ការហាត់ប្រាណមិនមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ យើងគួរតែត្រូវដឹងអំពីស្ថានភាពរបស់រាងកាយ កាលៈទេសៈ និងវិធីដែលសមស្របសម្រាប់ការហាត់ប្រាណ ព្រោះបើមិនដូច្នោះទេ វាអាចហុចលទ្ធផលមិនល្អដល់រាងកាយបាន ដូចជា ធ្វើឱ្យសាច់ដុំរងរបួស ឬភ្លាត់សន្លាក់ឆ្អឹង ជាដើម ដូច្នេះហើយទើបការហាត់ប្រាណ មានរឿងគួរប្រុងប្រយ័ត្ន ៣ចំណុចដូចខាងក្រោម...
១.សីតុណ្ហភាពរបស់រាងកាយ
ចូរសង្កេតមើលខ្លួនឯង បើមានអាការគ្រុនក្តៅខ្លួន មានអាការភាំងៗ និងឈឺក្បាល គួរតែពន្យារពេលក្នុងការហាត់ប្រាណ ព្រោះបើយើងនៅតែចេញទៅហាត់ប្រាណទៀត វាស្មើនឹងការបន្ថែមកម្ដៅដល់រាងកាយទ្វេដងឡើងទៀត អាចធ្វើឱ្យខួរក្បាលទ្រាំលែងបាន នឹងកើតអាការប្រកាច់ ឬខ្យល់គ ដួលសន្លប់បាត់ស្មារតីតែម្តងក៏មានដែរ។
២.ការបន្ទោបង់
បើមានការបត់ជើងធំ លើសពី ៣ដងឡើងទៅក្នុងថ្ងៃតែមួយ ថ្ងៃនោះអ្នកគួរតែផ្អាកការហាត់ប្រាណសិនទៅ ដោយសារតែរាងកាយរបស់យើងបាត់បង់សារធាតុ ដាយអ៊ែតតារី ម៉ាញនេរ៉ល (Dietary mineral) ច្រើនពេក អាចមានផលប៉ះពាល់ដល់អារម្មណ៍ ការទទួលដឹង និងការបញ្ជារបស់សាច់ដុំខុសប្រក្រតី។
៣.ការអត់ងងុយ
អ្នកដែលមានទម្លាប់នឹងការចូលគេងពេលយប់ជ្រៅ នៅម៉ោង ៣-៤ភ្លឺ ឬគេងសម្រាកមិនបានគ្រប់គ្រាន់ ឬអត់ងងុយ ឬសេពគ្រឿងស្រវឹងច្រើន ថ្ងៃនោះគួរតែផ្អាកការហាត់ប្រាណសិន។
ប្រការហាមឃាត់ផ្សេងៗទាំងនេះ គឺហាមដើម្បីមិនឱ្យរាងកាយរងរបួសកាន់តែខ្លាំងឡើង ព្រោះផលអាក្រក់ដែលបណ្ដាលមកពីការហាត់ប្រាណពេលដែលរាងកាយមានសភាពមិនប្រក្រតីនោះ វាអាក្រក់ជាងការនៅស្ងៀមទៅទៀត ហើយទាំងអស់ដែលបានរៀបរាប់មកនេះ គឺជាមូលហេតុមួយទៀត ដែលមនុស្សជាច្រើនអាចនឹងជួបប្រទះរួចមកហើយថា ហេតុអ្វីបានជាពេលខ្លះ យើងហាត់ប្រាណរួចហើយ តែនៅតែទន់ល្វើយ គ្មានកម្លាំងកំហែង ឬមានអារម្មណ៏ថា មិនស្រស់ស្រាយសោះហ្នឹងឯង...។