Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ គន់ គីម សុំ​អោយ​បងប្អូន​អតីតយុទ្ធជន​ចូលរួម​ជាមួយ​រដ្ឋបាល​សង្កាត់ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​អោយ​មាន​សុវត្ថិភាព​

​ភ្នំពេញ​៖ អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ​នាយរង​សេនាធិការ​ចំរុះ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ស្នើសុំ​អោយ​បងប្អូន​អតីតយុទ្ធជន​ចូលរួម​ជាមួយ​រដ្ឋបាល​ប៉ុស្តិ៍ សង្កាត់ ដើម្បី​អនុវត្ត​គោល នយោបាយ​ភូមិ សង្កាត់​អោយ​មាន​សុវត្ថិភាព​។​

​ការស្នើ​បែប​នេះ​របស់​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ធ្វើឡើង​កាល​ព្រឹក​ថ្ងៃ​ទី​២៣​ឧសភា​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ទី​វា​អតីត​យុទ្ធ​កម្ពុជា​២១​មិថុនា​និង​ពិធី​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ជិត​៤០០០​នាក់​នៅ​មជ្ឈ មណ្ឌល​មហោស្រប​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន​។​

លោកនាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍ថា​ ​បងប្អូន​អតីតយុទ្ធជន​យើង​ទាំងអស់​ត្រូវធ្វើ​ជា​សេនាធិការ​អោយ​រដ្ឋបាល​ប៉ុស្តិ៍ សង្កាត់ ក្នុង​ការចូលរួម​ផ្តល់​ជា​ព័ត៌មាន ពិសេស​ពាក់ព័ន្ធ ករណី​ចោរលួច ចោរប្លន់ ល្បែងស៊ីសង​និង​បញ្ហា​គ្រឿងញៀន​ជាដើម មានន័យ​ថា បើ​បងប្អូន​ទទួលបាន​ព័ត៌មាន​នេះ​ត្រូវ​រាយការណ៍​ទៅ​រដ្ឋបាល​ប៉ុស្តិ៍ សង្កាត់ ដើម្បី​បង្ក្រាប​អោយអស់​ធ្វើយ៉ាងណា​អោយ​ភូមិ សង្កាត់​របស់​យើង​​មាន​សុវត្ថិភាព ។​

លោកនាយ​ឧត្តមសេនីយ៍ ក្នុងឱកាស​នោះ​ក៏បាន​​លើកឡើង​ពី​អារម្មណ៍​របស់​បងប្អូន​យុទ្ធជន ដែល​ពួកគាត់​ប្រាប់​មក​លោក​ថា បងប្អូន​អតីតយុទ្ធជន​យើង​បញ្ជាក់​ហើយ​ថា សមាគម​អតីតយុទ្ធជន​កម្ពុជា​នេះ​ពិតជា​បាន​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​ការ ជួយ​ទៅលើ​អតីតយុទ្ធជន ពិសេស​នៅ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​៧​ទៅ​៨​ឆ្នាំ​មុន​មិន​សូវ​បាន​យកចិត្តទុកដាក់​អោយចំ​គោលដៅ ។​តែ​ពេល​នេះ សូម្បី​តែ​ជីវិត​ចុងក្រោយ​ក៏​សមាគមន​បាន​បង្កើត​អោយមាន​កម្ម​វិធី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អតីត យុទ្ធជន​យើង​ដែរ​។​

លោកនាយ​ឧត្តមសេនីយ៍ បាន​ជម្រុញ​​អោយ​អាជ្ញាធរ​ថ្នាក់​សង្កាត់ ខណ្ឌ ថ្នាក់​រាជធានី​ភ្នំពេញ​​ចេញ​លិខិត​រំលែក​ទុក្ខ ពេល​ដែល​គាត់​ទទួលមរណៈភាព​។​លោក​សន្យាថា នឹង​បន្ត​ជួយ​ដល់​អតីតយុទ្ធជន​របស់​យើង​ជាងនេះទៀត ដោយ​ត្រូវ​ស្រង់​ស្ថិតិ​អោយ​ជាក់លាក់ ដើម្បី​អោយ​យើង​បាន​ដឹង​និង​ចុះ​ជួយ​អោយ​ចាំ​គោលដៅ​ចង់​បាន​របស់​បងប្អូន​យើង​តែ​ម្តង​។​ ​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម បាន​មានប្រសាសន៍​បន្ត​ទៀត​ថា សម្តេច​តេជោ ហ៊ុន សែន​បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​បងប្អូន​អតីតយុទ្ធជន​​យើង ដោយ​បងប្អូន​បាន​លះបង​គ្រប់បែប​យ៉ាង​ដើម្បី​​ជាតិ​មាតុភូមិ ហើយ​ជាងនេះទៅទៀត នៅ​បាន​បោះឆ្នោត​គាំទ្រ​គណៈបក្ស​ប្រជាជន​កម្ពុជា​រហូតមក​ថែម​ទៀត ។ ដោយ​មើលឃើញ​ពី​គុណបំណាច់​​នេះ​សម្តេច​បាន​ធ្វើលិខិត​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ប្រទាន​ជា​គ្រឿង​ឥស្សរិយ​ស​មេដាយ​ការពារជាតិ​ជូន​បងប្អូន​ថែមទៀត​។​

លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​លើកឡើង​ពី​សកម្មភាព​ការងារ​ដែល​សហគមន​បាន​ចុះជួយ​និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ទាំង​១២​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ។​

លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បន្ទាប់​ពី​អាន​សារលិ​តរបស់​សម្តេច​តេ​ជោរួ​ចមក ក៏បាន​លើកឡើង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់​សម្តេច តេជោ​ហ៊ុន សែន ដោយ​សម្តេច បាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ​។​ទន្ទឹមនឹងនេះ​លោក​សូមអោយ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា កុំ​ភ្លេច​ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​កក្កដា​២០១៨​ខាងមុខនេះ ហើយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​តេជោ​ហ៊ុន សែន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត ។​

លោក​បញ្ជាក់ថា បើ​មាន​សម្តេច​តេជោ ប្រទេស​យើង​នឹង​រក្សា​បាន​សន្តិភាព​បន្តទៀត ហើយ​បើ​មាន​សន្តិភាព​ហើយ​នោះ​ប្រទេស​យើង​នឹង​មាន​ការអភិវឌ្ឍ​ជាង​នេះ​បន្ថែមទៀត​៕

  

×