Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គម្លាត​ដ៏​ធំ​បំផុត​រវាង​លោក​ត្រាំ និង​លោក​គីម នៅ​សន្និសីទ​កំពូល​ថ្ងៃស្អែក​នេះ​

​បញ្ហា​ចម្បង​ហើយក៏​ជា​បញ្ហា​ស្មុគស្មាញ​បំផុត​ក្នុង​កម្មវិធី​ប្រជុំ រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង គីម នៅ​ថ្ងៃស្អែក​នេះ គឺ​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ ទោះបីជា​ក្រុង​ព្យុង​យ៉ាង​ថ្មីៗ​នេះ បាន​ប្រឹង​សាង​រូបភាព​ជា​វិជ្ជមាន​មួយ​ចំនួន​ក្តី ប៉ុន្តែ​គម្លាត​នៃ​បំណងប្រាថ្នា​របស់​ប្រទេស​ទាំង​ពីរ​នេះ ពិតជា​នៅ​ធំធេង​ណាស់ ។​

​ក្រុង​វ៉ាស៊ីនតោន​សំណូមពរ​ឲ្យ​កូរ៉េខាងជើង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​អាច​ត្រួតពិនិត្យបាន និង​ពុំ​អាច​ប្រែប្រួល (CVID) ។ ប៉ុន្តែ​ក្រុង​ព្យុង​យ៉ាង​វិញ​បានលើកឡើង​ច្រើនដង​ហើយ​ថា ការសន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​គឺ​ត្រូវ​ធ្វើឡើង​នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល រួម​ទាំង​កូរ៉េ​ខាងត្បូង ហើយ​ពុំ​ដែល​បង្ហាញ​ចេញ​នូវ​សញ្ញា​ណាមួយ​ថា​នឹង​មាន​សម្បទាន​នោះទេ ។

​ក្នុង​ជំនួប​ជាមួយ​លោក​ស៊ី​ជិន​ពៀន​មុននេះ លោក​គីម​ជុង​អ៊ុន តែង​អំពាវនាវ​ដល់​ក្រុង​វ៉ាស៊ីនតោន និង​សេ​អ៊ូ​ល ឲ្យ​លុបចោល​នូវ​គ្រោះ​គំរាមកំហែង​លើ​ផ្នែក​សន្តិសុខ​ទាំងឡាយ​ប្រឆាំង​នឹង​ក្រុង​ព្យុង​យ៉ាង ហើយ​ការរំសាយ​នុយក្លេអ៊ែរ​គឺធ្វើឡើង “​តាម​ដំណាក់កាល និង​ព្រមៗ​គ្នា​” ។ ការលើកឡើង​បែប​នេះ​បង្ហាញ​ច្បាស់​ថា ក្រុង​ព្យុងយ៉ាង​នឹង​ទាមទារ​នូវ​សម្បទាន​ពី​ដៃគូ​ចរចា​មិន​តិច​ឡើយ ។​

​រីឯ​លោក​ត្រាំ​វិញ ថ្មីៗ​នេះ​ហាក់ដូចជា​បន្ថយ “​ក្តីសង្ឃឹម​” ដ៏​ធំ​មុន​នោះ ។ លោក​និយាយថា សន្និសីទ​កំពូល​អាច​ជា​ជំហាន​ដំបូង ខ្ញុំ​គិតថា វា​ពុំ​មែន​ជា​សន្និសីទ​នៃ​កិច្ចព្រមព្រៀង​នោះ​ទេ ។ ព្រោះថា ប្រសិន​បើ​ពួកគេ​មិន​រំសាយ​នុយក្លេអ៊ែរ​ទេនោះ នឹង​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ ។​

​រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​វិញ បាន​លើកឡើង​ថា ៖ កូរ៉េ​ខាងជើង​បាន​ប្រមូល​អស់​ធនធាន​របស់​ខ្លួន សម្រាប់​ជំរុញ​កម្មវិធី​នុយក្លេអ៊ែ ហើយ​ពួកគេ​ទទួលបាន​ជោគជ័យ ក្នុង​រជ្ជកាល​លោក​គីម ជុង​អ៊ុន ។​

​កងទ័ព​កូរ៉េខាងត្បូង​ឲ្យដឹងថា ក្រៅពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​នៅ​មាន​អាវុធ​គីមី ប្រមាណ​ពី ១៥០០០-៥០០០​តោន ដែល​ពួក​ពេក​បាន​អភិវឌ្ឍន៍​តាំងពី​ឆ្នាំ ១៩៨០​មក​ម្លេះ ។​

​ក្រុង​សេ​អ៊ូ​ល​ក៏​បាន​ប៉ាន់ប្រមាណ​ថា កូរ៉េខាងជើង បច្ចុប្បន្ន​មាន plutonium ប្រមាណ​ជាង ៥០ គីឡូក្រាម វា​គ្រប់គ្រាន់​នឹង​ផលិត​ក្បាល​គ្រាប់​ចំនួន ១០ ហើយក៏​មាន​នូវ​បរិមាណ uranium បាន​នឹង​កំពុង​បន្សុទ្ធ ក្នុង​កំរិត​ខ្ពស់ ។​

