ខេត្តព្រះសីហនុ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃអង្គារ៍ ទី២២ ខែឧសភា ឆ្នាំ២០១៨ថា មានអ្នកច្បាប់ស្ម័គ្រចិត្តមកពី ក្រុមមេធាវីយុត្តិធ៌ម និងសហការីជិតដប់នាក់បានដាក់ពាក្យស្នើសុំការពារក្តីជូន ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីស្នើការពារក្តីជូន ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន ៤នាក់ បន្ទាប់ពីត្រូវបាន លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ទៅតាមបណ្តឹង របស់ លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ក្រោយពេលការសាកសួរអស់ពេល ២ថ្ងៃរួចមក។
លោកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី២២ ខែឧសភាថា ក្រុមអ្នកច្បាប់ស្ម័គ្រចិត្តទាំងនោះរួមមាន៖ មេធាវី ស៊ុយ ឈុនហាក់ មេធាវី ព្រុំ សុវណ្ណារ៉ា, មេធាវី ច័ន្ទ តារាមុនន្ទ ,មេធាវី សេង សុវណ្ណារី, មេធាវី ស៊ុយ សុខុន, មេធាវី ស៊ុយ សុវណ្ណបញ្ញា, មេធាវី ជ្រា ឈុនឡេង, មេធាវី អ៊ិន សុខប៉ូ និងមេធាវី ហួត លីហួរ។
លោកស្រីបន្តថា ក្រុមមេធាវីខាងលើ គឺជាសមាជិក គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យ ក្រុមមេធាវីយុត្តិធ៌ម និងសហការី ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ លោកស្រី ជាប សុធារី បានឲ្យដឹងថា ក្នុងចំណោមមេធាវីខាងលើ ក៏មានមេធាវីមួយចំនួន ក៏ ជាធ្វើជាមេធាវី ឲ្យរាជរដ្ឋាភិបាលផងដែរ។
មន្ត្រីឃ្លាំមើលសង្គមប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា ការចូលខ្លួនមកជួយតតាំង ឬជួយការពារក្តីជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដីធ្លីចំនួន ៤នាក់ រស់នៅសហគមន៍អូរខ្សាច់ ស្រុកស្ទឹងហាវនាឱកាសនេះ គឺកើមានក្រោយពេល ដែលពលរដ្ឋរងគ្រោះខាងលើ ត្រូវភាគីទំនាស់ គឺលោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ បានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្ថឲ្យចាប់ខ្លួន ហើយក្រោយមកត្រូវចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ លោក ឡូត ផារី សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នា២០១៨។
ផ្តើមពីបញ្ហានេះ លោកស្រី ជាប សុធារី ក្នុងនាមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឲ្យពិនិត្យឡើងវិញ ចំពោះការចាប់ខ្លួនពលរដ្ឋរងគ្រោះដីធ្លីចំនួន ៤នាក់ ដោយកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលក្រោយមក ត្រូវសាលាដំបូងខេត្តនេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន តាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ជាឈ្មួញដីមានទ្រព្យដ៏ល្បីរស់នៅខេត្តព្រះសីហនុជាថ្មីឡើងវិញ។
សំណុំរឿងនេះ លោកស្រី ជាប សុធារី បានឲ្យដឹងថា បច្ចុប្បន្នមានអ្នកច្បាប់ជិតដប់នាក់ មកពីក្រុមមេធាវីយុត្តិធ៌ម និងសហការី បានដាក់ពាក្យសុំការពារក្តី ជូនពលរដ្ឋរងគ្រោះដីធ្លីទាំង៤នាក់ ដើម្បីតទល់បណ្តឹង របស់ឈ្មួញដីដ៏ល្បីល្បាញ ប្រចាំខេត្តព្រះសីហនុ គឺលោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ដើម្បីឈាន ទៅផ្តល់យុត្តិធ៌មតាមប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋរងគ្រោះ និងជាអ្នកអាស្រ័យផលលើដីជាក់ស្តែង។
សំណុំរឿងនេះ ក្រុមមន្ត្រីឃ្លាំមើលសង្គម មន្ត្រីរាជការថ្នាក់ទាប ពិសេសប្រជាពលរដ្ឋក្រីក្រភាគច្រើន រស់នៅខេត្តព្រះសីហនុ បានចាត់ទុកការចាប់ខ្លួនពលរដ្ឋក្រីក្ររងគ្រោះដីធ្លីចំនួន ៤នាក់ រស់នៅសហគមន៍អូរខ្សាច់ ស្រុកស្ទឹងហាវ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងតក់ក្រហល់ ទៅតាមបណ្តឹង របស់ លោកឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ថាមានភាពមិនប្រក្រតីជាច្រើនចំណុច។
