Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​៖ គណបក្ស​៤ ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ហើយ​គណបក្ស​ចំនួន​៦ បាន​ចុះឈ្មោះ​រួចរាល់

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​គណបក្ស​សរុប​ចំនួន​១០​ហើយ បាន​ចុះឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​នៅ គ​.​ជ​.​ប ក្នុងនោះ​មាន​គណបក្ស​ចំនួន​៤ ដែល គ​.​ជ​.​ប បានទទួល​ស្គាល់​ជា​ផ្លូវការ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​រួបរួម​ជាតិ​។​

​នៅ​ថ្ងៃទី​១៣ នៃ​ការចុះឈ្មោះ​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​បំពេញបែបបទ​ដាក់ពាក្យ​រួចរាល់​ផងដែរ ហើយគ​.​ជ​.​ប​កំពុង​ពិនិត្យ​គណបក្ស​ដែល​បានដាក់​ពាក្យ​រួចហើយ​សរុប​ចំនួន​៦​គណបក្ស ក្នុងនោះ​រួមមាន​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​តែមួយ និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​។​

​បើតាម គ​.​ជ​.​ប ក្រៅពី​គណបក្ស​ដែល​បាន​ចុះបញ្ជី​រួចរាល់​ទាំងនោះ ពេលនេះ​ក៏មាន​គណបក្សនយោបាយ​ចំនួន​៧​ទៀត បាននិងកំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនាគារជាតិ និង​បាន​ជូន​ព័ត៌មាន​មក​ថា​នឹង​មក​ដាក់ពាក្យ​តាម​កាលបរិច្ឆេទ​កំណត់ ដូចជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សា​ធា​រដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​មាតុភូមិ​យើង និង​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​។​

​ចំណែក​គណបក្ស​ដែល​បាន​ស្នើសុំ​ទម្រង់ ១០០៨ ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ពី​គ​.​ជ​.​ប មាន​ចំនួន​៦​ផ្សេងទៀត គឺ គណបក្ស​កសិករ គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​រស្មី​ខេមរា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​។​

​ការឈប់​ទទួល​ពាក្យ​ចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​៕

​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​ចំនួន​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×