Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​៖ រយៈពេល​១២​ថ្ងៃ ហើយ​សរុប​គណបក្ស​ចំនួន​២៣ បាននិងកំពុង​បំពេញបែបបទ​

​​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា គិត​ត្រឹម​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គ​.​ជ​.​ប បានដាក់​និង​ទទួល​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បាន​រយៈពេល​១២​ថ្ងៃ ហើយ​សរុប​គណបក្ស​ចំនួន​២៣ បាននិងកំពុង​បំពេញបែបបទ​។ តាម​ការគ្រោងទុក ការចុះបញ្ជី​នេះ​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០ គឺ​នៅសល់​តែ​៣​ថ្ងៃ​ទី​ប៉ុណ្ណោះ​។​

​យោង​តាម​សេចក្តី ប្រកាស​របស់ គ​.​ជ​.​ប នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​ឧសភា​នេះ មាន​គណបក្ស​ចំនួន​៣​ទៀតហើយ បាន​ទៅ​ចុះឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​រួចរាល់ ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៦ ហើយ​រហូត​ដល់​ពេល​នេះ គឺ​មាន​គណបក្ស​សរុប​ចំនួន​៩​ហើយ បាន​ចុះឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​នៅ គ​.​ជ​.​ប ក្នុងនោះ​មាន គណបក្ស​ចំនួន​៣ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​ក្នុងចំណោម​គណបក្ស​ចំនួន​៩ ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ និង​បញ្ជី​បេក្ខជន​រួចរាល់​នោះ មាន​គណបក្ស​ចំនួន​៦ មិនទាន់​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​គ​.​ជ​.​ប នៅឡើយ​ទេ ក្នុងនោះ​រួមមាន​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី​។​

​បើ​តាម​គ​.​ជ​.​ប ក្រៅ​ពី​គណបក្ស​ដែល​បាន​ចុះបញ្ជី​រួចរាល់​ទាំងនោះ ពេលនេះ​ក៏​មាន​គណបក្សនយោបាយ​ចំនួន​៨​ទៀត បាននិងកំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនាគារ​ជាតិ ខណៈ​ដែល​គណបក្ស​នយោបាយ​ចំនួន​៦ ផ្សេងទៀត បាន​ទទួល​ទម្រង់​១០០៨ ពាក្យ​សុំ​ចុះបញ្ជី​ពី​គ​.​ជ​.​ប​ផងដែរ​។​

​រហូតដល់​ពេល​នេះ ក៏​មាន​គណបក្សនយោបាយ​ចំនួន​២៣​ហើយ បាន​ទៅ​យក​ឯកសារ​ពី គ​.​ជ​.​ប បំពេញ​។​

​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​ចំនួន​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×