សាំង​ធម្មតា​នៅ​លើ​ទីផ្សារ​។ ជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​អ្នកក្រ ព្រោះ​អ្នកក្រ​ភាគច្រើន ប្រើ​ប្រេង​សាំង​ធម្មតា ចំណែក​អ្នកមាន​ឡាន​ទំនើបៗ គេ​ចាក់​សាំង​ល្អ ដើម្បី​ឲ្យ​ម៉ាស៊ីនឡាន​ដំណើរការ​ល្អ ដូចនេះ​យើង​មិន​ព្រួយ​ពី​ការ​ឡើងថ្លៃ លើ​ប្រភេទ​សាំង​ស៊ុប​ពែរ​ទេ​”​។​

​ពាក់ព័ន្ធ​ករណី​នេះ​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា​នេះ នៅ​ក្រសួង​ពាណិជ្ជកម្ម បាន​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​យន្តការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា​។ តំណាង​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ពី​គោលបំណង​ដើម្បី​បញ្ជាក់ឲ្យ​មហាជន​ឲ្យបាន​ជ្រាប ពី​សកម្មភាព​របស់​ក្រសួង​ពាណិជ្ជកម្ម​និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ដែល​បាន​ធ្វើ​កន្លងមក ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លង​ទៅ​មាន​ដំណើរការ​រលូន​ល្អ ប៉ុន្តែ​នាពេលនេះ​តម្លៃ​សាំង​មាន​ការកើនឡើង ដែល​ធ្វើឲ្យ​មហាជន​មួយចំនួន​និយាយ​រិះគន់ ដែល​ជា​ធម្មតា​ប្រជាពលរដ្ឋ​ចង់បាន​តម្លៃ​ប្រេងឥន្ធនៈ​ទាប ។ នា​ពេល​ថ្មី​នេះ មាន​បញ្ហា​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម មាន​ការបកស្រាយ​មិន​ពិត​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ស្នើសុំ​ដល់​អស់លោក លោកស្រី បកស្រាយ​នូវ​រឿង​មិន​ពិត​នេះ​ឲ្យបាន​អស់​ទៅ​ដល់​មហាជន​ទូទៅ កុំឲ្យ​មាន​ការភាន់​ប្រចាំ​តទៅទៀត​។​

មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា តម្លៃ​ប្រេងសាំង​ឡើង​តាម​ទីផ្សារ​អន្តរជាតិ តម្លៃ​សាំង​ឡើង​លឿន ប៉ុន្តែ​ពេល​ចុះ​មក​វិញ ចុះ​យឺត ហើយ​ក្រសួង​ពាក់ព័ន្ធ​បាន​ជួបប្រជុំ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ដែល​កំពុង​លក់​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​សមរម្យ និង​ឲ្យ​អ្នករកស៊ី​មាន​ប្រាក់ចំណេញ​ផង ហើយ​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​ផង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×