ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីបច្ចុប្បន្នភាព នៃការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាព ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រោមអធិបតីភាពលោកមាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ វេលាម៉ោង ១០ព្រឹក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានសម្រេចស្នើទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការចំពោះបុគ្គលណា ដែលបានធ្វើការញុះញង់ប្រជាពលរដ្ឋខ្មែរ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ចំណែកលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ម្តងទៀតថា គ.ជ.ប ពុំបានប្តឹងទៅក្រសួងមហាផ្ទៃទេ ប៉ុន្តែគ.ជ.ប បានស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកដែលបានញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ “គ.ជ.ប មិនបានប្តឹងទេ ប៉ុន្តែស្នើសុំឲក្រសួងមហាផ្ទៃចាត់វិធានការ ស្របតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចំពោះការអំពាវនាវឲប្រជាពលលរដ្ឋធ្វើពហិកា ក្នុងការបោះឆ្នោត តាមរយៈចេតនាជំរុញឱ្យមានការចែកខិត្តប័ណ្ណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ” លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់បន្ថែម។
ការប្រកាសរបស់គ.ជ.ប នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានបំផុសបំផុលដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ ខាងមុខនេះ ដរាបណាមិនមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះទេនោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត សូមកុំជឿតាមការឃោសនារបស់ក្រុមអគតិមួយចំនួន ដែលញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាពេលខាងមុខ។
លោកអ្នកនាំពាក្យ បានដាស់តឿនថា ប្រសិនបើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសមិនទៅបោះឆ្នោត ដល់ពេលប្រទេសជាតិ ឬពលរដ្ឋខ្លួនឯងមានបញ្ហាណាមួយ ក្រុមជនអគតិទាំងនោះ មិនបានមកជួយដោះស្រាយបញ្ហា ជាមួយប្រជាពលរដ្ឋឡើយ ដូច្នេះសូមកុំទោរទន់ទៅនឹង ការឃោសនាពីមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក។
លោក ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិថា ក្នុងនាម គ.ជ.ប យើងសូមលើកឡើងនូវសេចក្ដីអំពាវនាវ សូមកុំឲ្យយកសម្ដីខាងក្រៅជាគោល បានន័យថា យើងកំពុងតែរស់នៅលើទឹកដីប្រទេសកម្ពុជា យើងគួរគោរពឲ្យបានល្អនូវច្បាប់របស់ប្រទេសកម្ពុជា ហើយបើជាយើងប្រាសចាកគន្លងច្បាប់ បញ្ហាអាចនឹងកើតមានឡើងសម្រាប់ផ្ទាល់ខ្លួន ហើយផលវិបាកមិនមែនអ្នកស្រែកអំពាវនាវ ឲ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោតទេ ច្បាស់ណាស់ថា ផលវិបាកនឹងធ្លាក់មកលើប្រជាពលរដ្ឋកម្ពុជាខ្លួនឯង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ មានការិយាល័យបោះឆ្នោតសរុប២២.៩៦៧ នៅ២៥មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេស ។
យោងតាមលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០.២១៧នាក់៕ ដោយ៖បញ្ញាស័ក្តិ