ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយ គ្រោងបោះទុនជាង ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងឆ្នាំ២០២៣។
ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ លោក Chen Jiangang ជាប្រធានក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្ហាញគម្រោងមួយនេះ ដែលជារោងចក្រផលិតសំបកកង់ធំជាងគេ នៅតំបន់ SSEZ។
លោក Chen Jiangang បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្ន មានរោងចក្រចំនួន ១៧០ មកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ លោក បានបន្តទៀតថា គម្រោងនេះ និងបានបង្កើតការងារប្រមាណ ៣ម៉ឺន កន្លែង សម្រាប់អ្នកស្រុក។ ក្រៅពីនេះ លោក Chen Jiangang បានឱ្យដឹងដែរថា ក្រុមហ៊ុនចិន ក៏គ្រោងនឹងនាំចូលកសិផលពីកម្ពុជាទៅប្រទេសចិនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេង សំហេង បានគាំទ្រចំពោះគម្រោងវិនិយោគនេះ ដោយសង្កត់ធ្ងន់ថា វានឹងមិនត្រឹមតែលើកទឹកចិត្តកសិករកម្ពុជាឱ្យដាំកៅស៊ូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការងារដល់អ្នកក្នុងស្រុកផងដែរ។ ហើយលើសពីនេះ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខេត្តព្រះសីហនុ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវល្បឿនលឿន ដែលសាងសង់ជិតរួចរាល់ និងគ្រោងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ គឺជាស្នូលសម្រាប់ការរីកចម្រើនរបស់SSEZ ដោយសារការរួមចំណែកពីប្រទេសចិន។
ខេត្តព្រះសីហនុ បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ជាមួយរោងចក្រ សហគ្រាសតូចធំ បង្កើតការងារ រាប់ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ កន្លែង ក្នុងនោះ ៣ កន្លែងកំពុងដំណើរការ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបណ្តុំសហគ្រាស ១២៤ ដែលមាន ផ្នែកផលិតសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ បើតាមតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំនាំចេញ-នាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានតម្លៃជិត ១.៤ ពាន់លានដុល្លារអាមេរិក៕