Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ និងឯកអគ្គរដ្ឋទូតកាណាដា បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ការជំរុញនូវការវិនិយោគក្នុងវិស័យដែលមាន សក្តានុពល

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា, នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម Christian DesRochesឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត ប្រចាំ នៅកម្ពុជា នៅទីក្រុងភ្នំពេញវិញ ក៏ដូចជា, ដែលគិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២៤, កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជា ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យ អប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាង ច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងកម្ពុជា-កាណាដា ។

ឯកឧត្តម Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិ ទំនាក់ទំនង
រវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សា ទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ។ ជាក់ស្ដែង, ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ ២០២៥ បានកើនឡើងដល់ជាង ១ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំមុន ។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគ វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគ នៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ការជំរុញនូវការវិនិយោគក្នុងវិស័យដែលមាន សក្តានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព ។ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមកនូវ ការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម ។ រដ្ឋាភិបាលកាណាដា ក៏ នឹងជំរុញការចរចារលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ផងដែរ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងបានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត កាណាដា និងសហការី បំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×