ភ្នាក់ងារស៊ើបការណ៍របស់កូរ៉េខាងត្បូង បានធ្វើការព្យាករណ៍ថា ទីក្រុងព្យុងយ៉ាងកំពុងតែរៀបចំធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងមីស៊ីលបន្ថែមទៀត ក្រោយពេលភ្នាក់ងារនេះបានកត់សំគាល់ឃើញ ពីការបន្លាស់ទីរបស់យាន្តនៅជុំវិញវិទ្យាស្ថានស្រាវជ្រាវមីស៊ីលក្នុងទីក្រុងព្យុងយ៉ាង។
នៅក្នុងរបាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍ជាតិកូរ៉េខាងត្បូងបាននិយាយថា “ទីក្រុងព្យុងយ៉ាងនឹងបន្តជំរុញការភិវឌ្ឍន៍លើការផលិតគំរូតូចៗជាច្រើន នៃក្បាលគ្រាប់នុយក្លេអ៊ែរ”។
របាយការណ៍បន្តទៀតថា “រូងទី ៣ (នៅតំបន់ធ្វើតេស្ត Punggye-ri) គឺបានរៀបចំរួចរាល់ក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបានគ្រប់ពេលវេលា”។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងធ្លាប់បានប្រកាសថា ខ្លួនបានធ្វើការសាកល្បងគ្រប់បែកអ៊ីដ្រូសែនបានដោយជោគជ័យ កាលពីដើមខែកញ្ញា ដែលជាការសាកល្បងនុយក្លេអ៊ែរទី ៦របស់ខ្លួន។ អនុភាពនៃគ្រាប់បែកអ៊ីដ្រូសែននោះអាចផ្ទុះមានទំហំ ៦,៣លំញ័រ ដែលជាអាវុធមានអនុភាពខ្លាំងបំផុតដែលមិនធ្លាប់មានរបស់ព្យុងយ៉ាង។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះផងដែរ រដ្ឋផ្តាច់ការមួយនេះ ក៍បានធ្វើការច្រានចោលសេចក្តីរាយការណ៍មួយដែលបានផ្សាយថា រូងក្រោមដីមួយនៅកន្លែងបាញ់សាកល្បងនុយក្លេអ៊ែរបានបាក់រលំ ក្រោយពេលមានការបាញ់សាកល្បងនុយក្លេអ៊ែរទី ៦របស់ព្យុងយ៉ាង បណ្តាលឲ្យកម្មករកូរ៉េខាងជើងជាង ២០០នាក់ស្លាប់។
ភ្នាក់ងារសារព៌តមានរដ្ឋកូរ៉េខាងជើង KCNA ក៍បានចោទប្រកាន់ប្រទេសជប៉ុនថា បង្កើតព៌តមានក្លែងក្លាយ ក្រោយពេលទូរទស្សន៍ជប៉ុន Asahi បានរាយការណ៍ថា ដោយដកស្រងប្រភពពីមន្ត្រីកូរ៉េខាងជើងដែលមិនបញ្ជេញឈ្មោះថា កម្មករជាង ២០០នាក់បានស្លាប់ នៅក្នុងការបាក់រូង។
ក្នុងរយៈពេល ១០ខែ នៃឆ្នាំ ២០១៧នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន ២២ និងធ្វើសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយ ខណៈដែលរដ្ឋដ៍ឯកោរមួយនេះបានគំរាមបាញ់មីស៊ីលទៅលើកោះហ្គាមអាមេរិច៕ ដោយ ៖ សុភ័ក្ត្រ