ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ទស្សនកិច្ចរបស់គណៈប្រតិភូការពារជាតិ និងថ្នាក់ដឹកនាំអនុព័ន្ធយោធាប្រទេសនានាដែលជាមិត្ត និងអ្នកពាក់ព័ន្ធនានា អញ្ជើញទៅដល់ទីតាំងខេត្តព្រះវិហារ និងទីតាំងមួយចំនួននៅតំបន់នានាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះទៅដល់ទីតាំងមួយចំនួនដូចជាកងពលលេខ៣ ក្នុងខេត្តព្រះវិហារ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នារសៀលថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ លោកជំទាវបានថ្លែងបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្តល់បច្ចុប្បន្នភាពអំពីស្ថានភាពព្រំដែនជាក់ស្តែង ដើម្បីពិនិត្យលើស្ថានភាពដោយផ្ទាល់និងភ្នែក ដោយអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននូវកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥កន្លងទៅនេះ ដែលគំនិតផ្តួចផ្តើមនេះបង្ហាញច្បាស់លាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ចំពោះតម្លាភាព ស្ថិរភាពក្នុងតំបន់ និងការប្រកាន់ភ្ជាប់នីតិរដ្ឋ និងការដោះស្រាយភាពតានតឹងដោយសន្តិវិធី ដែលក្នុងនាមជាប្រជាជាតិបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព។
ជាមួយគ្នានេះផងដែរ លោកជំទាវ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាសូមបញ្ជាក់ជាថ្មី ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួននូវការអនុវត្តពេញលេញ និងស្មោះត្រង់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបង្កើតឡើងរវាងកម្ពុជា-ថៃ នៅថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕ រក្សាសិទ្ធដោយ៖សុទ្ធលី
