ខ្សែវីដេអូឃ្លីបមួយ ដែលបង្ហាញឲ្យឃើញសត្វឆ្កែជាច្រើនក្បាល ត្រូវបានចងជើង និងមាត់ រួចទម្លាក់ចូលក្នុងរណ្តៅទឹកមួយ នៅក្នុងកោះ Bali បានកំពុងបង្កឲ្យរលកកំហឹងយ៉ាងខ្លាំង ពីអ្នកស្រលាញ់សត្វ ។ ហើយករណីដ៏ឃោរឃៅរីករាលដាលនេះ ក៏បានលេចលឺដល់ប៉ូលីសបើកការស៊ើបអង្កេតផងដែរ ។
វីដេអូឃ្លីបខ្លីនេះ បានបង្ហាញសត្វឆ្កែជាច្រើនក្បាល ដែលត្រូវបានចងមាត់ និងជើងជាប់គ្នា១គូៗ ត្រូវបានពន្លិចនៅក្នុងរណ្តៅទឹកតូចមួយ មុនពេលដែលបុរសម្នាក់ក្នុងចំណោម២នាក់ បានប្រើដែកក្រង៉ាយលើកពួកវាចេញទៅដាក់លើចិញ្ចើមផ្លូវ ។
ប៉ូលីសនិយាយថា សត្វឆ្កែទាំងនោះត្រូវបានឃើញនៅតែមានជីវិត បន្ទាប់ពីពួកវាត្រូវស្រង់ចេញពីក្នុងទឹកប៉ុន្មានវិនាទី ដូច្នេះ វាពុំច្បាស់ថាតើហេតុផលរបស់ជនល្មើសនៅក្នុងវីដេអូនេះ គឺក្នុងបំណងធ្វើឲ្យសត្វឆ្កែទាំងនោះចុះខ្សោយ ឬ ក៏ «ងូតទឹក» ឲ្យពួកវានោះទេ ។
វីដេអូនេះត្រូវបានស្ត្រីម្នាក់ឈ្មោះ Dian Wedha បង្ហោះឡើងហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែឧសភា ដោយវីដេអូនេះត្រូវបានថតនៅទីកន្លែងមួយក្នុងតំបន់ Bangli នៃកោះបាលី ប្រទេសម៉ាឡេស៊ី ។
មេប៉ូលីស Bangli លោក Agus Tri Waluyuo បានបញ្ជាក់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកថា នាយកដ្ឋានរបស់លោកកំពុងធ្វើការស៊ើបអង្កេតមួយ ។
លោក Waluyuo បានថ្លែងថា៖ «យើងកំពុងដំណើររឿងនេះ ហើយបន្ទាប់មក ប្រសិនបើយើងរកឃើញសកម្មភាពបទល្មើសទាក់ទងនឹងករណីនេះ យើងនឹងធ្វើដំណើរទៅមុខទៅតាមនីតិវិធី» ។
គួរបញ្ជាក់ថា កោះ Bali បានហាមឃាត់ការជួញដូរសាច់ឆ្កែនៅក្នុងកោះ ដោយចេញនូវសេចក្តីសម្រេចរបស់អភិបាលក្រុង នៅក្នុងខែកក្កដា ឆ្នាំ ២០១៧ ប៉ុន្តែ នៅតែមានរបាយការណ៍អំពីការលក់សាច់ឆ្កែនៅតែបន្តយ៉ាងគគ្លើន ។
ទន្ទឹមនោះផងដែរ សមាគមសុខុមាលភាពសត្វបាលី (BAWA) បានឆ្លើយតបនឹងវីដេអូនេះផងដែរ ដោយពន្យល់ថា បុរទាំងនេះពិតជាមិនបានកំពុងងូតទឹកឲ្យសត្វឆ្កែទាំងនោះទេ ដែលពួកគេកំពុងធ្វើបាបសត្វ មុនពេលសម្លាប់ពួកវាដ៏ឃោរឃៅមួយ ៕ ចន្ទី