ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណជា ១.០០០ នាក់ បាននាំគ្នាធ្វើពិធីបង្សុកូល រាប់បាតព្រះសង្ឃចំនួន២០៧អង្គ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីឧទ្ទិសកុសល ដល់ប្រជាពលរដ្ឋ ដែលបានស្លាប់ ក្នុងរបបខ្មែរក្រហម។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកម៉ប់ សារិន អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។
យោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។ ទោះយ៉ាងណាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាស ឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងឧទ្ធិសវិញ្ញាណក្ខន្ធជូនជនរងគ្រោះ។
ថ្ងៃ២០ ឧសភា ជាទិវាចងចាំ មិនអាចបំភ្លេចបាន នូវសោកនាដកម្មខ្លោចផ្សា ក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ ជិត ៣ លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក្នុងឱកាសប្រារព្ធពិធីបង្សុកូល រាប់បាត្រ ប្រគេនព្រះសង្ឃ នៅមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ ជើងឯក ថ្ងៃ២០ឧសភា ជាប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលនរកអវិចី ដែលបានកើតឡើង យ៉ាងស្រស់ៗ នៅលើទឹកដីនៃ មាតុភូមិកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។
ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរំលឹកនូវគុណូបការៈ របស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូលរាប់បាត្រ ប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់ លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមដួងវិញ្ញាណលោកអ្នកទាំងនោះ អនុមោទនាទទួលយក និងសូមបានស្ថិតនៅក្នុងសុគតិភព ជារៀងរហូតតទៅ។
តាមសក្ខីកម្មជាក់ស្តែង បានបញ្ជាក់ថា ក្រុមជនដែលបានធ្វើការប្រទូស្តរាយ នឹងព្រះត្រៃសរណគមន៍ ពេលស្លាប់វិញ មិនបានទទួលកិត្តិយសទេ មានជាអាទិ៍ ខ្មោច ប៉ុលពត សុនសេន តាម៉ុក អៀងសារី ជាដើម។ ចំំណែកមេដឹកនាំជាន់ ខ្ពស់របស់ពួកគេ ទោះបីមានវ័យចាស់ជរាយ៉ាងណាក្តី ក៏ត្រូវរងនូវអកុសល ពិបាកកើតជាសត្វប្រែត សត្វនរកក្នុងអបាយភូមិ យ៉ាងលំបាកវេទនា ទាំងក្នុងជាតិនេះ និងបណ្តាជាតិ តៗទៅមុខទៀត។
កន្លងមក តុលាការខ្មែរក្រហម បានបញ្ចប់សំណុំរឿង លេខ០០១ ដែលទណ្ឌិត កាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវបានផ្តន្ទាទោស ដាក់គុកអស់មួយជីវិត។ បច្ចុប្បុន្ន សាលាក្តី បានបញ្ចប់កិច្ចដំណើរការ នីតិវិធីលើសំណុំរឿង លេខ០០២ -០១ ដែលចេញសាលក្រម ដោយអង្គជំនុំជម្រះសាលាដំបូង ហើយកំពុងរៀងចំដំណើរការ ដើម្បីជំនុំជម្រះ ក្នុងសំណុំរឿង០០២-០២ ប្រឆាំងនឹងជនជាប់ចោទពីររូបគឺ នួនជា និង ខៀវសំផន ជាបន្តទៀត។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក គឺជាទិវាចងចាំ មិនអាចបំភ្លេចបាន នៃរបបប៉ុលពត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ យ៉ាងសាហាវឃោរឃៅ។ តាមរយៈការសម្តែងសិល្បៈ បង្ហាញពីទិដ្ឋភាពខ្លោចផ្សា នៃការកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ ក្នុងរបបខ្មែរក្រហម គឺដូចគ្នាទៅនឹងអ្វី ដែលកើតឡើងនៅក្នុងរបប ប៉ុល ពត យើងមិនអាចបំភ្លេចបាន ថ្ងៃ២០ឧសភា នោះទេ យើងចង់អោយអ្នកទាំងអស់គ្នា ទាំងប្រជាពលរដ្ឋកម្ពុជា និងបរទេស បានឃើញនូវទុក្ខ សោកខ្លោចផ្សា ដែលប្រជាពលរដ្ឋ បានឆ្លងកាត់កន្លងមក។
នៅក្នុងឱកាសនេះដែរ សារជាច្រើន បានសម្តែងចេញពីទឹកចិត្ត ប្រជាពលរដ្ឋដោយ ស្នើសុំអោយអន្តរជាតិទាំងអស់ មេត្តាផ្តល់យុត្តិធម៌ ដល់ប្រជាជនកម្ពុជាទាំងមូល មានន័យថា សុំឲ្យពន្លឿនតុលាការអន្តរជាតិ ដែលកំពុងដំណើរការ បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជា ដើម្បីកាត់ទោសពួកអតីត មេដឹកនាំខ្មែរក្រហម អោយបានចប់ឆាប់ៗ និងដើម្បីជាមេរៀន ទុកឲ្យមនុស្សជំនាន់ក្រោយ ដោយមិនត្រូវអោយរបបបែបនេះ កើតឡើងសារជាថ្មីទេ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលប្រល័យពូជ សាសន៍ជើងឯកនោះ មានការសម្តែងល្ខោន បង្ហាញពីការចូលកាន់កាប់អំណាច នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលពួកកងទ័ពអាវខ្មៅ បានជម្លៀសប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានកាន់កាប់របបវាលពិឃាដ អស់រយៈ ពេល ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋជិត ២ លាននាក់។ ផ្ទាំងទស្សនីយភាពនោះ បានបង្ហាញពីការដួលរលំទៅវិញ នៃរបបខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងចាប់អតីតមេដឹកនាំខ្មែរ ក្រហម យកទៅកាត់ទោស តាម ច្បាប់ផងដែរ។
លោកយាយម្នាក់ ដែលជាអ្នកធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហម ដែលបានមកចូលរួម ក្នុងទិវាចងចាំមិនអាចបំភ្លេច បាន ២០ ឧសភា បានមានប្រសាសន៍សម្តែង នូវទុក្ខវេទនា ក្នុងរបបខ្មែរក្រហមថា និងគាំទ្រការអភិវឌ្ឍប្រទេស មាន ការរីកចម្រើន ដែលដឹកនាំដោយសម្តេចអគ្គមហាទាំងបី និងគាំទ្រការកាត់ទោស ពួកអតីតមេដឹកនាំខ្មែរក្រហម។
របាយការណ៍បូកសរុប អំពីឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន ក្នុងថ្ងៃទី២០ ខែឧសភាឆ្នាំ១៩៩១ បានសរសេរថាសភាជាតិ “នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា” បានអនុម័តក្នុងសម័យប្រជុំ លើកទី៥ នីតិកាលទី១ ថ្ងៃទី១៥ ដល់១៨ ខែសីហា ឆ្នាំ១៩៨៣ យកថ្ងៃ២០ ឧសភា ជា “ទិវាចងកំហឹង” ចំពោះបនប្រល័យពូជ សាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផននិងជាថ្ងៃដែល បនប្រល័យពូជ សាសន៍ បានចាប់ផ្តើមអនុវត្តគោលការណ៍ ប្រល័យពូជសាសន៍យ៉ាងចំហ និងយ៉ាងឃោរឃៅ ព្រៃផ្សៃចំពោះប្រជាជនទូទាំងប្រទេស។
