បុរសម្នាក់រសនៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិច សុខចិត្តគេចពីស្ថានភាពអាក្រក់យ៉ាងត្រដាបត្រដួស ដើម្បីការពារកាបូបប្រេនរបស់គាត់ម៉ាក Louis Vuitton កំឡុងមានចោរប្រដាប់ដោយកាំភ្លើងមកប្លន់គាត់។ នេះបើតាមការចេញផ្សាយរបស់ Daily Mail។
បុរសស្រឡាញ់របស់ប្រេនជាងជីវិតរូបនេះ មានឈ្មោះថា Jerad Kluting អាយុ ៣១ឆ្នាំ។ នៅពេលគាត់កំពុងដើរទៅផ្ទះ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ មានបុរសម្នាក់បានទាញកាំភ្លើងតំរងមកគាត់ហើយទារកាបូបពីគាត់ ប៉ុន្តែគាត់មិនព្រមធ្វើតាមចោរនោះទេ ហើយចោរក៏បាញ់ព្រមាន ៣គ្រាប់និងបានរត់ទៅបាត់។
កាបូប ដែលបុរសម្នាក់នេះខំការពារពីចោរនោះ មានតម្លៃ ១.៧០០ដុល្លាអាមេរិច។
បុរសសំភារៈនិយមរូបនោះបាននិយាយថា គាត់ធ្វើការយ៉ាងលំបាកណាស់ទម្រាំតែសន្សំលុយទិញបានកាបូបនោះ ហើយវាមានន័យចំពោះគាត់យ៉ាងខ្លាំង។
គាត់និយាយដូច្នេះថា “ខ្ញុំមិនបានត្រៀមខ្លួនលះបង់វាទៅឲ្យជនខិលខូច ដែលចង់បានវាពីខ្ញុំនោះទេ”។
គាត់បន្តទៀតថា គាត់ចំណាយប្រាក់អស់ ១.៧០០ដុល្លាដើម្បីទិញកាបូបនោះ ហើយមិនមានគេផលិតកាបូបនោះទៀតទេ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង ប៉ូលិសបានចាប់បុរសម្នាក់អាយុ ២១ឆ្នាំ ដែលជាប់សង្ស័យ៕ សុភ័ក្ត្រ