ឪពុកម្តាយស្ទើរតែទាំងអស់ សុទ្ធតែមានក្តីភ័យបារម្ភ និងកង្វល់ចិត្តខ្លាំងណាស់ នៅពេលកូនតូចជាទីស្រឡាញ់ កើតជំងឺឈឺថ្កាត់ ដែលបើសិនជាអាចឈឺជំនួសបាន ច្បាស់ជាសុខចិត្តឈឺជំនួសកូនមិនខាន ហើយទន្ទឹមនឹងនោះ តែងខិតខំឱ្យកូនបានញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា ដើម្បីឱ្យកូនបានឆាប់ជាសះស្បើយឡើងវិញទៀតផង។ តែតទៅនេះគឺ ទង្វើ ៦យ៉ាងទៀត ក្នុងការជួយសម្រាល ឬបន្ធូរអាការឈឺថ្កាត់របស់កូន តើមានអ្វីខ្លះនោះ សូមលោកឪពុកអ្នកម្តាយទាំងអស់តាមដាន ដើម្បីទុកជាចំណេះដឹងតទៅ…
១.ឱបកូន និងនៅជិតៗកូន
ព្រោះការឱប និងលួងលោម ពេលកូនមិនស្រួលខ្លួន ឬឈឺថ្កាត់ នឹងធ្វើឱ្យកូនកក់ក្តៅក្នុងចិត្ត មានកម្លាំងចិត្ត រាងកាយនឹងត្រឡប់មកមានកម្លាំងឡើងវិញ ចង់ធ្វើនេះធ្វើនោះ ប្រសើរជាងការបណ្តោយទុកឱ្យកូនគេងក្តៅសន្ធំតែម្នាក់ឯង។ ក្រៅពីនេះការឱបកូន នៅធ្វើឱ្យក្មេងមានអារម្មណ៍ស្ងប់ និងសម្ងំយ៉ាងស្រួល យ៉ាងមិនគួរឱ្យជឿទៀតផង។
២.ធ្វើម្ហូបអាហារ ដែលផ្តល់គុណតម្លៃខាងភោជនាហារខ្ពស់ ឱ្យកូនញ៉ាំ
ពេលឈឺថ្កាត់ ឬមិនស្រួលខ្លួន កូនតែងតែមិនសូវចង់ញ៉ាំអាហារប៉ុន្មានឡើយ ឬញ៉ាំដែរ តែញ៉ាំបានតិច ដូច្នេះម្ហូបអាហារគ្រប់យ៉ាងដែលកូនញ៉ាំបានបន្តិចបន្តួចនៅពេលឈឺថ្កាត់នោះ គួរតែជាអាហារដែលមានគុណប្រយោជន៍ខ្ពស់ ដើម្បីឱ្យរាងកាយបានទទួលកម្លាំងថាមពលច្រើនៗ អាចជាពពួកបបរត្រីក្តៅឧណ្ហៗ ឬពួកទឹកផ្លែឈើច្របាច់ស្រស់ៗ ដែលមានប្រយោជន៍ ជាដើម។
៣.ចេះបញ្ចុះបញ្ចូលចិត្តកូន
ក្មេងដែលមានអាការឈឺថ្កាត់ តែងតែមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំបានតិច ហើយក្មេងខ្លះទៀតមិនចង់ញ៉ាំថ្នាំតែម្តង ឬពិបាកឱ្យញ៉ាំថ្នាំខ្លាំងណាស់ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវចេះបញ្ឆោត លួងលោម ឱ្យកូនបានលេងសប្បាយ ឬធ្វើកិច្ចការងារអ្វីមួយដើម្បីឱ្យកូនភ្លេចខ្លួន ហើយអាស្រ័យឱកាសដែលកូនភ្លេចខ្លួននោះ ក៏បញ្ចុកថ្នាំឱ្យញ៉ាំតែម្តង និងអ្វីដែលសំខាន់នោះ គឺត្រូវឱ្យកូនញ៉ាំថ្នាំ ឱ្យបានទៀងទាត់ពេលវេលា រហូតដល់ជាសះស្បើយ។
៤.ទុកឱ្យកូនគេងលក់ឱ្យបានច្រើនបំផុត
ការគេងលក់ គឺជាការសម្រាកដែលល្អបំផុត ព្រោះវានឹងធ្វើឱ្យរាងកាយរបស់កូន ត្រឡប់មករឹងប៉ឹងឡើងវិញ និងជាពីជំងឺបានលឿនបំផុត។ នៅពេលកូនគេងលក់ ឪពុកម្តាយគួរធ្វើអ្វីគ្រប់យ៉ាងឱ្យស្ងាត់ស្ងៀមបំផុត កុំធ្វើអ្វីដែលជំរុញ និងធ្វើឱ្យកូនភ្ញាក់កណ្តាលទីឱ្យសោះ។ ក្មេងដែលបានគេងលក់ទាំងពេលថ្ងៃ និងពេលយប់ នឹងឆាប់ជាសះស្បើយ ហើយថ្នាំដែលកូនញ៉ាំចូលទៅនោះ នឹងធ្វើការបានលទ្ធផលល្អបំផុត គឺនៅពេលគេងហ្នឹងឯង។
៥.ឱ្យញ៉ាំថ្នាំ ឱ្យបានត្រឹមត្រូវ និងស័ក្តិសមនឹងអាយុរបស់កូន
ឪពុកម្តាយភាគច្រើន ច្រើនតែមិនសូវយល់ពីការឈឺថ្កាត់របស់កូន និងឱ្យកូនញ៉ាំថ្នាំ បែបមិនសូវជាត្រូវតាមវិធីប៉ុន្មានឡើយ។ បើឱ្យកូនញ៉ាំថ្នាំ ត្រូវតាមខ្នាត តាមអាយុ និងទៀងពេល នឹងធ្វើឱ្យកូនកាន់តែឆាប់ជាឡើង និងគ្មានផលប៉ះពាល់ ដែលនឹងធ្វើឱ្យសុខភាពរបស់កូនចុះខ្សោយទៀតផង។
៦.មើលថែទាំកូន តាមដែលគ្រូពេទ្យណែនាំ
ភាគច្រើនលោកគ្រូពេទ្យ នឹងណែនាំឱ្យឪពុកម្តាយមើលថែទាំ ពេលកូនមិនស្រួលខ្លួន ឱ្យបានដិតដល់ ដូចជា ឱ្យញ៉ាំថ្នាំតាមពេលម៉ោងដែលពេទ្យបានប្រាប់ យកក្រណាត់សើមជូតខ្លួនឱ្យកូនពេលកូនក្តៅខ្លួនខ្លាំង និងនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីពិនិត្យអាការយ៉ាងជាប់លាប់ ជាដើម។
ក្មេងគ្រប់រូបត្រូវតែធ្លាប់ឈឺថ្កាត់ទាំងអស់ ដូច្នេះឪពុកម្តាយមិនចាំបាច់មានកង្វល់បារម្ភខ្លាំងពេកទេ គ្រាន់តែត្រូវស្គាល់ពីវិធីមើលថែទាំកូន ព្យាបាលកូន និងចេះសង្កេតមើលអាការឈឺថ្កាត់របស់កូនឱ្យបានល្អ អាការឈឺថ្កាត់ទាំងនោះនឹងជាសះស្បើយទៅវិញយ៉ាងឆាប់រហ័សមិនខាន៕