កំពង់ឆ្នាំង ៖ រថយន្តយីឌុប២គ្រឿងដឹកប្រហិតជាច្រើនតោនលោតឆ័ត្រពីប្រទេសថៃយកមកលក់ចែកចាយនៅស្រុកខ្មែរ ដែលគ្មានប្រភពដើមច្បាស់លាស់ និងពុំមានលិខិតអនុ ញ្ញាតត្រឹមត្រូវ បង្ក្រាបដោយកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបង្ក្រាបផលិតផល ក្លែងក្លាយនិងមានហានិភ័យរបស់ក្រសួងមហាផ្ទៃនោះ ត្រូវបានគេដោះលែងទៅវិញហើយកាលពីយប់ថ្ងៃ២ វិច្ឆិកានេះ ក្រោយឃាត់ទុកបានមួយដង្ហើមចង្រិត។ការដោះលែងនេះត្រូវសមត្ថកិច្ចមួយចំនួននិយាយថា ដោយមានកិច្ចអន្តរាគមន៍ពីមន្ត្រីគ្រាក់ៗនៅភ្នំពេញ។
សូមបញ្ជាក់ថា រថយន្តដឹកប្រហិតលោតឆ័ត្រទាំង២គ្រឿងនេះ ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង២រំលងអាធ្រាតុឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ រថយន្តនេះជាប្រភេទយីឌុបម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៍ស កន្ទុយកុងតឺន័រពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3D.6113 និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៍ប្រផេះនិងកន្ទុយកុងតឺន័រពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3D.4087។
ក្នុងពេលស្ទាក់ចាប់រថយន្តដឹកប្រហិតទាំង២គ្រឿងនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ២នាក់យកមកសាកសួរផងដែរ ។ ក្នុងនោះម្នាក់ឈ្មោះសេង ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ និង ម្នាក់ទៀតឈ្មោះនេត សូរិយា ភេទប្រុស អាយុ៤៥ឆ្នាំ ។
ពួកគេបានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកស៊ីឈ្នូលបើកបររថយន្តយកកម្រៃ ក្នុងមួយជើងពី១៥ម៉ីនរៀលទៅ២២ម៉ីនរៀលតែប៉ុណ្ណោះ បូកជាមួយសោហ៊ុយថ្លៃបាយទឹកផង ។
អ្នកបើកបរទាំង២នាក់បានប្រាប់អោយដឹងទៀតថាប្រហិតនេះនាំចូលពីប្រទេសថៃដឹកចេញតាមច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកទៅស្តុកទុកនៅម្តុំផ្លូវលេខ៥៩៨ ក្នុងខណ្ឌឬស្សីកែវ ដើម្បីចែកចាយនៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ ។
