Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​កម្ពុ​ជាមាន​ចំណូល​លើសពី​១.០០០​ដុល្លារ ទើប​ប្រទេស​ម្ចាស់ជំនួយ កាត់បន្ថយ​ជំនួយ ដល់​កម្ពុជា​

​ភ្នំពេញ​៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេស​ម្ចាស់ជំនួយ​ទាំងអស់ បាន​ចាត់ ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ដែល​ផលិតផល ក្នុងស្រុក​សរុប សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​មាន​ចំនួន​លើសពី​១​ពាន់​ដុល្លារ​ដូច្នេះ​ទើបបានជា​អង្គការ និង​ម្ចាស់ជំនួយ​ភាគច្រើន បាន​បញ្ឈប់ និង​មួយចំនួន​បាន​កាត់បន្ថយ​ជំនួយ របស់ខ្លួន​មក​កម្ពុជា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ កម្ពុជា​ឆ្នាំ​២០១៩ កាលពី​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា “​យើងទាំងអស់គ្នា​បាន​ជ្រាប ហើយ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់ នៅ​ប្រទេស​កម្ពុជា​យើង មាន​ចំនួន​លើសពី​មួយ​ពាន់​ដុល្លារ​ហើយ ដូច្នេះ​អង្គការ និង​ម្ចាស់ជំនួយ​ទាំង​អស់គេ បានចាត់ទុក​ប្រទេស​កម្ពុជា យើង​ជា​ប្រទេសមួយ​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ដូច្នេះហើយ​អង្គការ និង​ម្ចាស់ជំនួយ​ភាគច្រើន​បាន​បញ្ឈប់ និង​មួយចំនួន​បាន​កាត់បន្ថយ​ជំនួយ​របស់ខ្លួន​មក​ប្រទេស​កម្ពុជា​យើង”​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ថែមថា តាមរយៈ​ទិន្នន័យ​នៃ​ការធ្វើជំរឿន​នៅក្នុង​ប្រទេស នឹង​ផ្ដល់​ជា​ប្រភព គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ប្រជាជន​ចរិតលក្ខណៈ​ភូមិសាស្ដ្រ សេដ្ឋកិច្ច សង្គមកិច្ច ដែល​អាច​ផ្ដល់ ជា​អត្ដ​សញ្ញាណ​សំខាន់​សម្រាប់​លក្ខខណ្ឌ​សេដ្ឋកិច្ច របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ការប្រើប្រាស់​ជា​មូល ដ្ឋា​ន​គ្រឹះ​ក្នុងការ​អភិវឌ្ឍ ការត្រួតពិនិត្យ​វាយតម្លៃ​លើ​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​នេះ សម្ដេច ស ខេង បាន​ថ្លែង​ឲ្យ​ដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ការរៀបចំ​តម្រឹម​ថវិកា​ឲ្យ​នៅក្នុង​កម្រិត​មួយ​ដែលជា​ថវិកា របស់​រាជរដ្ឋាភិបាល អាច​ផ្គត់ផ្គង់ បាន​តាម​នីតិវិធី​ផ្សេងៗ ដែល​បានកំណត់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×