ក្នុងនោះ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការថា ប្រជាជនទូទាំងប្រទេស ប្រមាណ ៣.៣១៤.៧៦៨ នាក់ត្រូវបានបាត់បង់ជីវិត ក្រោមរបបដ៏សាហាវឃោរឃៅ ជាទីបំផុត ក្នុងចុងសតវត្សរ៍ទី២០។ របាយការណ៍បូកសរុបនោះ ក៏បានសរសេរថា“ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ និងសោកនាដកម្ម ដែលប្រជាជនកម្ពុជា ទទួលរងគ្រោះ ជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ ជាទុក្ខលំបាករបស់ប្រជាជនកម្ពុជា គ្មានអ្នកនិពន្ធ ជាតិនិងអន្តរជាតិណា អាចសរសេររៀបរាប់ បានឱ្យអស់ឡើយ”។
ការអនុម័តដោយរដ្ឋសភា ក្នុងឆ្នាំ១៩៨៣ បានកំណត់យកថ្ងៃ២០ ឧសភា ជា “ទិវាចងកំហឹង” ពួកកុម្មុយនិស្តខ្មែរ ក្រហម បានកំណត់យកថ្ងៃនេះ ជាថ្ងៃអបអរកំណើតសហករណ៍ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងសង្គមកម្ពុជា។ សៀវភៅថ្នាក់ទី២ បោះពុម្ពផ្សាយលើកទី១ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលបោះពុម្ពផ្សាយ ក្នុងឆ្នាំ១៩៧៦ បានសរសេរថា “សហករណ៍យើង បានចាប់កំណើត នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៧៣ ក្នុងភ្លើងសង្គ្រាមបដិវត្តន៍ដ៏សន្ធោរសន្ធៅ ប្រជាជនយើងបានវាយឈ្នះ ចក្រពត្តិអាមេរិក និង ពួកអាក្បត់ជាតិ ហើយ បានជីក រំលើងឫសគល់វណ្ណៈសក្តិភូមិម្ចាស់ដី និងនាយទុន រំដោះទឹកដី និងប្រជាជនទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥”។
ចន្លោះខែសីហា ឆ្នាំ១៩៨៣ ដល់ខែធ្នូ ឆ្នាំ១៩៨៥ ប្រជាជនដែលរួចពីស្លាប់ចំនួន ១.១៦៦.៣០៧ នាក់ ក្នុងខេត្តចំនួន១៥ បានធ្វើញត្តិរួមគ្នា ចំនួន១.២៥០ ដែលក្នុងញត្តិទាំងនោះ បានរ៉ាយរ៉ាប់ពីចំនួន សមាជិកដែលបានស្លាប់ក្រោមរបបខ្មែរក្រហម។ ថ្វីដ្បិតតែញត្តិទាំងនោះ មានសណ្ឋានដូចៗគ្នា “ដែលស្តែងបញ្ជាក់ពីការរៀបចំឡើង ដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា” ដើម្បីគាំទ្រសេចក្តីសម្រេចរបស់ សម័យប្រជុំសភាលើកទី៥ នីតិកាល និងស្នើសុំឱ្យអង្គការសហប្រជាជាតិ បណ្តេញបន ប៉ុល ពត អៀង សារី ចេញពីកៅអីអង្គការសហប្រជាជាតិ យ៉ាងណាក៏ដោយ ការពិតជាសំខាន់ស្ថិតនៅត្រង់ថា ប្រជាជនជាង មួយលាននាក់ ដែលតំណាងឱ្យជនរងគ្រោះទូទាំងប្រទេស ដែលបានចាកផុតពីសេចក្តីស្លាប់ ក្រោមរបបប្រល័យពូជសាសន៍ បានអំពាវនាវដល់អន្តរជាតិថា របបខ្មែរក្រហម បានប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃ មកលើប្រជាជាតិកម្ពុជាទាំងមូល ហើយទាមទារឱ្យមានការស្វែងរកយុត្តិធម៌ពិត ប្រាកដមួយដល់កម្ពុជា។
ជាអកុសល ញត្តិទាំងអស់នេះ ពុំត្រូវបានផ្ញើជូនទៅដល់ អង្គការសហប្រជាជាតិទេ ហើយការទាមទាររកយុត្តិធម៌ ពុំត្រូវបានអើពើសោះឡើយ។ផ្ទុយទៅវិញ របបខ្មែរក្រហម បន្តទទួលជោគជ័យ នៅក្នុងយុទ្ធនាការអំពាវនាវ ឱ្យបណ្តាប្រទេសជាច្រើន លើឆាកអន្តរជាតិ ឱ្យគាំទ្រដល់រដ្ឋាភិបាលរបស់ខ្លួន ដោយឈរលើហេតុផលថា ប្រទេសកម្ពុជា នាពេល នោះ ត្រូវបានឈ្លានពាន ដោយប្រទេសវៀតណាម។
