ស្នេហាដូចសំណេរប្រលោមលោក នៅមានដែរមែនទេ? លោក លី គាវមិញ អាយុ ៤៥ឆ្នាំ បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍តៃវ៉ាន់ ហើយអ្វីដែលធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តឥឧបមានោះ គឺលោក លី ជាឪពុកកម្រមានលើលោក ដែលសុខចិត្តនៅម្នាក់ឯងចិញ្ចឹមបីបាច់កូនកំព្រារ ៤ នាក់ របស់សង្សារក្រោយពេលនាងស្លាប់យ៉ាងប្រថុចញ៉ុច ដោយគ្រោះថ្នាក់ចរាចរណ៍ ។
ងាកទៅកាន់រឿងរ៉ាវកាលពី ៨ឆ្នាំមុន លោកលី បានសម្រក់ទឹកភ្នែក ព្រោះគ្រានោះឯងមច្ចុរាជបានឆក់យកជីវិតសង្សាររបស់លោក ដែលជាស្ត្រីមេម៉ាយមានកូន ៤នាក់ ។ ក្នុងនោះកូនច្បងកំពុងរៀនវិទ្យាល័យ ហើយកូនស្រីតូចបំផុត ទើបអាយុ ៩ឆ្នាំ ។ កម្លោះម្នាក់ ដែលត្រូវចិញ្ចឹមបីបាច់កូនទាំង ៤ ដែលសុទ្ធតែជាស្រីៗពិតជារឿងដ៏លំបាកមួយ ដើម្បីរ៉ាប់រងរួចនូវជីវភាព និងការរៀនសូត្រ របស់ក្មេងស្រីទាំង ៤ លោកបានសម្រេច នាំយកពួកគេមករស់នៅផ្ទះខ្លួន ដើម្បីបន្ថយចំណាយជួលផ្ទះ ។
លោក លី គាវមិញ ទទួលចិញ្ចឹមកូន ៤នាក់ របស់សង្សារដែលស្លាប់ទៅដោយស្ម័គ្រចិត្ត ។ ៨ ឆ្នាំ បានកន្លងផុតទៅ ក្នុងជីវិតគ្រួសារមួយដែលពុំមែនរលូនទាំងអស់នោះទេ ប៉ុន្តែលោកបានប្រើប្រាស់មនោសញ្ចេតនា មេត្តា អាណិតស្រឡាញ់របស់ខ្លួន ដើម្បីចិញ្ចឹមបីបាច់ក្មេងៗទាំងនោះ ។
ទោះបីជាមានសមាគមជួយការពារជនរងគ្រោះ ជួយរ៉ាប់រងលើផ្នែកច្បាប់ក្តី “ជាខ្ទង់ចំណាយមួយដែរ” ក៏នៅចៀសមិនរួចពីការលំបាកច្រើន ដោយហេតុថា ម្យ៉ាងលោកពុំមែនជាឪពុកបង្កើត ហើយម្យ៉ាងទៀត លោកពុំធ្លាប់ហែលឆ្លងជីវិតគ្រួសារនៅឡើយ ខណៈពេលអ្នកនៅក្នុងបន្ទុកទាំង ៤ សុទ្ធសឹងជាស្រី ។
លោកប្រាប់ថា ខ្លួនបានពិចារណាយ៉ាងច្រើន ដើម្បីរកច្រកងាយស្រួលមួយសម្រាប់អប់រំពួកគេ ។ លោកបានជ្រើសរើសយកចំណងទាក់ទងមួយបែប “មិត្តភក្តិ” ដើម្បីជជែកវែកញែក ដាស់តឿនក្រើនរំលឹកក្មេងស្រីទាំងនោះ ។ លោកបានខិតខំតម្រង់ទិស ដើម្បីពួកគេអាចសម្រេចលើជីវិតនាថ្ងៃអនាគតរបស់ខ្លួន ។
កូនស្រីទាំង ៤ ពិតជាស្រឡាញ់លោក លី ខ្លាំងណាស់ ។
កូនស្រីទី ៣និយាយថា ៖ “ពេលម្តាយក្មួយលាចាកលោក ពុកបានចិញ្ចឹមពួកក្មួយដូចជាកូនបង្កើតរបស់ខ្លួន ។ ពុកពិតជាថែទាំពួកយើងបានយ៉ាងល្អប្រសើរបំផុត” ។
