ភ្នំពេញ ៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំង១៨៣ ដែលបានបោះឆ្នោតគាំទ្រព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងការបរទេសបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក។
ក្រសួងការបរទេស បានប្រកាស ឲ្យដឹងថា នេះគឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជា ត្រូវបានជ្រើសតាំង កាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើជាអនុប្រធាននៃសម័យប្រជុំ លើទី៧៣ របស់មហាសន្និបាត អង្គការសហប្រជាជាតិ សម្រាប់អណត្តិពីខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩ រួមជាមួយប្រទេសចំនួន១៥ ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងឋានៈជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំ ចូលរួមពិភាក្សានិងផ្តល់យោបល់លើការជម្រុញ ស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌ នៃការរើកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។ ចូលរួមជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ។ ចូលរួមជំរុញដំណោះស្រាយ បញ្ហាសេដ្ឋកិច្ចអន្តរជាតិ សុខាភិបាលសង្គម។ ចូលរួមជំរុញការគោរពជាសកល ចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន៕ ដោយ ៖ បញ្ញាស័ក្តិ