អ្នកឃ្លាំមើលសង្គម បានដកស្រង់សំដី ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង ៤នាក់ នាឱកាសបានចូលជួបសួរសុខទុក្ខក្នុងពន្ធនាគារ ដោយជនរងគ្រោះទាំងនោះ នៅតែទទូចសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ និងពិនិត្យទៅលើសកម្មភាពចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋរងគ្រោះដីធ្លីទាំង ៤នាក់ ដាក់ពន្ធនាគារដើម្បីផ្តល់យុត្តិធ៌មជូនពួកគាត់។ ជាងនេះ ពលរដ្ឋរងគ្រោះទាំង ៤នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ស្នើដល់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឲ្យជួយពិនិត្យទៅលើការឃុបគ្នាចេញប្លង់កម្មសិទ្ធិដីធ្លី ផ្តើមដោយបុគ្គលជាមន្ត្រីមួយចំនួននៅក្នុងស្ថាប័នពាក់ព័ន្ធជូន លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ថាតើបានអនុវត្តត្រឹមត្រូវតាមច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ?។ ហើយថាករណីនេះ បើរកឃើញកំហុសឆ្គង គឺត្រូវនាំខ្លួនអ្នកជាប់ពាក់ព័ន្ធការចេញបណ្ណកម្មសិទ្ធិដីធ្លីនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅផ្តន្ទាទោសតាមច្បាប់។
បន្ថែមលើនេះ លោកស្រី ជាប សុធារី មន្ត្រីសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានដាក់ការសង្ស័យទៅលើសកម្មភាពតល់ក្រហល់ របស់ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសាលាដំបូងខេត្តនេះ ដែលចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋរងគ្រោះដីធ្លី ៤នាក់ ដាក់ពន្ធនាគារ កាលពីថ្ងៃទី៨ ខែឧសភា ថាមានភាពអយុត្តិធ៌ម និងអាចមានការឃុបឃិតគ្នា។
លោកស្រីចាត់ទុកសកម្មភាពចាប់ពលរដ្ឋក្រីក្រទាំង ៤នាក់ ដាក់ពន្ធនាគារខាងលើថា ជាការគំរាមកំហែង និងធ្វើបាបពលរដ្ឋ ដែលហ៊ានចេញមុខតស៊ូមតិទាមទារសិទ្ធិកាន់កាប់ដី របស់ខ្លួនបានកាប់រានតាំងពីឆ្នាំ១៩៩០ មកនោះ ប៉ុន្តែបែរជាត្រូវឧកញ៉ាមានទ្រព្យធន បានឃុបឃិតជាមួយមន្ត្រីខិលខូចមួយចំនួន លួចធ្វើប្លង់កម្មសិទ្ធិរំលោភយក និងបានប្រើកម្លាំងកងរាជអាវុធហត្ថ និងប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមចាប់ម្ចាស់ដីពិតប្រាកដដាក់គុកទៅវិញ។
បញ្ហានេះ លោកស្រី ជាប សុធារី ក្នុងមានអ្នកឃ្លាំមើលសង្គម បានស្នើដល់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យជួយស៊ើបអង្កេត ទៅលើបណ្ណកម្មសិទ្ធិ ដែលលោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ទទួលបាន នៅចំណុចដីក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ថាតើបានអនុវត្តត្រឹមត្រូវតាមច្បាប់ភូមិបាលដែរឬទេ? ព្រោះដីនៅតំបន់មានជម្លោះនោះ គឺស្ថិតក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរាជរដ្ឋាភិបាលបម្រុងទុកនាពេលកន្លងមក។ ជាងនេះទៀត ក៏មិនដែលឃើញមានវត្តមាន លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ បង្ហាញវត្តមាននៅលើដីទំនាស់នោះដែរនាពេលកន្លងមក។
