ភ្នំពេញ៖ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្វីត្បិតតែលទ្ធផលបោះឆ្នោត មិនទាន់ដឹងយ៉ាងណា តែរាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពមុខគេ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន នៅក្នុងចំណោមវិស័យសំខាន់ៗ៤ រួមមាន ធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង។
សម្តេចតេជោ បានថ្លែងថា ដើម្បីជំរុញវិស័យអប់រំនេះ ឲ្យកាន់តែរីកចម្រើន ប្រកបដោយគុណភាព គឺយ៉ាងហោចណាស់ឃុំ១ ត្រូវមានអនុវិទ្យាល័យ១ ស្រុក១អាចមានវិទ្យាល័យច្រើន ហើយខេត្ត១ត្រូវមាន សាលកវិទ្យាល័យ១ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សរបស់យើង។
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រមាណ ៣៣៤៩នាក់ នឹងមាននារី ១៤៤៩នាក់ ដែលមានកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ក្នុងនោះក៏មាននិស្សិតជ័យលាភី ដែលទទួលអាហារូបករណ៍ ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ៣១នាក់ (នារី ១៤នាក់)ផងដែរ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលលកោះពេជ្រ រាជធានីភ្នំពេញ។
ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនេះចំនួន ១៨លើករួចមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនរបស់សាកលវិទ្យាល័យនេះដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាយើងមួយចំនួនក៏ជា អតីតនិស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យនេះដែរ ហើយកំពុងកាន់មុខងារសំខាន់ៗមួយចំនួន។ សាលកវិទ្យាល័យនេះ មិនត្រឹមតែមាននិស្សិតខ្មែរ សិក្សានោះទេតែក៏មាននិស្សិតបរទេសបាននិងកំពុងសិក្សាផង ដែរដូចជា និស្សិតចិន អាមេរិក ជប៉ុន បារាំង អង់គ្លេស កូរ៉េ ឡាវ វៀតណាម ម៉ាលី ម៉ារ៉ុក ទុយនេស៊ី ហ្វីលីពីន ។ល។ ហើយថ្ងៃនេះគឺមាននិស្សិតជ័យលាភីបរទេសចំនួន២៣នាក់ដែលបានមកទទួលសញ្ញាបត្រ ក្នុងនោះមាន បារាំង១៨នាក់ ម៉ារ៉ុក២នាក់ អង់គ្លេស១នាក់ ម៉ាលី១នាក់ និងទុយណេស៊ី១នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនាពេលបច្ចុប្បន្នកំពុងតែបាញ់ឆ្ពោះទៅលើការអប់រំនៅតាមទីជនបទ ដោយដាក់ចេញគោលដៅភូមិមួយមានសាលាមួយ និងស្រុកមួយមានវិទ្យាល័យច្រើន និងខេត្តមួយត្រូវមានសាកលវិទ្យាល័យរដ្ឋមួយ។
សម្តេចនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះចំនួននិស្សិតជានារី ដែលមានកម្រិតទាបជាងបុរសនៅថ្នាក់ឧត្តមសិក្សា ដែលត្រូវមានការគិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យគ្រឹះស្ថានអប់រំ បន្តយកចិត្តទុកដាក់ពង្រឹងការអប់រំបន្ថែមទៀត។ យុវជនសម័យសុខសន្តិភាពនេះមានឱកាសច្រើនណាស់ក្នុងការស្វែងរកការអប់រំ ខុសគ្នាឆ្ងាយពីយុវជនក្នុងសម័យសង្គ្រាម ដែលគ្មានផ្លូវជ្រើសរើសនោះឡើយ ក្រៅតែពីការចូលបម្រើកងទ័ព។
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការតស៊ូរំដោះប្រទេសជាតិ តាមរយៈ ជ័យជំនៈដែលរំដោះប្រទេសជាតិរួចផុតពីរបបប្រស័យពូជសាសន៍ប៉ុលពតនៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលបានបង្រួបបង្រួមជាតិ និងផ្តល់នូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា នៅតែមិនទាន់ឆ្លើយតបចំពោះក្រុមហ៊ុននានានៅកម្ពុជា ដែលទាមទារឲ្យមានការជ្រើសរើសយក អ្នកជំនាញពីក្រៅប្រទេស។ ដូច្នេះតម្រូវការបណ្តុះបណ្តាលធនធាននៅតែជាបញ្ហាអាទិភាព។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មូលហេតុដែលកម្ពុជាដើរចូលអាស៊ានបាន ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់។ សម្តេចថា លក្ខិណៈវិនិច្ឆ័យរបស់អាស៊ាន គឺសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ប្រទេសទីម័រមិនទាន់អាចចូលជាសមាជិកអាស៊ានបាន ដោយសារតែប្រទេសមានធនធានមនុស្សមិនឆ្លើយតបតម្រូវការរបស់អាស៊ាន។ ប្រទេសអាស៊ានដែលមានការលូតលាស់ កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយការកាត់បន្ថយគម្លាតរវាង សមាជិកអាស៊ានចាស់ និងអាស៊ានថ្មី ក៏ត្រូវផ្តោតសំខាន់ ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះផងដែរ។
ការកាត់បន្ថយគម្លាតធនធានទ្រព្យសម្បត្តិជារឿងលំបាក ដូចជានៅប្រទេសធំៗ លើលោកមិនមែនសុទ្ធមានប្រជាពលរដ្ឋជាសេដ្ឋីគ្រប់គ្នានោះទេ ប៉ុន្តែប្រជាពលរដ្ឋធម្មតា និងសេដ្ឋីនោះ សុទ្ធតែអាចរៀនចប់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា។ សម្រាប់កម្ពុជាវិញ ការបណ្តុះបណ្តាលធនធានមនុស្ស គឺកូនអ្នកមាន និងអ្នកក្រ គឺសុទ្ធតែអាចរៀនបានខ្ពស់ដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ៕ ដោយ៖បញ្ញាស័ក្តិ