Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី បដិសេដ​ចំពោះ​អ្នកបកស្រាយ មួយចំនួន​ដែល​លើកឡើងថា “​គ្រាប់​មីន​នៅ​កម្ពុជា​ស្អុយ​អស់ហើយ​”

​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន និង​ប្រកាស​ដាក់ឲ្យ​ដំណើរការ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០២៥ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ បដិសេដ​ចំពោះ​ការលើកឡើង​ពី​អ្នកបកស្រាយ ឬ​សារព័ត៌មាន​មួយចំនួន​ដែល​លើកឡើងថា “​គ្រាប់​មីន​នៅ​កម្ពុជា​ស្អុយ​អស់ហើយ​”​។ សម្តេច​តេជោ សូម​កុំឲ្យ​មាន​ការលើកឡើង​បែប​នេះ ពី​ព្រោះ​ការនិយាយ​បែបនេះ ធ្វើឲ្យ​មាន​ការភាន់ច្រលំ និង​ខ្វះ​ការប្រុងប្រយ័ត្ន​ពី​ប្រជាពលរដ្ឋ ពីព្រោះ​គ្រាប់មីន​មិន​ស្អុយ​នោះទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេលវេលា​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​២០១៨-២០២៥ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។ សន្និបាត​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ ឆ្ពោះទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ក្នុង​គោលបំណង​បង្ហាញ ពី​សមិទ្ធផល​រយៈពេល ២៥​ឆ្នាំ នៃ​វិស័យ​សកម្មភាព​មីន បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ក្នុង​ការដោះស្រាយ​ការគំរាមកំហែង​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ សន្និបាត​នេះ​ក៏​មាន​គោល បំណង​ស្វែងរក​ឱកាស និង​មធ្យោបាយ​នានា ដើម្បី​គៀងគរ​ធនធាន​សម្រាប់​វិស័យ​សកម្មភាព មីន​ផងដែរ​។​

​មុន​នឹង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​បិទ​សន​ន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន​នេះ សម្តេច​តេជោ បាន​អញ្ជើញ​ទស្សនា​ការតាំងពិព័រណ៍​សកម្មភាព​កម្ចាត់​មីន និង​កាក​សំណល់​មិនទាន់ ផ្ទុះ​ដែល​រៀបចំ​ដោយ​អាជ្ញារ​ធរ​មីន​។ ក្នុង​ពិព័រណ៍​នេះ​មាន​ការបង្ហាញ​ពី​សកម្មភាព របស់​អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កន្លងមក​បាន​ចូលរួម​សកម្មភាព​ក្នុងការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កេរដំណែល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា​ត្រូវ​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម និង​ជម្លោះផ្ទៃក្នុង​រាប់​ទសវត្សរ៍​ដែល​បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់ និង​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ច្រើនជាងគេ​បំផុត ក្នុង​ពិភពលោក​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ទៀតថា តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៧ មាន​ជនរងគ្រោះ​ចំនួន ៦៤.៦៨៨​នាក់​។ កម្ពុជា​តែង​បាន​ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​ដោះស្រាយ​បញ្ហា នេះ​រហូត​ឈានដល់​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​នូវ​ការងារ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​ដែល​បាន​ទាញ​ឲ្យចំ​នួន​គ្រោះថ្នាក់​ធ្លាក់ចុះ​ជា​ប្រចាំ​។ ជាក់ស្តែង​ជនរងគ្រោះ​បាន​ថយចុះ​យ៉ាងខ្លាំង​ពី ៤.៣២០​នាក់ នៅក្នុង​ឆ្នាំ​១៩៩៦ មក​នៅ​ចំនួន​ប្រហែល ១០០​នាក់​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចាប់​ពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប សម្តេច​បាន​ខិតខំ​ពុះពារ​យ៉ាង​លំបាក​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​បង្រួបបង្រួម​ប្រទេសជាតិ រក​សន្តិភាព និង​បញ្ចប់​សង្គ្រាម​ជូន​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​ក្នុងពេលនោះ​ដៃ​ម្ខាង​ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់ មិន​ឲ្យ​របប​ប៉ុលពត វិល​មក​វិញ ហើយ​ដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សង្គម សេដ្ឋកិច្ច​ក្នុង​ស្ថានភាព ដែល​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​ហ៊ុមព័ទ្ធ​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌​ទៀតផង​។ តាមរយៈ​ការអនុវត្ត​នយោបាយ ឈ្នះ​-​ឈ្នះ កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​ទូទាំង​ប្រទេស បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​រំលាយ ហើយ​ប្រទេស​ជាតិ​ក៏​ទទួលបាន​មកវិញ​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០​ឆ្នាំ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ពិតជា​បាន​ឃើញ​យ៉ាងច្បាស់​អំពី​ការអភិវឌ្ឍ​សង្គមជាតិ ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​កើតចេញ​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព​នេះ​។ ក្នុងន័យនេះ បានបង្ហាញ​ថា ប្រជាជន​កម្ពុជា​ម្នាក់ៗ បាន​យល់​ច្បាស់​ណាស់​ពី​មហា​វិនាសកម្ម​ដោយសារ​សង្គ្រាម​ដូច​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ថ្មីៗ​នេះ ហើយ​តែងតែបាន​ប្តេជ្ញាចិត្ត​ខ្ពស់​ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​មិន​ឲ្យ​បាត់បង់​ទៅ​វិញ​ជា​ដាច់ខាត​នូវ​សុខសន្តិភាព​នេះ ពី​ព្រោះ​លទ្ធផល​នៃ​សន្តិភាព​នេះ​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ដល់​ការបន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ កិច្ចដំណើរការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។​

