ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចាប់ផ្ដើមបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ប្រមាណ ១,២ទ្រីលាន រៀល ស្មើនឹងប្រមាណ ៣០០លានដុល្លារ នៅក្នុងឆ្នាំ ២០២២នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានថ្មី មួយសម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ។
ក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការស្ទង់ទីផ្សារអំពីតម្រូវការលក់មូលបត្ររដ្ឋ ប្រធានក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ឯកឧត្តម រស់ សីលវ៉ា និងជារដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គោលបំណងជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ និងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ចំពោះមុខ, រាជរដ្ឋាភិបាល បានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋមស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ពិសេស ផែនការសកម្មភាព បន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទីផ្សារជាលើកដំបូងបាននៅឆ្នាំ ២០២២នេះ។
ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏កំពុងបន្តរៀបចំនូវ“ក្របខណ្ឌគោលនយោបាយរួមស្ដីពី ការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋផងដែរ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗជាច្រើន ដូចជា ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ររដ្ឋ, អនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្ររដ្ឋ, សារាចរណែនាំស្តីពី ការអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគា រនិងហិរញ្ញវត្ថុ និងការកំណត់ទំហំបោះផ្សាយលក់មូលបត្ររដ្ឋក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលច្បាប់នេះ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនៅឆ្នាំនេះ៕