ភ្នំពេញ ៖ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្នុងពេលបំពេញនូវតួនាទី ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង និងមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដើម្បីបំភិតបំភ័យ ឬគំរាមកំហែងចំពោះអ្នកបោះឆ្នោត។
ក្រសួងមហាផ្ទៃ និងគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ខែមិថុនានេះ បានចេញសេចក្តីណែនាំរួមចំនួន៨ទំព័រ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ។
ដើម្បីធានាឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ក្រសួងមហាផ្ទៃ និងគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត សូមធ្វើការណែនៃដល់អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន។
កិច្ចការទាំងនោះ មានជាអាទិ៍ យុទ្ធនាការ ឃោសនាបោះឆ្នោត ការដឹកជញ្ជូនសម្ភារៈបរិក្ខាបម្រើឲ្យការបោះឆ្នោត និងការដឹកជញ្ជូនត្រឡប់មកវិញ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិទាំងអស់ សូមបង្កើនកិច្ចសហការជាមួយអាជ្ញាធររៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ ។ ដើម្បីបង្កើតឲ្យមានបរិយាកាសជឿទុកចិត្តគ្នាថែមទៀត ក្នុងការរៀបចំបោះឆ្នោត មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្នុងពេលបំពេញនូវតួនាទីនេះ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង ហើយមិនត្រូវបង្ហាញនូវការគាំទ្រ ឬប្រឆាំងចំពោះគណបក្សនយោបាយ ឬបេក្ខជនណាមួយឡើយ ជាពិសេសក្នុងពេលបំពេញតួនាទី មិនត្រូវធ្វើសកម្មភាពណាមួយដូចជា មិនត្រូវប្រើប្រាស់ឥទ្ធិពលនៃតួនាទីរបស់ខ្លួនទៅលើអ្នកបោះឆ្នោត ដែលនាំឲ្យបាត់បង់សិទ្ធិសេរីភាពនៃការជ្រើសរើសរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត។ មិនត្រូវដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ មិនត្រូវសួរនាំអ្នកបោះឆ្នោតក្នុងគោលបំណងដើម្បីជះឥទ្ធិពល ឬចង់ដឹងអំពីលទ្ធផលនៃការបោះឆ្នោតជាសម្ងាត់របស់អ្នកបោះឆ្នោតឡើយ។ មិនត្រូវជ្រៀតជ្រែក លើសិទ្ធិអ្នកបោះឆ្នោតក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយសេរី ការចូលរួមក្នុងការពិភាក្សាជាសាធារណៈ ការចូលរួមក្នុងសកម្មភាពនយោបាយនានា ឬការទទួលព័ត៌មានដោយពេញលេញអំពីកិច្ចការនយោបាយឡើយ។ មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដើម្បីបំភិតបំភ័យ ឬគំរាមកំហែងចំពោះអ្នកបោះឆ្នោត។ មិនត្រូវប្រើពាក្យសំដីបញ្ឆិតបញ្ជៀង ឬថ្កោលទោសបុគ្គលណាម្នាក់ដោយសារផលប្រយោជន៍ របស់គណបក្សនយោបាយណាមួយ ឬផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕ ដោយ៖បញ្ញាស័ក្តិ