​អ្នកវិភាគ​ម្នាក់​បាន​ប្រាប់ AFP ថា ៖ ចំពោះ​រដ្ឋការ​ត្រាំ​សារធាតុ​នៃ​ការចរចា សំខាន់​បំផុត​គឺ​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ និង​កាំជ្រួច​អន្តរ​ទ្វីប ។​

​កម្មវិធី​កាំជ្រួច​និង​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង​អភិវឌ្ឍន៍​យ៉ាង​លឿន​ក្នុង​រជ្ជកាល​គីម ជុង​អ៊ុន ។​

Siegfried Hecker ដែល​ជា​អ្នកជំនាញការ​ល្បីល្បាញ​សញ្ជាតិ​អាមេរិក​ឲ្យដឹងថា ការ​ដែល​កូរ៉េខាងជើង អាច​ធ្វើ​ការរំសាយ​នុយក្លេអ៊ែរ​បាន​ភ្លាមៗ​នោះ គឺជា​រឿង “​ស្រមើ​ស្រមៃ​” ហើយ​វា​ពុំ​ខុស​អ្វី​នឹង​ការលើក​ទង់​ស សុំ​ចុះចាញ់​ឡើយ ។ តាម​លោក​កូរ៉េខាងជើង​នឹង​ផ្តើម​សំណើរ​ពី​កម្មវិធី ១០​ឆ្នាំ ១ ដើម្បី​រំសាយ​ចោល កម្មវិធី​អាវុធ​របស់​ខ្លួន ។​

​នៅ​កូរ៉េ​ខាងត្បូង​ក៏​មានកា​វិភាគ​ខ្លះ​លើក​ឡើង​ថា ជាមួយនឹង​ទស្សន “​ដំបូង​គឺ​ប្រទេស​អាមេរិក​” នោះ​ក៏​អាច​ថា អាមេរិក​ទទួលយក​ការដែល​ក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​កាំជ្រួច​អន្តរ​ទី្វប ហើយ​បង្កក​ចោល​កម្មវិធី​បរមាណូ​ក្នុង​កំរិត​បច្ចុប្បន្ន​ព្រមទាំង​ទទួលស្គាល់​កូរ៉េ​ខាងជើង​ថា ជា​មហាអំណាច​នុយក្លេអ៊ែរ ។ ប្រការ​នេះ​វា​នឹង​កម្ចាត់​ចោល​បាន​គ្រោះ​គំរាមកំហែង​ប្រឆាំងនឹង​អាមេរិក ដោយ​រំលង​ចោល​កង្វល់​របស់​សម្ព័ន្ធ​មិត្ត​នៅ​អាស៊ី គឺ​កូរ៉េខាងត្បូង និង​ជប៉ុន ។​

​មេដឹកនាំ​គណបក្សប្រឆាំង​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ទី ៧ ខែមិថុនា លោក Hong Joon-pyo បាន​អំពាវនាវ​ឲ្យ​លោក​ត្រាំ​ពុំ​ត្រូវ​យល់ព្រម​ចំពោះ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​គ្រាន់តែ​ដើម្បី​ធានា​សុវត្ថិភាព​ឲ្យ​អាមេរិក​ប៉ុណ្ណោះ ។ ពុំនោះសោត​វា​ពុំ​ខុស​អ្វី​នឹង​សន្ធិសញ្ញា Munich 1938 ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស Neville Chamberlain បាន​យល់ព្រម​ទុក​ឲ្យ​ហ្វា​ស៊ីស​អាល្លឺម៉ង់ វាយ​យក​ប្រទេស​ឆេ​កូ ដោយ​កុំ​តម្រង់​ទិស​មក​កាន់​ប្រទេស​ខ្លួន ។ មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ នៅ​បាន​សង្កត់ធ្ងន់ថា នឹង​ពិតជា​សោកស្តាយ​ខ្លាំងណាស់​ដែល​ជោគវាសនា​របស់​កូរ៉េខាងត្បូង​ត្រូវ​បាន​សម្រេច​អាស្រ័យ​លើ​លទ្ធផល​នៃ​សង្គ្រាម​ដណ្តើម​ធ្វើ​ម្ចាស់​ពិភពលោក រវាង​អាមេរិក និង​ចិន ។​

​ប្រសិនបើ​ក្រុង​ព្យុង​យ៉ាង​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​នុយក្លេអ៊ែ​នោះ​វា​នឹង​មាន​ជម្រើស​តែមួយគត់​សម្រាប់​កូរ៉េ​ខាងត្បូង និង​ជប៉ុន នោះ​គឺ “​ប្រទេស​ទាំង​ពីរ​ក៏​ត្រូវមាន​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​ខ្លួនឯង​ដែរ​” ៕ សូ​យ​ន​

×