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាកម្លាំងចំនួន ២រថយន្ត ចុះចាប់ពលរដ្ឋចំនួន ៦នាក់ រស់នៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលកាលណោះកម្លាំងកងរាជអាវុធហត្ថបានផ្ទុះអាវុធ និងចាប់ពលរដ្ឋដាក់ខ្នោះ បញ្ជូនភ្លាមៗមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មុនបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ទៅតាមបណ្តឹង របស់លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ដែលជាសេដ្ឋីមានទ្រព្យស្តុកស្តម ហើយត្រូវជាមិត្តភ័ក្រស្និទស្នាល រស់នៅខេត្តព្រះសីហនុជាមួយគ្នា។ បន្ទាប់ពីត្រូវតុលាការសាកសួររួច ពលរដ្ឋរងគ្រោះដីធ្លីចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ក៏ត្រូវ លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ក្នុងពន្ធនាគារខេត្តនេះជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ដោយចោទពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
មុនពេលត្រូវកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនពីសាលាដំបូងខេត្តព្រះសីហនុ បញ្ជូនទៅដាក់ពន្ធនាគារ ស្ត្រីវ័យចំណាស់ ដែលមានសក់ស្កូវសំពោង ឈ្មោះ លុច ទូច ជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋ ៤នាក់ ដែលមានឈ្មោះត្រូវជាប់គុកច្រវ៉ាក់ បានចាត់ទុកដីកាសម្រេច របស់ លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ថាមានភាពអយុត្តិធ៌មសម្រាប់ពួកគាត់ និងបានដង្ហោយរក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធ៌មរួចផុតពីការចោទប្រកាន់ និងមានសិទ្ធិកាន់កាប់ដីធ្លីធ្លាប់រស់នៅដូចដើមវិញ។
សំណុំរឿងនេះ សាធារណជនមួយចំនួន ក៏មានចម្ងល់ទៅលើសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបញ្ជូនកម្លាំងទាំងតក់ក្រហល់ ចុះបាញ់គំរាមប្រជាពលរដ្ឋ និងចាប់ដាក់ខ្នោះ បញ្ជូនភ្លាមៗ ទៅកាន់សាលាដំបូងខេត្ត ទៅតាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈខាងលើ តើអាចជាសកម្មភាពផ្គើនចំពោះបទបញ្ជា ឬអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឬយ៉ាងណា..?។ ព្រោះថា កន្លងមកថ្មីៗនេះ សម្តេច បានផ្តល់អនុវសាសន៍ទៅដល់មន្ត្រីក្រោមឱវាទ នៅតាមរាជធានីខេត្តនានា ឲ្យបន្តសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងភាគីទំនាស់ដោយសន្តិវិធី និងជៀសវាងប្រើកម្លាំងប្រដាប់អាវុធ បាញ់គំរាមចាប់ពលរដ្ឋមានទំនាស់ដីធ្លីដាក់គុកច្រវ៉ាក ដោយហិង្សាជាបន្តទៀត។
ផ្តើមពីបញ្ហានេះ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋក្រីក្រីរងគ្រោះដីធ្លីនាខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យជួយបញ្ជូនមន្ត្រីជំនាញឯករាជ្យ ចុះអង្កេតទៅលើសកម្មភាពការងារ របស់ លោក ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបញ្ជូនកម្លាំងចុះចាប់ពលរដ្ឋរងគ្រោះដីធ្លីដាក់ខ្នោះទាំងតក់ក្រហល់ ទៅតាមបណ្តឹង របស់ លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ថាតើបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរឬទេ ឬមួយក៏ជាការឃុបឃិតជួយគ្នាតាមរបៀបបក្សពួកនិយម ឬជួយគ្នាយើង…?។
ករណីនេះ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បានកត់សម្គាល់ថា សកម្មភាព របស់ លោក ហេង ប៊ុនទី មេបញ្ជាការកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ហាក់មិនបានខ្វល់ចំពោះបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ត្រូវរួមសហការគ្នាបំរើរាស្ត្រ ឬប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទន់ភ្លន់ និងត្រូវជៀសឲ្យផុតពីរូបភាពគំរាមកំហែងផ្សេងៗ ដែលសម្តេចបានរំលឹកជាបន្តបន្ទាប់មកនោះទេ។ ផ្ទុយទៅវិញ លោក ហេង ប៊ុនទី ហាក់បានផ្គើនចំពោះបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទៅវិញ ដោយបានបញ្ជាកម្លាំងក្រោមឱវាទចាប់ពលរដ្ឋរងគ្រោះដីធ្លី តាមបណ្តឹងឈ្មួញមានទ្រព្យទាំងតក់ក្រហល់ទៅវិញ។
