Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ “បែកគ្នាមួយរយៈ”…អាចមិនមែនអាក្រក់ដូចយើងគិតឡើយ

ការដែលគូស្នេហ៍ ១គូ សម្រេចចិត្តថា នឹងឃ្លាតគ្នាមួយរយៈនោះ វាបង្ហាញឱ្យដឹងថា ច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងរ៉ាំរ៉ៃមកយូរហើយ ទើបឈានមកដល់ដំណើរផ្លូវកែបញ្ហាដោយវិធីនេះ។
នាងខ្ញុំខ្លួនឯង ក៏ធ្លាប់ជួបអំឡុងពេល “បែកគ្នាមួយរយៈ” ក្នុងជីវិតដែរ តែនាងខ្ញុំទទួលយកវាបាន និងសម្លឹងឃើញថា វាជារឿងមួយដែលគូស្នេហ៍ទាំងឡាយ គួរតែត្រូវជួបយ៉ាងតិចឱ្យបាន ១ដង ព្រោះវានឹងមានប្រយោជន៍ក្នុងរយៈពេលវែង ហើយវាប្រហែលជាអាចជួយឆ្លើយនឹងសំណួរជាច្រើន ពាក់ព័ន្ធនឹងសម្ព័ន្ធភាពស្នេហារបស់យើងបានទៀតផង។

តាមរយៈបទពិសោធផ្ទាល់ ដែលនាងខ្ញុំបានជួបប្រទះមក នៅពេលយើងបានសាកល្បងរស់នៅដោយមិនមានរូបគេ សម្រេចចិត្តធ្វើអ្វីមួយដោយមិនមានរូបគេ ទៅណាមកណាដោយមិនមានរូបគេ យើងនឹងបានសិក្សាដឹងពីខ្លួនឯងថា តើយើងទទួលយកសភាពបែបហ្នឹងបានទេ? ហើយវានឹងធ្វើឱ្យយើងទទួលបានចម្លើយថា “ការពិតទៅ តើយើងនៅត្រូវការរូបគេ នៅក្នុងជីវិតទៀតដែរឬទេ?”។
ក្រៅពីនេះ នៅពេលអ្នកទាំង២ រស់នៅឆ្ងាយពីគ្នាហើយ ក៏អាចនឹងបានជួប និងស្គាល់មនុស្សម្នាផ្សេងៗ ឬជួបមនុស្សថ្មីៗ ដែលដើរចូលមកក្នុងជីវិត ឬមានអ្នកខ្លះ ក៏អាចនឹងនៅនឹកបារម្ភថា គូស្នេហ៍របស់ខ្លួន អាចនឹងមានអ្នកផ្សេងចូលមកទំនាក់ទំនង ឬចូលមកសុំស្គាល់ ក៏មានដែរ។
តែ ចំពោះរូបនាងខ្ញុំ នាងខ្ញុំមិនដែលនឹកខ្លាចរឿងនោះឡើយ មិនមែនដោយសារភាពជឿជាក់លើខ្លួនឯងនោះទេ តែនាងខ្ញុំមើលឃើញថា វាជាបទសាកល្បងដ៏ល្អមួយ ដែលនឹងធ្វើឱ្យយើងបានដឹងថា តើយើងស័ក្តិសមជាមួយគេឬទេ? តើយើងល្អគ្រប់គ្រាន់សម្រាប់គេឬទេ?។ បើយើងនៅមិនទាន់ល្អគ្រប់គ្រាន់ គេក៏ប្រហែលទៅមានអ្នកថ្មី វាជាសិទ្ធិរបស់គេ យើងប្រហែលជាទៅបញ្ជា ឬបង្ខំគេមិនបានទេ ព្រោះមនុស្សម្នាក់ៗ តែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ច។
ដូចគ្នានឹងខ្លួនអ្នកដែរ បើមានឱកាសបានជួបអ្នកថ្មីខណៈស្ថិតក្នុងអំឡុងពេល “បែកគ្នាមួយរយៈ” នេះ អ្នកក៏គួរប្រើឱកាសនេះ ដើម្បីពិចារណាមើលឱ្យច្បាស់លាស់ថា តើអ្នកបានត្រៀមខ្លួនស្រេចហើយឬនៅ ក្នុងការបោះបង់ស្នេហ៍ចាស់ចោល ដើម្បីចាប់ផ្ដើមស្នេហ៍ថ្មីដែរឬទេ? ឬក៏អ្នកនៅតែត្រូវការត្រឡប់ទៅរកមនុស្សដដែលរបស់អ្នកវិញ?។

សម្រាប់នាងខ្ញុំវិញ “ការបែកគ្នាមួយរយៈ” ក៏មានភាពសំខាន់ មិនចាញ់ពេលរស់នៅជាមួយគ្នាដែរ ព្រោះនាងខ្ញុំជឿថា វាយើងនឹងធ្វើឱ្យយើងបានដឹងថា តើអ្វីសំខាន់ អ្វីមិនសំខាន់ នៅពេលបានសាកល្បងរស់នៅតែម្នាក់ឯងអស់មួយរយៈរួចមក៕

Young man feeling sad after arguing with his girlfriend on sofa at home.
I’m not happy at all
Young miserable depressed man sitting and thinking
×