កោះកុង៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងអាជីវករប្រកបរបរលក់ដូរ នៅក្បែរច្រកព្រំដែនកម្ពុជាថៃ ខេត្តកោះកុង ជាថ្មីម្តងទៀត បានទទូចដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ទៅលើសកម្មភាព របស់មន្ត្រីស្ថាប័នជំនាញ ប្រចាំការនៅច្រកទ្វារចាំយាម ដើម្បីឲ្យប្រាកដថា តើមានមន្ត្រីជំនាញស្ថាប័នណាខ្លះ អាចមានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ជាថ្នូរអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងខូចគុណភាពចូលតាមច្រកព្រំដែនមួយនេះ។
លោកឱម យ៉ិនទៀង (ឆ្វេង) គុណ ញ៉ឹម និង លោក ម៉ក់ ពេជ្ជរិទ្ជ (រូបស្តាំ)
អ្នកឃ្លាំមើលសង្គមមួយចំនួន រួមមាន៖ សមាគមអាដហុក (Adhoc) និងអង្គការលីកាដូ (Licadho)ជាដើម បានឲ្យអ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តកោះកុង ដឹងថា ពួកគេបានទទួលព័ត៌មានជុំវិញបទល្មើសនាំចូលទំនិញគេចពន្ធ ឬទំនិញខូចគុណភាពត្រូវឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនចាំយាម តាមផ្លូវសមុទ្រ និងច្រករបៀងផ្សេងៗទៀតជាបន្តបន្ទាប់មកនេះ។
ពួកគេសង្ស័យថា ទំនិញគេចពន្ធ ឬសាច់ស្រស់ខូចគុណភាព ដែលឈ្មួញអាចនាំចូល តាមច្រកចាំយាម និងច្រកផ្សេងៗ នាខេត្តកោះកុង ទំនងជាឈ្មួញទាំងនោះ បានត្រូវដងត្រូវផ្លែគ្នា ជាមួយសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធប្រចាំការ នៅតាមច្រកនីមួយៗ ពិសេសមន្ត្រីជំនាញ ប្រចាំការនៅចក្រទ្វារចាំយាមតែម្តង ជាថ្នូរចែកផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ទើបសមត្ថកិច្ចមិនបង្ក្រាប។
លោក ញៀប សំអឿន អ្នកសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ទំនិញដឹកតាមរទេះ ពិសេសដឹកតាមរថយន្តធំៗ ដែលបានឆ្លងកាត់ច្រកចាំយាមរាល់ថ្ងៃនេះ គឺភាគច្រើនទំនិញទាំងនោះ មិនត្រូវបានមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្ត្រីកាំកុងត្រូលខេត្តកោះកុង ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធដទៃទៀតចុះត្រួតពិនិត្យ ឲ្យបានដិតដល់ទេ។
ផ្តើមពីបញ្ហានេះ លោក ញៀប សំអឿន បានស្នើដល់ លោក គុណ ញ៉ឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ទៅលើសកម្មភាព របស់មន្ត្រីប្រចាំការ នៅតាមច្រកព្រំដែនចាំយាម ខេត្តកោះកុង ដើម្បីឲ្យប្រាកដថា តើអាចមានជាប់ពាក់ព័ន្ធ ការអនុញ្ញាតនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព ជាថ្នូរទទួលបានសំណូកពុករលួយពីឈ្មួញល្មើសដែរឬយ៉ាងណា?។
ត្រង់ចំណុចនេះ លោក ញៀប សំអឿន បានកត់សម្គាល់ថា កន្លងមកទំនិញ ដែលឈ្មួញបានដឹកតាមរថយន្តធំៗ ចូលតាមច្រកព្រំដែនចាំយាម មិនសូវឃើញមានមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ដែលឈរប្រចាំការនៅច្រកទ្វារអន្តរជាតិកម្ពុជាថៃមួយនេះ ចុះត្រួតពិនិត្យទំនិញទាំងនោះឲ្យបានជាប្រចាំ និងត្រឹមត្រូវទេ ដោយឃើញមន្ត្រីស្ថាប័នខ្លះ បានឈរចាំទទួលយកត្រឹមសំណូកលុយកាក់ ដែលឈ្មួញ ឬពាណិជ្ជករទាំងនោះ នាំយកទៅបង់ជូនស្ថាប័ននីមួយៗ ដែលឈរប្រចាំថ្ងៃ នៅច្រកទ្វារចាំយាម ដោយមិនបានត្រួតពិនិត្យទំនិញ ដែលដឹកតាមរទេះ ពិសេសរថយន្តធំៗទាំងនោះទេ។
បញ្ហានេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង មានរបរលក់ដូរចំណីអាហារ នៅក្បែរច្រកទ្វារអន្តរជាតិកម្ពុជាថៃ ច្រកចាំយាម ក៏បានឲ្យដឹងដែរថា មិនមែនជារឿងថ្មីទេ ដែលមន្ត្រីស្ថាប័នជំនាញ ប្រចាំការនៅច្រកទ្វារចាំយាម គ្រប់ស្ថាប័ន រួមមាន៖ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្ត្រីសាខាកាំកុងត្រូលខេត្តនេះជាដើម បានត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ ឬពាណិជ្ជករទាំងខ្មែរ និងថៃ អនុញ្ញាត ឲ្យនាំចូលទំនិញគេចពន្ធ ឬសាច់ស្រស់ខូចគុណភាពជាដើម ចូលតាមច្រកចាំយាមជាបន្តបន្ទាប់មកនេះ។
អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តកោះកុង មិនទាន់អាចទាក់ទង លោក ងុយ ជៀង ប្រធានច្រកទ្វារអន្តរជាតិកម្ពុជាថៃ ខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ថាមានបទល្មើសនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព នាំចូលពីប្រទេសថៃ ចូលមកម្ពុជា តាមច្រកទ្វារចាំយាម បានទេ តាមទូរស័ព្ទ នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
យ៉ាងនេះក្តីកន្លងមក មន្ត្រីជំនាញស្ថាប័នខ្លះ ប្រចាំការនៅច្រកទ្វារចាំយាម ខេត្តកោះកុង មានមន្ត្រីគយ និងរដ្ឋាករខេត្តជាដើម បានបដិសេធន៍ថា មិនបានជាប់ពាក់ព័ន្ធបទល្មើសលួចនាំចូលទំនិញគេចពន្ធ ឬទំនិញខូចគុណភាពនាំចូលពីប្រទេសថៃ ចូលតាមច្រកចាំយាម និងច្រកផ្សេងៗ ដូចការចោទប្រកាន់ទេ។
ទោះជាបែបណាក៏ដោយចុះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ប្រចាំខេត្តកោះកុង បានអះអាងថា ធ្លាប់ទទួលបណ្តឹងពីប្រជាពលរដ្ឋ អំពីសកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ និងអាហារស្រស់ខូចគុណភាព ត្រូវឈ្មួញនាំចូលពីប្រទេសថៃចូល មកកម្ពុជា តាមច្រកចាំយាម និងតាមផ្លូវសមុទ្រជាដើម។ ទំនិញគេចពន្ធទាំងនោះមានដូចជា៖ ម៉ូតូសេរីទំនើបៗ សម្ភារៈសំណង់ សាច់ស្រស់ ឬអាហារសមុទ្រស្រស់ៗ គ្រឿងសម្អាង ភេសជ្ជៈ អាហារកំប៉ុងគ្រប់ប្រភេទ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ជាពិសេសគ្រឿងអេឡិចត្រូនិច្ចជាដើម។
មន្ត្រីសង្គមស៊ីវិល បានដកស្រង់សំដី ប្រជាពលរដ្ឋមកបញ្ជាក់ថា រាល់ការនាំចូលទំនិញទាំងគេចពន្ធ និងគ្មានគុណភាពភាគច្រើន នៅតាមច្រកព្រំដែនកម្ពុជាថៃ មានច្រកចាំយាមជាដើម គឺមានការអនុញ្ញាតិជាចំហ ពីមន្ត្រីស្ថាប័នជំនាញមួយចំនួន ដែលឈរជើងប្រចាំការ នៅតាមច្រកព្រំដែននីមួយៗ ជាអ្នកបើកដៃ ឲ្យនាំចូល ទំនិញទាំងនោះ ជាថ្នូរទទួលបានសំណូកលុយកាក់ពីឈ្មួញជាប្រចាំថ្ងៃ និងប្រចាំខែ ទើបគ្មានសកម្មភាពបង្ក្រាប ឬទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពនាពេលកន្លងមក។
បញ្ហានេះដែរ លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង ក៏បានស្នើដល់ស្ថាប័នប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ត្រូវបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេតសកម្មភាព របស់មន្ត្រីស្ថាប័នជំនាញប្រចាំការនៅច្រកទ្វារចាំយាមខេត្តកោះកុង ដើម្បីរកឲ្យឃើញការពិត ឈានទៅផ្តល់យុត្តិធ៌មជូនអ្នកពាក់ព័ន្ធឲ្យបានឆាប់ ពិសេសឈានទៅទប់ស្កាត់អំពើពុករលួយ ដែលអាចនាំឲ្យខាតបង់ចំណូលថវិកាជាតិ។
លោក អ៊ិន គង់ជិត សង្ស័យថា សកម្មភាពនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព នៅតាមច្រកទ្វារ បានរលូនទំនងជាទាល់តែមានការអនុញ្ញាតពីមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ទើបឈ្មួញទាំងនោះ អាចនាំចូលទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម និងច្រកផ្សេងៗទៀត ដោយគ្មានសមត្ថកិច្ចទប់ស្កាត់។
យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកវរសេនីយ៍ឯក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ និងបង្ក្រាប បទល្មើសនាំចូលសាច់មាន់ និងប្រហិតស្រស់ ពីប្រទេសថៃចូលមកខេត្តកោះកុង ដោយត្រៀមចែកចាយ និងនាំចេញទៅកាន់ខេត្តមួយចំនួនទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចទាក់ស្កាត់បានទាន់ពេល និងដកហូតទំនិញខុសច្បាប់ចំនួន ១ពាន់ ៦រយ ៨៧គីឡូក្រាម (១៦៨៧)។ ក្នុងនោះសាច់មាន់ខូចគុណភាពមាន ១ពាន់ ១រយ ១៤គីឡូក្រាម (១១១៤) និងប្រហិតខូចគុណភាពមាន ៥រយ ៦៤គីឡូក្រាម (៥៦៤)។ ក្រោយការបង្ក្រាប ទំនិញទាំងនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រគល់ជូនមន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង យកទៅដុតបំផ្លាញចោល៕ ដោយ៖ សត្យា