ទោះបីជា ទិវា២០ ឧសភា និងញត្តិទាំងនោះ ត្រូវបានអ្នកវិភាគបស្ចិមប្រទេស យល់ថា ជាការរៀបចំឡើង ដោយរបបថ្មី (សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា) ដើម្បីបម្រើនយោបាយរបស់ខ្លួនក៏ដោយ ក៏ការពិតមួយដ៏សំខាន់ ដែលពុំអាចប្រកែកបាន មកទល់ពេលនេះគឺថា ប្រជាជនកម្ពុជា បានបន្តការពុះពារស្រែក ប្រាប់ពិភពលោក រហូតដល់ថ្ងៃ ដែលមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ខែតុលា ឆ្នាំ១៩៩១ ថារបបខ្មែរក្រហមបានប្រព្រឹត្ត ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបំផុត នៅក្នុងសតវត្សរ៍ទី២០ កន្លងមកនេះ ហើយក្រាញននៀល ក្នុងការទាមទាររកយុត្តិធម៌ ជូនគ្រួសារ និងញាតិ សន្តានរបស់ខ្លួន និងក្រើនរំលឹកប្រាប់ប្រជាជនកម្ពុជា ឱ្យចងចាំអតីតកាលដ៏ឈឺចាប់នេះ និងទប់ស្កាត់ឱ្យបានកុំឱ្យរបបបែបនេះ កើតឡើងសាជាថ្មី តាមរយៈទិវាចងកំហឹង ថ្ងៃ២០ ឧសភា នេះ។
ចាប់តាំងពីឆ្នាំ១៩៩២មក មកទល់នឹងពេលនេះការប្រារឰទិវា “ចងកំហឹង” នេះត្រូវបានបាត់រូបភាព ជាសាធារណៈ ឬមានកម្រិតតូច ហើយភាគច្រើនប្រារឰឡើង ដោយស្ងៀមស្ងាត់ នៅក្នុងរង្វង់គណបក្សប្រជាជនតែប៉ុណ្ណោះ។ នេះទំនងជាដោយសារការផ្លាស់ប្តូរ នយោបាយចំពោះរបបខ្មែរក្រហម ដែលពេលនោះ បានក្លាយជាភាគីនយោបាយ ស្របច្បាប់នៃកិច្ចព្រមព្រៀង ក្រុងប៉ារីស ហើយថ្មីៗនេះទៀត សក្តានុពលនយោបាយ និងយោធាខ្មែរក្រហម បានចុះខ្សោយ ក៏ប៉ុន្តែការអះអាងថា ការថមថយចុះនៃទំហំនៃទិវានេះ បញ្ជាក់ថា ប្រជាជនកម្ពុជា បានបំភ្លេចនូវការឈឺចាប់ដោយសាររបបនេះ ពុំមែនជាការត្រឹមត្រូវឡើយ។
ថ្វីដ្បិតតែប្រជាជនកម្ពុជាគ្រប់រូប មមាញឹកនឹងកិច្ចការ ឬប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ក៏ប៉ុន្តែ ភាពព្រៃផ្សៃរបស់ពួកខ្មែរក្រហម ដែលបានប្រព្រឹត្តលើក្រុមគ្រួសារខ្លួន នៅតែដក់ជាប់ នៅក្នុងជម្រៅចិត្តជានិច្ច។ ភស្តុតាងជាក់ស្តែង ដូចជា គុកមន្ទីរសន្តិសុខ រណ្តៅសាកសព ពុំទាន់បាត់ស្លាកស្នាមពីភូមិដ្ឋានរបស់ជនរងគ្រោះ នៅឡើយទេ។ ប្រជាជនកម្ពុជា នឹងបន្តរស់នៅតែរូបកាយ ក៏ប៉ុន្តែវិញ្ញាណរបស់ខ្លួន នឹងជាប់ឃុំឃាំងក្នុងអតីតកាលជារៀងរហូត ប្រសិនបើពុំបានផ្តល់យុត្តិធម៌ ពិតប្រាកដមួយ។
បូជនីយដ្ឋានតម្កល់អដ្ឋិធាតុ មាននៅស្ទើរគ្រប់ស្រុកទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងបញ្ជាក់ប្រាប់ថា ជនរងគ្រោះ នៅតែចង់បាន”យុត្តិធម៌”។ សំណួរភាគច្រើន ដែលមីង មា អ៊ំស្រី អ៊ំប្រុស លោកតា លោក យាយជាច្រើន ដែលមិនអាចរៀបរាប់ឈ្មោះអស់ ដែលបានធ្លាប់ជួបសំណេះសំណាល នៅតាមបណ្តាភូមិស្រុក តែងសួរស្ទើរតែដូចៗគ្នាថា “ខ្ញុំចង់ឱ្យពួក “មេដឹកនាំ” ខ្មែរក្រហម ឆ្លើយប្រាប់ថា ហេតុអ្វីបាន ជាសម្លាប់មនុស្សរាប់លាននាក់ដូច្នេះ ឬហេតុអ្វីបានជាខ្មែរក្រហម សម្លាប់ ប្តីខ្ញុំ ឬកូនខ្ញុំ”៕ដោយ៖បញ្ញាស័ក្តិ