Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសទណ្ឌិតអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជាប់គុក ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពីពុករលួយ និង ទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ បានប្រកាសសាលាដីការ តម្កល់ទោសទណ្ឌិតឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស ជាអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជាប់គុកកំណត់ ០៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយ និង ការទន្ទ្រាន កាប់ដីរដ្ឋ ទំហំជិត ២០ ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រព្រឹត្តនៅក្នុងតំបន់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១១ និង ២០២០។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ តុលាការកំពូលបានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ទណ្ឌិតឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស អាយុ ៤៥ ឆ្នាំ (កើតឆ្នាំ ១៩៧៦) ជាអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០ លានរៀល (ប្រមាណ ២៥,០០០ ដុល្លារអាមេរិក) សម្រាប់បង់ចូលថវិការដ្ឋ។

តុលាការក៏បានសម្រេច រឹបអូសអចលនទ្រព្យចំនួន៣កន្លែងរបស់ ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស ដែលបានមកដោយអំពើខុសច្បាប់ ដាក់ជាទ្រព្យសម្បត្តិរដ្ឋវិញ ផងដែរ។

លោកចៅក្រមបានថ្លែងថា ទណ្ឌិត ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស ត្រូវបានជាប់ចោទពីបទ: រំលោភអំណាច តាមមាត្រា៣៥ នៃច្បាប់ស្តីការប្រឆាំងអំពើពុករលួយបទធនធានធម្មជាតិ (ថ្នាក់ទី៤) តាមបញ្ញត្តិមាត្រា៥៦ ចំណុចទី៤ និងមាត្រា៦២នៃច្បាប់ស្តីពីតំបន់ធម្មជាតិ និងបទផ្តល់សេចក្តីប្រកាសដោយភូតកុហក តាមបញ្ញត្តិមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ ។

ទណ្ឌិត ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ទណ្ឌិត ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ បន្ទាប់ អង្គភាពប្រឆាំងអំពើពុករលួយ បានស្រាវជ្រាវ រកឃើញ គាត់បានប្រព្រឹត្តអំពើពុករលួយ និង ភាពមិនប្រក្រតីជាច្រើន ក្នុងពេលដែល គាត់ កាន់តំណែង និង តួនាទីរបស់គាត់នោះ។

គួររំលឹកថា ទណ្ឌិត ឈ្មោះ នួន ប៉ុក ហៅ ស៊ុន ប្រុស បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ និង ត្រូវបានផ្លាស់ប្តូរតំណែង នៅក្នុងឆ្នាំ ២០១៨៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×