នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានចាកចេញពីតូក្យូនៅថ្ងៃទី ៦ ខែមិថុនា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ៦ថ្ងៃទៅកាន់អាមេរិក និងកាណាដា ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយបន្តដំណើរចូលរួមសន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្មរីកចម្រើនលំដាប់ដំបូងពិភពលោក (G7) ។
តាមផែនការនាយករដ្ឋមន្ត្រី Abe និងជួបលោកប្រធានាធិបតីត្រាំ នៅមុនជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នាថ្ងៃ ១២ មិថុនា ខាងមុខ នៅសិង្ហបុរី ។
ក្នុងជំនួបលើកនេះ ដែលប្រព្រឹត្តទៅនាសេតវិមានថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុន នឹងស្វែងរកវិធីសហប្រតិបត្តិការគោលនយោបាយរវាងភាគីទាំងសងខាងចំពោះកូរ៉េខាងជើង ក៏ដូចជាអះអាងឡើងវិញនូវចំណងទាក់ទងសហប្រតិបត្តិការរឹងមាំរវាងប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តនឹងគ្នា ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រី Abe នឹងស្នើសុំឲ្យប្រធានាធិបតីត្រាំ លើកឡើងបន្ថែមករណីពលរដ្ឋជប៉ុន ដែលត្រូវកូរ៉េខាងជើងចាប់ជំរិតនាអំឡុងទសវត្សរ៍ទី ៧០-៨០ កាលពីសតវត្សរ៍មុន ។
ក្រោយថ្ងៃ ៧ ខែមិថុនា នាយករដ្ឋមន្ត្រី Abe និងទៅកាន់កាណាដា ចូលរួមសន្និសីទកំពូល G7 ដែលអូសបន្លាយរយៈពេល ២ថ្ងៃ នៅខេត្ត Quebec រួមជាមួយមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអាមេរិក ។ តាមគំរោងនៃថ្ងៃចុងក្រោយនៃសន្និសីទនេះ G7 នឹងរៀបចំអង្គប្រជុំបើកទូលាយមួយដោយមានការចូលរួមរបស់បណ្តាមេដឹកនាំប្រទេសអាហ្សង់ទីន បង់ក្លាដេស កេនយ៉ា ណ័រវេស និងវៀតណាម ព្រមទាំងបណ្តាអង្គការអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ និងធានាគារពិភពលោក ៕ សូយន