ស្ត្រីដ៏លះបង់ម្នាក់រស់នៅក្នុងប្រទេសចិន បានគ្រប់គ្រងរកបានមូលនិធិលើសពីការរំពឹងទុក សម្រាប់ព្យាបាលជំងឺមហារីគឈាមរបស់ប្អូនស្រីរបស់នាង បន្ទាប់ពីរូបនាងបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា នាងនឹងរៀបការជាមួយនរណាក៏ដោយមិនសំខាន់ៗ គឺដើម្បីបានប្រាក់ជួយនាងអាចបង់ថ្លៃមន្ទីរពេទ្យ ។
បើតាមការចុះផ្សាយរបស់ The Paper នារីម្នាក់ឈ្មោះ Cui Qiao សម្រេចបានគោលដៅមូលនិធិ ៥០០,០០០ យ័ន (ស្មើនឹង ៧៨,០០០ ដុល្លារ) សម្រាប់ព្យាបាលជំងឺមហារីកឈាមប្អូនស្រីរបស់នាងឈ្មោះ Cui Xiao ដោយរួមជាមួយការជួយជ្រោមជ្រែងពីសាលារៀនរបស់នាងផងដែរ នៅក្នុងស្រុក Wuyi ខេត្ត Zhenjiang ភាគខាងកើតនៃប្រទេសចិន ។
ជាអកុសល សាលាពុំអាចរកលុយបានគ្រប់គ្រាន់ ហើយគ្រួសាររបស់នាងក៏ជួបបញ្ហាហិរញ្ចវត្ថុផងដែរ ខណៈឪពុករបស់ពួកគេរកប្រាក់បានត្រឹមតែប្រហែល ១ ពាន់យ័ន (១៥៦ ដុល្លារ) ក្នុង១ខែប៉ុណ្ណោះ ធ្វើជាកម្មករអនាម័យ ខណៈម្តាយរបស់ពួកគេពិការ, នេះបើយោងតាម South China Morning ។
Cui ជាសមាជិកគ្រួសារតែម្នាក់គត់ ដែលអាចរកលុយគ្រប់គ្រាន់ ត្រូវលះបង់ការងាររបស់នាងជាគ្រូបង្រៀនថ្នាក់មេត្តេយ្យ ដើម្បីមើលថែបង្អូនស្រីតូចរបស់នាង បន្ទាប់ពីការព្យាបាលដោយគីមីលើកដំបូង នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Zhengzhou ។
Cui ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន ដោយនិយាយថា នាងនឹងរៀបការជាមួយអ្នកណាម្នាក់ ប្រសិនវាអាចជួយគ្រួសាររបស់នាង សម្រាប់ថ្លៃវិក័យប័ត្រពេទ្យទាំងអស់នេះ ។
នាងមិនរំពឹងថាការនិយាយលេងនេះរបស់នាង អាចក្លាយជាការចាប់អារម្មណ៍ដល់សាធារណជន ជួយរ៉ៃអង្គាស និងបរិច្ចាគប្រាក់ទាំងអស់នេះ ដែលនាងពុំបានរំពឹងកើនឡើងរហូតដល់ ៨០០,០០០ យ័ន (ស្មើនឹង ១២៥,១៥៦ ដុល្លារ) ។
Cui និយាយថា៖ «ដំបូង នាងខ្ញុំមិនចង់ឲ្យមនុស្សគ្រប់គ្នាដឹងពីស្ថានភាពគ្រួសាររបស់ខ្ញុំទេ ។ ប៉ុន្តែ ធាតុពិតបានបង្ខំខ្ញុំឲ្យនិយាយនូវប្រយោគនេះ» ។ នាងបន្តថា៖ «សម្រាប់ប្អូនស្រីខ្ញុំៗ នឹងតស៊ូឲ្យអស់ពីសមត្ថភាព ដែលខ្ញុំអាចធ្វើបាន» ។
វាមិនច្បាស់ថាតើមន្ទីរពេទ្យកំពុងស្វែងរក ឬ រកឃើញរួចហើយការផ្គុំឲ្យស៊ីគ្នានៃខួរឆ្អឹង សម្រាប់ការវះកាត់ប្តូរសរីរាង្គ ឬយ៉ាងណានោះទេ ។ ក្រៅពីរៃអង្គាសបានប្រាក់ទាំងនេះ Cui ក៏មានមានបំណងចង់ក្លាយជាអ្នកបរិច្ចាគម្នាក់ ប្រសិនការធ្វើតេស្តបានបង្ហាញថា សរីរាង្គរបស់នាងត្រូវគ្នានឹងប្អូនស្រីរបស់នាង ៕ ចន្ទី