ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹង ក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសម៉ិន ត្រាស់ (ខេមបូឌា) បានសហការគ្នា ណែនាំមូលនិធិវិនិយោគដំបូងគេនៅកម្ពុជា ដោយផ្អែកលើផលប្រយោជន៍ ការរីកចម្រើនរបស់ប្រទេសជាតិ និងផលប្រយោជន៍របស់សហគ្រាសនានា។
ក្រុមហ៊ុនទាំងពីរនេះ បានសម្រេចចិត្តសហការ ណែនាំឧបករណ៏ហិរញ្ញវត្ថុផ្សេងៗ និងប្រើប្រាស់មូលនិធិវិនិយោគ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ ដោយសារកង្វះនៃការបង្កើតឧបករណ៍ហិរញ្ញវត្ថុ បាននាំឱ្យអត្រាប្រាក់បញ្ញើ នៅមានកម្រិតក្នុងប្រព័ន្ធធនាគារ ដែលនេះជាផលប៉ះពាល់ដល់អាជីវកម្មរបស់សហគ្រាស ធុនតូច និងមធ្យមជាច្រើន។ ទំហំនៃការជួញដូរនៅទីផ្សារមូលបត្រ និងសន្ទីយភាពទីផ្សារនៅមានកម្រិត និងលទ្ធភាពសម្រាប់សហគ្រាស ដែលអាចទទួលបានពីទីផ្សារមូលធន នៅមានភាពទន់ខ្សោយនៅឡើយ។
ដោយសម្លឹងមើលឃើញដូចនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី នឹងផ្តល់ជូនមូលនិធិវិនិយោគដំបូង ដើម្បីគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមទាំងអស់ ហើយក៏ផ្តល់ការណែនាំពីការធានាទិញ និងការចុះបញ្ជីលក់ ក្នុងទីផ្សារមូលបត្រ ដើម្បីឱ្យសហគ្រាសទាំងនេះ អាចចំណេញពេលក្នុងការស្វែងរកប្រភពទុន ក្នុងពេលជាមួយគ្នានោះ សហគ្រាសក៏អាចចុះបញ្ជីលក់មូលបត្រ បានលឿនផងដែរ។ ការទទួលបានមូលនិធិសមធម៌ និងការ ចុះ បញ្ជីក្នុងទីផ្សារមូលបត្រ នឹងជាតម្រូវការយ៉ាងខ្លាំងសម្រាប់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ទាំងនេះហើយ ក៏នឹងក្លាយជាជំហានដំបូងសម្រាប់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ។
មូលនិធិនេះ ជាឪកាសសម្រាប់អ្នកវិនិយោគខ្នាតតូច ដើម្បីចូលរួមក្នុងការអភិវឌ្ឍទីផ្សារមូលធន និងសេដ្ឋកិច្ចជាតិ ប្រកបដោយសុវត្ថិភាព តាមរយៈការវិនិយោគក្នុងមូលនិធិនេះ៕