ការបង្ហាត់កូនឱ្យមាននិស្ស័យស្រឡាញ់ការអានសៀវភៅ លោកឪពុក-អ្នកម្តាយមួយចំនួន ប្រហែលជាអាចគិតថា ជារឿងដែលពិបាកនឹងធ្វើបានខ្លាំងណាស់ រឹតតែសម័យនេះមានវត្ថុជន្លចិត្ត បង្អួតភ្នែកផ្សេងៗសម្រាប់កូនតូចច្រើន ដូចជាទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ ហ្គេមកុំព្យូទ័រ iPad ឬការចេញទៅលេងក្រៅផ្ទះទៀតផងនោះ ធ្វើឱ្យការអានសៀវភៅ ក្លាយជារឿងមួយ ដែលមិនសូវគួរឱ្យចាប់អារម្មណ៍ប៉ុន្មានឡើយសម្រាប់ក្មេងៗ។
អ្វីដែលរៀបរាប់មកខាងលើ មិនមែនជារឿងមិនល្អប៉ុន្មានទេ តែក៏អាចរាប់បានថាជារឿងល្អ ម្នាក់១បែបដែរ តែយ៉ាងណាក៏ដោយ លោកឪពុក-អ្នកម្តាយ គួរតែបង្ហាត់កូនតូចឱ្យស្រឡាញ់ចូលចិត្តការអានសៀវភៅវិញប្រសើរជាង ព្រោះការអានសៀវភៅ នឹងធ្វើឱ្យកូនមានសមាធិខ្ពស់ ព្រោះនៅពេលកូនអានហើយ កូននឹងបាននាំយកមកហាត់រិះគិតថា តើអ្វីដែលគេអានហើយនោះ មានន័យយ៉ាងណា? ឬសៀវភៅដែលគេកំពុងអាននោះ ត្រូវការប្រាប់យើងពីអ្វី?
វិធីបង្ហាត់ឱ្យកូនចូលចិត្តអានសៀវភៅ មានច្រើនវិធី យើងនឹងលើកឧទាហរណ៍ មកជម្រាបជូនដូចតទៅ…
១.អានសៀវភៅឱ្យកូនឃើញញឹកញាប់ កូននឹងធ្វើតាម និងចង់ធ្វើការងារនោះ រួមគ្នាជាមួយឪពុកម្តាយ
២.សាកល្បងសង្កេតមើលថា តើកូនចូលចិត្តសៀវភៅបែបណា ចូររកសៀវភៅបែបនោះមកឱ្យកូនអាន ឱ្យបានច្រើន
៣.ឱ្យកូនអានសៀវភៅ ឱ្យបានច្រើនប្រភេទ ដូចជាសៀវភៅរឿងនិទាន កីឡា តន្ត្រី និងទស្សនាវដ្តី ឬសារព័ត៌មាន ជាដើម
៤.ឱ្យកូនអានសៀវភៅឱ្យស្តាប់ រួចហើយសឹមបង្រៀនពីវិធីគិតថា តើសៀវភៅដែលអាននោះ ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងអ្វីខ្លះ?
៥.នាំកូនទៅបណ្ណាគារ ឬកន្លែងលក់សៀវភៅ ឱ្យកូនបានជ្រើសរើសសៀវភៅ ដែលគេចូលចិត្តដោយខ្លួនឯង
៦.ប្រើវិធីជន្លបញ្ឆោត បង្កើតលក្ខខណ្ឌជាមួយកូន ដូចជា បើកូនចង់មើលភាពយន្តតុក្កតា ១ម៉ោង ប៉ា(ឬម៉ាក់)ឱ្យមើល តែត្រូវប្តូរគ្នា ដោយកូនត្រូវអង្គុយអានសៀវភៅ រយៈពេល ១ម៉ោងវិញដូចគ្នាដែរ
៧.ឱ្យរង្វាន់ អាចជាវត្ថុអ្វីមួយដែលកូនចង់បាន និងដាក់លក្ខខណ្ឌជាមួយកូនថា ត្រូវតែអានសៀវភៅឱ្យបានប៉ុន្មានក្បាល ជាដើម
៨.កុំបង្ខំឱ្យកូនអានសៀវភៅ ព្រោះនឹងធ្វើឱ្យកូនតតាំង និងក្លាយជារឿងដែលគេលែងចង់ធ្វើតែម្តង
៩.រកពពួកសៀវភៅរឿងនិទាន ដែលមានរូបភាពស្អាតៗ ឱ្យកូនបានមើលតាំងពីនៅតូចៗ ដើម្បីឱ្យកូនស៊ាំធ្លាប់ និងចូលចិត្តអានសៀវភៅដោយឯកឯង។
ឧទាហរណ៍ដែលរៀបរាប់មកខាងលើ អាចនៅមិនទាន់អស់ទេ ចំពោះវិធីបង្ហាត់កូនឱ្យក្លាយជាអ្នកអាន ព្រោះនៅមានច្រើនទៀតក្នុងការបង្ហាត់ ឱ្យកូនចង់អានសៀវភៅដោយខ្លួនឯង។ ឪពុកម្តាយត្រូវចេះតាមសង្កេតមើលកូនខ្លួនឯងផងថា តើគេចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ដោយសាកល្បងរិះរកវិធីណាដែលចូលគ្នាជាមួយកូន និងបើបានអានសៀវភៅរួមជាមួយគ្នា ទាំងប៉ា ទាំងម៉ាក់ផងនោះ ពិតជាកិច្ចការងារមួយ ដែលសប្បាយរីករាយ និងមានសេចក្តីសុខខ្លាំងណាស់សម្រាប់កូនៗ៕