ខេត្តស្វាយរៀង ៖ គិតមកដល់ពាក់កណ្តាលឆ្នាំ ២០១៨ នេះ មានអតិថិជនដែលបានដាក់ពាក្យបន្តចរន្តអគ្គិសនីប្រើប្រាស់សរុបមានចំនួន ៣៧.៩២៧នាក់នៅទូទាំងខេត្តហើយក្នុងរយៈពេល១ខែ អតិថិជនប្រើប្រាស់កើនឡើងក្នុងរង្វង់ពី១.៥០០នាក់ទៅ២. ០០០ នាក់ជាលំដាប់បើគិតចាប់ដើមឆ្នាំ២០១៨រហូតមកដល់ចុងខែឧសភាឆ្នាំ២០១៨នេះសាខាអគ្គិសនីកម្ពុជាខេត្តស្វាយរៀងបានតម្លើងត្រង់ស្វូបានជាង៦០ត្រង់ស្វូផងដែរសំរាប់បង្កើនថាមពលអគ្គិសនីដើម្បីបំពេញសេចក្តីតម្រូវការរបស់អតិថិជននៅទូទាំងខេត្តបើតាមការឱ្យដឹងពីសំណាក់មន្ត្រីអគ្គិសនីកម្ពុជាសាខាខេត្តស្វាយរៀងកាលពីពេលថ្មីៗកន្លងទៅនេះ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ៖ ទិសដៅនិងលទ្ធផលនៃការអនុវត្តគំរោងផែនការឆ្នាំ២០១៦បាននឹងកំពុងអនុវត្តក្នុងឆ្នាំ២០១៨ គឺទី១.ដាំបង្គោល MV បានចំនួន១០០% ទី២.ដាំបង្គោល LV បានចំនួន១០០% ទី៣.ខ្សែ MV មុខកាត់ ១×៣៥ mm ការេ អូសបានចំនួន១០០% ទី៤.ខ្សែMV មុខកាត់ ១×៧០ mm ការេ អូសបានចំនួន១០០% ទី៥.ខ្សែ LV មុខកាត់៤×៧០ mm ការេអូសបានចំនួន១០០% ។ ទិសដៅអនុវត្តគឺតម្លើងត្រង់ស្វូរបានចំនួន៣គ្រឿងលើ៨០គ្រឿងស្មើនិង៣.៧៥%និងបន្តជំរុញការងារសម្រាប់ខែបន្ទាប់។
មន្ត្រីខាងលើបានបន្តទៀតថាៈគម្រោងផែនការឆ្នាំ២០១៧ បាននឹឹឹងកំពុងអនុវត្តឆ្នាំ២០១៨គឺការដាំបង្គោលMV បានចំនួន ៤៣១ បង្គោលលើ ៤៧៦ បង្គោលស្មើនឹង៩០.៥៤% ដាំបង្គោល LV បានចំនួន ២.០៨០ បង្គោលលើ ២.១៧៩ បង្គោលស្មើនឹង ៩៥.៤៥% ចំពោះគម្រោងរបស់Jica បាននឹងកំពុងអនុវត្តក្នុងឆ្នាំ២០១៨ គឺបានដាំបង្គោលMV បានចំនួន ៨៥៦បង្គោលលើ ៨៧៧ បង្គោលស្មើនឹង ៩៧.៦០%។
ពាក់ព័ន្ធទៅនឹងការពង្រីកបណ្តាញចែកចាយចរន្តអគ្គិសនីនៅខេត្តស្វាយរៀងនាពេលបច្ចុប្បន្ននេះខាងអគ្គិសនីខេត្តស្វាយរៀងក៍មានបញ្ហាប្រឈមមួយចំនួនផងដែរគឺទី១.ការដាច់ឬញាក់ចរន្តអគ្គិសនីបណ្តាលមកពីការប៉ៈពាល់ដោយសត្វរឺខ្លែង នៅលើខ្សែបញ្ជូនតង់ស្យុងមធ្យម ហើយប្រជាពលរដ្ឋខ្លះមិនអនុញ្ញាតឱ្យកាប់ដើមឈើនៅតាមគន្លងខ្សែបញ្ជូនតង់ស្យុងមធ្យម។
មន្ត្រីដដែលបានសំណូមពរសុំឱ្យអាជ្ញាធរតាមភូមិ-ឃុំ ជួយផ្សព្វផ្សាយ និងសហការពេលដែលអគ្គិសនីស្វាយរៀងចុះកាប់មែកឬដើមឈើនៅតាមគន្លងខ្សែបណ្តាញអគ្គិសនី ព្រមទាំងជួយផ្សព្ធផ្សាយដល់ប្រជាពលរដ្ឋមកដាក់ពាក្យបន្តចរន្តឱ្យបានរួសរាន់នៅពេលដែលអគ្គិសនីស្វាយរៀងផ្សព្ធផ្សាយសេចក្តីជូនដំណឹងចុះទទួលពាក្យបន្តចរន្តថ្មីដល់ភូមិ-ឃុំឬនៅទីតាំងផ្ទាល់របស់ចរន្តអគ្គិសនីស្វាយរៀង។
ដោយឡែកប្រជាពលរដ្ឋនៅឃុំ ស្វាយរំពា និង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ក៍បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយសារនាពេលកន្លងមកពួកគាត់មានការលំបាកដោយសារខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់តែនាពេលបច្ចុប្បន្ននេះអគ្គិសនីខេត្តស្វារៀងបាននិងកំពុងធ្វើការពង្រីកបណ្តាញចរន្តបន្ថែមទៀតពួកគាត់សង្ឃឹមថាខាងអគ្គិសនីនឹងពន្លឿនការងារនេះឱ្យបានឆាប់រហ័សនិងមិនខ្វះអគ្គិសនីប្រើប្រាស់នោះដែរ។
សូមបញ្ជាក់ផងដែរថានាពេលបច្ចប្បន្ននេះមានតំំបន់សេដ្ឋកិច្ចពិសេសចំនួន៨បាននឹងកំពុងដំណើរការក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង១១ក្នុងខេត្តស្វាយរៀងដែលបានបង្កើតឱ្យកូនចៅបងប្អូនប្រជាពលរដ្ឋមានការងារធ្វើដើម្បីបានប្រាក់បៀវត្សចិញ្ចឹមគ្រួសារប្រមាណជិត៦ម៉ឺននាក់ មិនចំណាកស្រុកដោយប្រថុយប្រថាននោះឡើយ នេះបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយសម្តេចតែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ៕ វ៉ៃកូ