ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសព័ត៌មាន តាមជាផ្លូវការតាមហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ថា នឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងចាស់ នាពេលឆាប់ៗខាងមុខ។
ធនាគារជាតិ បានឲ្យដឹងទៀតថា “ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ អគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន”។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញនូវរូបភាព គម្រោងសាងសង់ អគារស្នាក់ការថ្មី និងរូបភាព ពីការវិវត្តន៍អគារស្នាក់ការ ចាប់តាំងពីឆ្នាំ១៩៥៤ មក ដល់បច្ចុប្បន្ន។
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤ ពោលគឺ ១ឆ្នាំក្រោយពីខ្មែរទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។ នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយ កសាងជាតិនៃរបបសង្គមរាស្ត្រ និយម រដ្ឋាភិបាលបានធ្វើការកែទម្រង់ប្រព័ន្ធធនាគារ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃសេដ្ឋកិច្ចជាតិនាសម័យនោះ។
រដ្ឋបាលខ្មែរក្រោមការដឹកនាំរបស់ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បានប្រែក្លាយធនាគារជាតិនៃកម្ពុជា ពីទម្រង់ស្ថាប័នពាក់កណ្តាលស្វយ័ត ទៅជាធនាគាររដ្ឋ ក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម។
ជាការសោកស្ដាយនៅថ្ងៃទី ១៧ មេសា ១៩៧៥ ក្រោយពេលដែលកងកម្លាំងខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញហើយ ធនាគារជាតិនៃកម្ពុជា នាពេលនោះត្រូវបាន គេកម្ទេចចោល និងបញ្ឈប់ទាំងស្រុងនូវ រូបិយវត្ថុប្រាក់រៀលជាតិ ដោយមិនឲ្យចរាចរឡើយ។ រហូតមកដល់ការផុតរលត់ទៅ នៃរបបខ្មៅងងឹតនេះ ទើបធនាគារជាតិនៃកម្ពុជា បានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេស នៅថ្ងៃទី ១០ ខែតុលា ១៩៧៩ ដោយកែប្រែឈ្មោះថា “ធនាគារជាតិ នៃប្រជាជនកម្ពុជា” ។ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន ដែលទើបងើបពីសង្គ្រាមថ្មី។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជា ដែលបាក់បែកនោះ ត្រូវបានគេរុះរើ និងសាងសង់ជាថ្មីឡើងវិញ នៅឆ្នាំ ១៩៩០៕ ដោយ ៖ បញ្ញាស័ក្តិ