ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ជាខួបគម្រប់៦៩ឆ្នាំ (០៤-៦-១៩៤៩-០៤-៦-២០១៨) នៃថ្ងៃអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាម ត្រួតត្រាបន្ត គឺជាថ្ងៃដ៏ឈឺចាប់បំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។
បើតាមសេចក្តីជូនដំណឹង លោកថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ សូមលំឱនកាយគោរពអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនរួមឈាម ព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភ ដូចជាចង្ហាន់ព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកា ដើម្បីយើងខ្ញុំមានលទ្ធភាពរៀបចំពិធីបុណ្យឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំតាមការគួរ។
លោកបានបន្តថា កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ និង ៣០នាទីព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ និងមានរាប់បាត្រព្រះសង្ឃជានិមិត្តរូបតំណាង១៩៤៩អង្គ ដារ បង្សុកូល ឧទ្ទិស មគ្គផលជាកិច្ចបង្ហើយបុណ្យ។ ពេលរសៀលចាប់ពីម៉ោង១រហូតដល់ម៉ោង៥ មានវេទិការស្វែងយល់ អំពី ទិវាប្រវត្តិសាស្ត្រថ្ងៃ៤មិថុនា១៩៤៩។
ទីកន្លែងប្រារព្ធពិធី ស្ថិតនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ផ្ទះលេខ៧២ ផ្លូវ៤២៦A ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(នៅទល់មុខផ្សារឈូកមាស)។
លោកថាច់ សេដ្ឋា បានសង្ឃឹមយ៉ាងមុតមាំទៅលើស្មារតីស្នេហាជាតិ ស្នេហាព្រះពុទ្ធសាសនា បងប្អូនរួមជាតិ ក្នុងការលះបង់ពេលវេលាដ៏មានតម្លៃ ទាំងសម្ភារៈនិងថវិកា ក្នុងការនិមន្តិងអញ្ជើញចូលរួមគោរពនូវវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរស្នេហាជាតិជាមិនខាន។ លោកបានបន្តថា អាជ្ញាធរណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយ ដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរ នៅលើទឹកដីខ្មែរកម្ពុជា ដោយផ្តើមចេញអំពីពំពើអមនុស្សធម៌នេះ ការតស៊ូពលីជីវិតនៃប្រជាជនខ្មែឬ ក៏បានចាប់ផ្តើមឡើង ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីជាតិបានក្លាយជាខ្សែសង្វាក់ជាប់មិនដាច់រហូតដល់សព្វថ្ងៃ ៕ ដោយ៖បញ្ញាស័ក្តិ