ទោះជាបែបនេះក្តី គេហទំព័រ www.cen.com.kh មិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី និងលោកឧកញ៉ា តាន់ តាត់ ព្រមទាំង លោក ឡុញ វណ្ណៈ ដើម្បីបំភ្លឺជុំវិញការពាក្យបណ្តឹង ដែលឈានដល់ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បញ្ជូនកម្លាំងចុះចាប់ពលរដ្ឋមានទំនាស់ដីធ្លី រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាលពីថ្ងៃទី៦ ខែឧសភា និងក្រោយមកត្រូវឃុំខ្លួនដាក់ពន្ធនាគារ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨បានទេ នៅថ្ងៃអង្គារ៍ ទី២២ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងនេះក្តី សំណុំរឿងដីធ្លីខាងលើនេះ ត្រូវសាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាបង្គាប់ ឲ្យឃុំខ្លួនពលរដ្ឋមានទំនាស់ដីធ្លីចំនួន៤នាក់ ក្នុងចំណោម៦នាក់ ឲ្យជាប់ពន្ធនាគារបណ្តោះអាសន្ន ចោទពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
ដីកាបង្គាប់ឲ្យឃុំខ្លួន មានចុះហត្ថលេខា និងបោះត្រា លោក ឡូត ផារី ចៅក្រមចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តព្រះសីហនុ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បានសម្រេច៖ បញ្ជាជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ លុច ទូច ហៅទូច ភេទស្រី – ឈ្មោះ កៅ ហេង ហៅចិក ភេទប្រុស – ឈ្មោះ មែន ខេន ភេទប្រុស និងឈ្មោះ ញ៉ាញ់ ជាតិ ភេទប្រុស មានអាសយដ្ឋាននៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនត្រូវចោទទាំង ៤នាក់ ត្រូវតុលាការបង្គាប់ ឲ្យនាំខ្លួនទៅដាក់នៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
ដីកាសម្រេចនេះ ទាំងមន្ត្រីរាជការថ្នាក់ទាប សហគមន៍ពលរដ្ឋរងគ្រោះដីធ្លី និងសាធារណជនភាគច្រើន រស់នៅខេត្តព្រះសីហនុ បង្ហាញការសោកស្តាយ និងហួសចិត្ត បន្ទាប់ពីទទួលបានព័ត៌មានមកថា លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋក្រីក្ររងគ្រោះដីធ្លីចំនួន ៤នាក់ដាក់ពន្ធនាគារ ទៅតាមបណ្តឹង របស់ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ជាអ្នកមានទ្រព្យស្តុកស្តម នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងសាធារណជនមួយចំនួន បានកត់សម្គាល់ថា សកម្មភាពប្រើកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនប្រជាពលរដ្ឋ ដែលតស៊ូមតិដោយសន្តិវិធីលើលើវិវាទីដីធ្លី នាខេត្តព្រះសីហនុ ដោយលើកយកច្បាប់ព្រហ្មទណ្ឌមកអនុវត្ត ជាពិសេសបានអនុវត្តទៅលើប្រជាពលរដ្ឋរងគ្រោះចំនួន៤នាក់ រស់នៅសហគមន៍អូរខ្សាច់ខាងលើនេះ គឺបានកើតមានជាថ្មីទៀត នៅគ្រាតម្លៃទិញលក់ដីនាខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ ឬមានហាងឆេងខ្ពស់កប់ពពក។ ដូចជាករណីបណ្តឹង របស់ លោកឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ជាអ្នកមានទ្រព្យដ៏ល្បីនៅមូលដ្ឋាននេះ បានប្តឹងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍អូរខ្សាច់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនកម្លាំងចុះចាប់ខ្លួនពលរដ្ឋភ្លាមៗ ហើយក្រោយមកត្រូវសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនពលរដ្ឋចំនួន ៤នាក់ ដាក់ពន្ធនាគារ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ជាឧទាហរណ៍ស្រាប់។
សំណុំរឿដីធ្លីនេះ ក៏បានកើតមានស្របពេលហាងឆេញទិញលក់ដីនៅខេត្តព្រះសីហនុ កំពុងមានតម្លៃខ្ពស់កប់ពពក បន្ទាប់ពីមូលដ្ឋាននេះ មានអ្នកវិនិយោគទុនចិនច្រើនកុះករ បានចូលមកមូលដ្ឋាននេះ និងហ៊ានទិញ ឬជួលដី ដើម្បីធ្វើអាជីវកម្មលើជំនួញផ្សេងៗ ក្នុងតម្លៃខ្ពស់ និងមិនធ្លាប់មានពីមុនមក៕