ក្រោយពីស្ទាក់ចាប់បានភ្លាមៗរថយន្តដឹកប្រហិតទាំង២គ្រឿងនេះ ត្រូវបានគេយកមករក្សាទុកនៅក្នុបរិវេនមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតគណកម្មការត្រួតពិនិត្យ ។ មកដល់ល្ងាចថ្ងៃដដែលទើបមន្រីពាក់ព័ន្ធមកជុំគ្នា ទើបចាប់ផ្តើមបើកគូថរថយន្តពិនិត្យមើលតែបន្តិចគម្រប់កិច្ចហើយក៏បិទទៅវិញ។ គេមិនបានដឹងថាសាច់ប្រហិតទាំងនេះមានទម្ងន់ប៉ុន្មានតោននោះឡើយ ពីព្រោះគេមិនបានថ្លឹងនិងរើត្រួតពិនិត្យមើលទេ ហើយក៏មិនបានដឹងថានៅពីខាងក្រោមសាច់ប្រហិតនោះមានបង្កប់សាច់អ្វីទៀតដែរ ។ ពាក់ព័ន្ធនឹងករណីនេះអ្នកសារពត៍មានបានសាកសួរអ្នកបើកបររថយន្ត និង ស្ត្រីវ័យកណ្តាល២នាក់ទៀត ដែលចូលទៅដោះស្រាយ ពួកគេបានព្យាយាមបដិសេដ្ឋមិនប្រាប់ពីទម្ងន់សាច់ប្រហិតនោះឡើយ ដោយគ្រាន់តែប្រាប់ថានៅក្នុងរថយន្តទាំង២គ្រឿងនេះមានតែសាច់ប្រហិតទេ មិនមានអ្វីផ្សេងឡើយ ប៉ុន្តែសមត្ថកិច្ចខ្លះបានលួចបង្ហើបអោយដឹងថា សាច់ប្រហិតនៅក្នុងរថយន្តទាំង២គ្រឿងនេះ ក្នុងមួយគ្រឿងៗមិនតិចជាង១៥តោនឡើយ។
ទោះជាការនាំចូលសាច់ប្រហិតគ្មានប្រភពច្បាស់លាស់ និង គ្មានលិខិតអនុញ្ញាត្តត្រឹមត្រូវ បង្ករហារនិភ័យខ្ពស់ដល់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគក៏ដោយ ក្រោយពីឃាត់បានមួយដង្ហើមចង្រិតរថយន្តដឹកសាច់ប្រហិតទាំង២គ្រឿងនេះ ត្រូវបានកម្លាំងចម្រុះសម្រេចដោះលែងទៅវិញនៅយប់ថ្ងៃទី២ វិច្ឆិកា ហើយចំពោះការដោះលែងនេះ ត្រូវបានគេនិយាយថាដោយសារមានកិច្ចអន្តរាគមន៍ពីមន្ត្រីគ្រាក់ៗផងដែរ ។
ប្រភពពីសមត្ថកិច្ចដែលមិនសប្បាយចិត្តបានអោយដឹងថា រថយន្តដឹកប្រហិតលោតឆ័ត្រទាំង២គ្រៀងនេះ ជាកម្មសិទ្ធរបស់យាយញ៉ ដែលជាឈ្មួញល្បីរកស៊ីនាំចូលផលិតផលពីសត្វហើយល្មើសច្បាប់ជាយូរមកហើយ ។ ផលិតផលពីសត្វទាំងនោះរួមមានដូចជាសាច់មាន់ គ្រឿងក្នុង ជើង ចង្គង់ ក្រញាំ ស្លាប ( ចុងស្លាបដែលច្បាប់ហាមឃាត់ ) ដែលគេបង្កប់ជាមួយប្រហិតជាច្រើនប្រភេទទៀត ។
ប្រភពបានបញ្ជាក់ថា យាយញ៉បានរកស៊ីបែបនេះដុះស្លែយូរមកហើយ ដោយមានអ្នកមានអំណាចមួយចំនួនជាអ្នកចាំជួយអន្តរាគមន៍ ត្រឹមមន្ត្រីជំនាញឬសមត្ថកិច្ចថ្នាក់ក្រោមមិនហ៊ានប៉ះនោះទេ បានត្រឹមតែខ្សឹបខ្សៀវតែប៉ណ្ណោះ ។
មជ្ឈដ្ឋាននានាបាននិយាយថា ការអនុវត្តច្បាប់ទៅលើការនាំចូលផលិតផលពីសត្វមាន់ និង ប្រហិតជាច្រើនប្រភេទនោះមិនដូចគ្នាឡើយសមត្ថកិច្ចខ្លះក៏បង្ក្រាប ( ចាប់ដុតចោល ) និង ខ្លះទៀតគ្រាន់តែឆែកឆេរគម្រប់កិច្ចអោយអ្នករកស៊ីស្គាល់ហើយដោះលែងវិញ រួចនាំគ្នានិយាយថាមានការអន្តរាគមន៍ពីខាងនេះឬខាងនោះ ៕ ដោយ៖ ចៅ សន