យ៉ាងនេះក្តីទោះបីក្មេងស្រីទាំងនោះនាងយល់ទឹកចិត្តលោក ដឹងគុណលោក តែលោកដឹងច្បាស់ថា ការដែលវាហៅលោកហៅថាពុក គឺជាការលំបាកណាស់ចំពោះពួកវា ។ រហូតដល់ពេលដែលកូនស្រីទី ៣ រៀបការទើបលោកដឹងថា លោកពិតជាបានក្លាយជាឪពុកយ៉ាងពិតប្រាកដក្នុងបេះដូងពួកវា ។
លោកលី ពិតជារន្ធត់ចិត្តយ៉ាងខ្លាំងពេលក្លាយជា មេបារបស់កូនស្រីក្នុងពិធីមង្គលការ លោកប្រាប់កាសែត Appl Daily លោកនិយាយទាំងទឹកភ្នែករលីងរលោងចំពោះកាដូ ត្រូវបានលោកចាត់ថា មានតម្លៃបំផុតក្នុងជីវិត ៖ “ឈ្មោះរបស់ខ្ញុំត្រូវបានបោះពុម្ពនៅត្រង់កន្លែង “ឪពុករបស់កូនក្រមុំ” ដែលជាលិខិតអាពាហ៍ពិពាហ៍របស់កូនស្រីទី ៣ ។ ពេលនោះឯង ខ្ញុំពិតជារំភើបចិត្ត ហើយស្រក់ទឹកភ្នែក ព្រោះមានអារម្មណ៍ថា វាជាថ្នូរដ៏សក្តិសមបំផុតចំពោះខ្ញុំ ។ នោះគឺពាក្យថា ពុក ត្រូវបានបោះពុម្ពលើក្រដាសយ៉ាងត្រឹមត្រូវ! ។
ពេលកូនស្រីទី ៣ រៀបការ លោកពិតជាខ្វាយខ្វល់ព្រោះនាងនៅរៀននៅឡើយ ។ ប៉ុន្តែពេលចៅស្រីចាប់កំណើត វាបានប្តូរទស្សនជីវិតរបស់លោកទាំងស្រុង ។ លោកចែករំលែកថា ជីវិតរបស់ខ្ញុំបានប្រែប្រួល គិតពីនាទីដែលចៅស្រីចាប់កំណើត ។ ខ្ញុំសំឡឹងកែវភ្នែករបស់វា បេះដូងរបស់ខ្ញុំហាក់ដូចជាកក់ក្តៅណាស់ ។
គួររំលឹកថា ក្រោយពេលសង្សារស្លាប់ លោក លី ពុំបានស្រឡាញ់ និងទាក់ទងនារីណាផ្សេងទៀតឡើយ ។ មូលហេតុត្រូវបានលោកប្រាប់ថា ៖ លោកពុំចង់ឲ្យក្មេងៗដែលទើបបាត់ម្តាយទាំងនោះវាមានរបួសផ្លូវចិត្តបន្ថែមទៀត ។ លោកបានចាត់តាំងកូនៗទាំងនោះ ឈរនៅលំដាប់ដំបូងឈរនូវចំណាប់អារម្មណ៍របស់ខ្លួន ។
លោក លី រីករាយថតរូបជាមួយចៅស្រី កូនប្រសាររបស់លោកលី ក៏ពុំបានដឹងថាលោកជាឪពុកបង្កើតរបស់ប្រពន្ធខ្លួនឡើយ ហើយក្រោយពេលរៀបការទើបពួកគេបានដឹងរឿងនេះ ។ កូនប្រសារម្នាក់និយាយថា ៖ នៅពេលភរិយាខ្ញុំបញ្ចប់ការសិក្សាឃើញគាត់មកចូលរួម នឹកស្មានថា ជាឪពុក ។ ស្មានមិនដល់សោះថា គាត់គ្រាន់តែជាអ្នកចិញ្ចឹមបីបាច់បងប្អូនពួកគេ ព្រោះតែអាណិតអាសូរស្ថានភាព គ្មានអ្នកឃុំគ្រងកំព្រីកំព្រារ… ។ គាត់ជាបុរសម្នាក់គួរឲ្យគោរពណាស់ ជាឪពុកម្នាក់ដែលមានគុណធម៌រកអ្វីប្រៀបពុំបាន ។
កាលពីខែកញ្ញា ឆ្នាំទៅមិញ លោកបានយកប្រាក់ដែលខ្លួនខំសន្សំពីយូរមកហើយ ទិញបានផ្ទះមួយខ្នង ដែលកូនស្រីនីមួយៗមានបន្ទុករស់នៅដោយឡែកពីគ្នា ។ លោកបានហៅកូនៗទាំងអស់មកជួបជុំ រួចនិយាយថា ចាប់ពីថ្ងៃនេះទៅទីនេះជាផ្ទះរបស់ពួកកូនទាំងអស់គ្នា ៕ លីសា