Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិនិត្យឧត្តមានុវត្តសកល ដើម្បីរៀបចំក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូល ដើម្បីធានាភាពជាម្ចាស់ និងភាពស៊ីសង្វាក់គ្នារវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។

អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទន្ទឹមនឹងនោះជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​សមភាព​សង្គម។

ការរៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះ ផ្អែកលើឧត្តមានុវត្តសកលនៃការឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងពិនិត្យផែនការសកម្មភាពបច្ចុប្បន្ននៃការអនុវត្តយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ ផ្ទាំងទិន្ន​ន័យ​ឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃ (M&E Dashboard) ត្រូវបានរៀបចំឡើង ដើម្បីសម្រួល​ដល់ការតាមដានវឌ្ឍនភាព។ ប្រព័ន្ធនេះក៏រួមមានមុខងារសំខាន់ៗ ដូចជាការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តយុទ្ធសាស្រ្ត នីតិវិធីគ្រប់គ្រងទិន្នន័យ ការប្រមូល និងវិភាគទិន្នន័យ ដើម្បីធានាការរាយការណ៍វឌ្ឍនភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រី្ត ប្រធានគណៈកម្មាធិការសម្របសម្រួល បានលើកឡើងថា៖ “ប្រព័ន្ធនេះនឹងបង្កើតវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃគោលដៅ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចសម្រេចចិត្តផ្អែកលើទិន្នន័យ និងអាចកែសម្រួលសកម្ម​ភាពតាមសភាពការណ៍ និងតម្រូវការជាក់ស្តែង ដើម្បីធានាថា សកម្មភាពទាំងនោះពិតជាអាចអនុវត្តបាន និងឆ្លើយតបនឹងវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងសុខមាលភាពបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានចាត់តាំងជាក្រសួងបង្គោល ក្នុងការ ដឹក​នាំសម្របសម្រួល, រៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃ, រៀបចំរបាយការណ៍វឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ ដោយផ្អែកលើធាតុចូលពីភាគីពាក់ព័ន្ធ។ យុទ្ធសាស្ត្រជាតិក៏បានកំណត់តួនាទីសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានការរៀបចំផែនការសកម្មភាពលម្អិត ផែនការថវិកា របាយការណ៍វឌ្ឍនភាពតាមវិស័យ និងការផ្តល់ទិន្នន័យសម្រាប់គោលបំណងពិនិត្យ តាមដាន និងវាយតម្លៃ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមបានយ៉ាងងាយស្រួល ដើម្បីទទួលអត្តសញ្ញាណ និងអត្ថប្រយោជន៍នានា។ ការបង្កើតក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះនឹងជំហានដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×