​នា​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​មុតមាំ​ថា “​ដើម្បី​ឲ្យ​កម្ពុជា​សម្រេ​បាន នូវ​ចក្ខុវិស័យ​មួយ ដូច​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០១៨-២០២៥ ដែល​រាជរដ្ឋាភិបាល​កំណត់​ថា (​កម្ពុជា​គឺជា​ប្រទេស​ដែល​គ្មាន មីន​ហើយ​ការគំរាមកំហែង ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវបាន​កាត់បន្ថយ​ឲ្យ​នូវ​កម្រិត​អប្បបរមា និង​មាន​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព​”​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដា​​ក់​ចេញ​នូវ​អនុសាសន៍ ៥​ចំណុច​សំខាន់ៗ​រួមមាន​៖
១)​ត្រូវ​បន្ត​ពង្រឹង​គុណភាព​សុវត្ថិភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​ចំពោះ​ការងារ​របស់​ខ្លួន ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ និង​ការជឿទុកចិត្ត​ពី​ដៃគូ​ពាក់ព័ន្ធ​។​

២)​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ចួន​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥ ស្តង់ដារ​ជាតិ សកម្មភាព​មីន ផែនការ​គោលការណ៍​ណែនាំ និង​សេចក្តីណែនាំ​នានា​ដែល​ចេញ​ដោយ​អាជ្ញាធរ​មីន​។​
៣)​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​មីន​ជាពិសេស​ការផ្តល់​ទិន្ន័យ​ព័ត៌មាន រួម​មាន​ព័ត៌មាន​ស្តីពី​ហិរញ្ញវត្ថុ សម្ភារៈ កម្លាំង​ប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​។​ល​។ ដើម្បី​ឲ្យ​អាជ្ញាធរ​មីន​មានលទ្ធភាព​បូកសរុប និង​រាយការណ៍​ជូន រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​។​
៤)​ត្រូវ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មីន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ការរៀបចំ និង​អនុវត្ត​ផែនការ​បោសសម្អាត​មីន​ប្រចាំឆ្នាំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
៥)​អាជ្ញារ​ធរ​មីន​ត្រូវ​ផ្តល់​ជា​ត្រីវិស័យ​ដល់​បណ្តាល​ប្រតិបត្តិ​ករ​ដោះ​មីន​ទាំងអស់ ដើម្បី​គោរព​ឲ្យបាន​នូវ គោលការណ៍​ណែនាំ​សម្រាប់​ធ្វើ​ផែនការ​បោសសម្អាត​និង​បន្ត​ដឹកនាំ​តាម​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​មីន ២០១៨-២០២៥ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​សម្របសម្រួល និង​គ្រប់គ្រង​ការងារ​វិស័យ​សកម្មភាព មីន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ពិតជា​បាន​ធ្វើឲ្យ​ការរៀបចំ​ផែនការ ការកំណត់​អាទិភាព ការតម្រង់​ទិស​ការងា​រ​បោសសម្អាត​មីន ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​សហគមន៍​មូលដ្ឋាន​និង​គោលដៅ​អាទិភាព នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ទន្ទឹមនឹងនេះ ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០២៥ សម្ត​ច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សហគម​ន៍​ផ្តល់ជំនួយ ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត សូម​បន្ត​ជួយ​គាំទ្រ​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជា​មួយ​អាជ្ញាធរ​មីន លើ​គ្រប់​រូបភាព​។ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ ដល់​អង្គសន្និបាត និង​មន្ត្រី​អង្គការ​នានា​ដែល​បាន​ចួលរួមចំណែក​ក្នុង​វិស័យ​ដោះ​មីន​កន្លងមក សូម ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សិ​រយ​យស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ និង អង្គការ​ម្ចាស់ជំនួយ​នានា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព កម្ចាត់​មីន​និង​បោសសម្អាត​មីន​នៅ​កម្ពុជា ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×