Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​.​ស​.​ស ប្តឹង​លោក រ៉ុង ឈុន ពីបទ ញុះញង់​

​ភ្នំពេញ​៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ប្តឹង បុគ្គល លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ទៅ​តុលាការ តាម​ច្បាប់​ជា​ធរមាន ដែល​បាន​ញុះញង់​ថា ប​.​ស​.​ស គេចវេស​មិន​ទទួលខុសត្រូវ ចំពោះ​កម្មករ និយោជិត ដែល​ជួប​គ្រោះថ្នាក់​ការងារ​តទៅទៀត​។​

​លិខិត​បដិសេធ​របស់ ប​.​ស​.​ស នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ផ្ញើ​មក​បុគ្គល​រ៉ុង ឈុន ដែល​បាន​សរសេរ ក្នុង​លិខិត​គ្មាន​លេខ ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨​។ សេចក្តី​បដិសេធ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សូម​ធ្វើ​ការបដិសេធ​ចំពោះ​លិខិត​គ្មាន​លេខ ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​បុគ្គល រ៉ុង ឈុន ដែលមាន​ខ្លឹមសារ​ផ្ទុយ​ទាំងស្រុង​ពី​សេចក្តីជូនដំណឹង​លេខ ៣០/១៨ ប​.​ស​.​ស ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​របស់ ប​.​ស​.​ស​។​

​ប​.​ស​.​ស សូម​រក្សា​ជំហរ​ទទួលខុសត្រូវ​ចំ​ពោះ​កម្មករ និយោជិត និង​ចាត់វិធានការ​ដល់​បុគ្គល​ទាំងឡាយណា ដែល​ធ្វើឱ្យ​ប៉ះពាល់​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​កម្ម​ក​រ និយោជិត​។ ប​.​ស​.​ស នៅតែ​បន្ត​ការធានារ៉ាប់រង និង​ទទួលខុសត្រូវ​ចំពោះ​កម្មករ និយោជិត ដែល​មាន​បញ្ហា​សុខភាព សន្លប់​ជា​បុគ្គល (​ម្នាក់ ឬ​ពីរ​នាក់​) និង​សន្លប់​ជា​សមូហភាព (​ច្រើន​នាក់​) ទោះ​បញ្ហា​សន្លប់​នោះ ពាក់ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ក្តី ក៏​បងប្អូន​កម្មករ និយោជិត អាច​ទទួល​សេវា​ព្យាបាល និង​ថែ​ទាំង​វេជ្ជសាស្ត្រ នៅ​គ្រប់​មជ្ឈដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស ដោយ​ឥត​បង់ថ្លៃ​។ ប​.​ស​.​ស នឹង​ប្តឹង​បុគ្គល​នេះ​ទៅ​តុលាការ តាម​ច្បាប់​ជា​ធរមាន​។​

​កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ លោក រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​សេចក្តីជូនដំណឹង​របស់​ប​.​ស​.​ស កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការបញ្ជាក់​លើ​ករណី​ដួលសន្លប់​របស់​កម្មករ​។ លោក​ចោទថា តាមរយៈ​សេចក្តីជូនដំណឹង​នេះ ជាការ​គេចវេស​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ និយោជិត ដែល​មាន​បញ្ហា​នៅ​កន្លែងធ្វើការ ឬ​ម៉ោង​ធ្វើការ និង​ផ្ទុយ​ពី​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន និង​កំពុង​ចុះ​ជួប​កម្មករ និយោជិត​។​

​សេចក្តីថ្លែងការណ៍​របស់លោក រ៉ុង ឈុន ធ្វើឡើង​បន្ទាប់​ពី​លោក អ៊ុក សម​វិទ្យា នាយក ប​.​ស​.​ស បាន​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨​ទៅ រាល់​ស្ថានភាព​របស់​កម្មករ និយោជិត ដែល​មាន​អាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍ ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម ហើយ​សន្លប់​ជា​បុគ្គល​ក្នុង​កន្លែងធ្វើការ ឬ​ម៉ោង​ធ្វើការ គឺ ប​.​ស​.​ស ចាត់ទុកថា ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លូន​របស់​បុគ្គល មិនមែន​បណ្តាលមកពី​ការងារ ឬ​បរិយាកាស​កន្លែងធ្វើការ ដូច​ការយល់ឃើញ​ទូទៅ​របស់​និយោជក ឬ​កម្មករ និយោជិត​នោះទេ​។ ដូច្នេះ​កម្មករ និយោជិត​ទាំងអស់ ត្រូវ​ទទួល​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

​   

×