មនុស្សដែលអាចស្រឡាញ់គ្នា និងថែទាំសេចក្តីស្នេហា ឱ្យបានស្ថិតស្ថេរយូរអង្វែងនោះ មិនមែនជារឿងងាយៗឡើយ ហើយតទៅនេះ គឺជាវិន័យមាសចំពោះរឿងស្នេហា ១០ប្រការ ដែលប្រសិនបើអ្នកអាចធ្វើបាន ធានាថា ស្នេហារបស់អ្នក ច្បាស់ជានៅតែផ្អែមល្ហែម និងស្ថិតស្ថេរយូរអង្វែងមិនខាន...
វិន័យមាសទី១
មិនខឹងដំណាលគ្នាទាំង ២នាក់...ដូចដែលចាស់ៗបុរាណតែងនិយាយថា បើគេក្តៅដូចភ្លើង យើងត្រូវតែត្រជាក់ឱ្យដូចទឹក (តែមិនមែនដូចទឹក និងប្រេងទេណា៎)។
វិន័យមាសទី២
មិនស្រែកដាក់គ្នាជាដាច់ខាត (លើកលែងតែពេលភ្លើងឆេះផ្ទះទាន់ហន់)។
វិន័យមាសទី៣
ចូរចាំទុកឱ្យច្បាស់ថា គ្មានអ្នកណាចូលចិត្តពាក្យទិតៀនស្តីបន្ទោសឡើយ តែបើចង់និយាយពីរឿង ដែលអ្នកមិនចូលចិត្ត ឱ្យគេស្តាប់ កុំភ្លេចនិយាយយ៉ាងផ្អែមល្ហែម (តែមិនមែននិយាយថា ស្ករៗៗៗទេណា៎)។
វិន័យមាសទី៤
មិនរំឭករឿងរ៉ាវទាស់ចិត្តគ្នាពីអតីតកាលឡើយ តែបើចង់និយាយពីរឿងចាស់ៗ ចូរនិយាយតែរឿងផ្អែមល្ហែមរបស់យើងទាំង២ ល្អជាង (ផ្អែមទៀតហើយ ស្ករកំពុងត្រូវប៉ាន់ខ្លាំង មែនទេ?)។
វិន័យមាសទី៥
ធ្វើឱ្យគូស្នេហ៍របស់អ្នក មានអារម្មណ៏ថា គេជាមនុស្សសំខាន់សម្រាប់អ្នកជានិច្ច (ញឹកញាប់ពេកក៏មិនល្អដែរ វរៗបានចិត្ត ធ្វើឱ្យគេគិតផងថា យើងក៏សំខាន់សម្រាប់គេដែរ ខ្លះផង)។
វិន័យមាសទី៦
សន្យានឹងគ្នាថា យើងនឹងមិនខឹងគ្នាឱ្យលើសពី ១យប់ឡើយ ព្រោះថា បើយូរពេក គឺរូបអ្នកខ្លួនឯងហ្នឹងឯង ដែលគេងមិនលក់។ ដូច្នេះ ចូរនិយាយឱ្យយល់ចិត្តគ្នាវិញ ប្រសើរជាងគេងបែរខ្នងដាក់គ្នា (ខំទូរស័ព្ទទៅ
គេ សង្ឃឹមថា បាននិយាយគ្នា តែគេបែរជាមិនព្រមលើកទូរស័ព្ទ បែបហ្នឹងគួរឱ្យខឹងអត់?)។
វិន័យមាសទី៧
ជជែកលេងជាមួយគ្នាឱ្យបានច្រើន ព្រោះវានឹងជួយឱ្យស្នេហារវាងអ្នកទាំង២ កាន់តែយល់ចិត្តយល់ថ្លើមគ្នាខ្លាំងឡើង ចង់និយាយពីរឿងអីក៏បានដែរ រឿងដែលអ្នកបានជួប បានឃើញ រឿងកន្លែងធ្វើការរបស់អ្នក «រឿងសៀវភៅ ដែលអ្នកទើបតែអានចប់ ជាដើម ពេលនោះអ្នកនឹងមានអារម្មណ៏ថា អ្នកនឹងរឹតតែស្នឹទ្ធស្នាលនឹងគ្នាខ្លាំងឡើងមិនខាន (អ៊ូយ…អាពេលស្រឡាញ់គ្នាហ្នឹង មិនបាច់បង្រៀនទេ ជជែកគ្នាបានគ្រប់តែរឿងហ្នឹង!!)។
វិន័យមាសទី៨
បើដឹងខ្លួនថាខុសហើយ ចូរប្រញាប់សុំទោសភ្លាមទៅ មិនបាច់ខ្លាចថាខ្លួនអន់ទេ (អារឿងសុំទោសហ្នឹង ធ្វើបាន! តែអារឿងអត់ទោសឱ្យមកវិញ ធ្វើបានអត់?)។
វិន័យមាសទី៩
កុំយល់ច្រឡំថា ការនៅជាមួយគ្នាជាប់រហូត មានន័យពីការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងពិតប្រាកដឱ្យសោះ ព្រោះការយកចិត្តទុកដាក់គ្នាទៅវិញទៅមក គឺការផ្តល់នូវការចាប់អារម្មណ៏ពេញ ១០០% ក្នុងពេលដែលនៅជាមួយគ្នា។ មិនមែនត្រចៀកស្តាប់គេនិយាយ តែភ្នែកគិតតែពីឱនមើលទូរស័ព្ទនោះទេ (ហ៊ឹស! ជួយមិនបានទេ! ចង់មកនិយាយចំពេលរឿងភាគកំពុងល្អមើល ឬបាល់ទាត់កំពុងប្រកួតធ្វើអី?!)។
វិន័យមាសទី១០
កុំភ្លេចធ្វើឱ្យគូស្នេហ៍ដឹងថា យើងនៅតែស្រឡាញ់គ្នាជានិច្ច មិនដែលនឿយណាយឡើយ...(ចា៎ស-បា៎ទ)៕